ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសលោកថាក់ស៊ីនរងការចោទប្រកាន់ពីបទលាងលុយខ្មៅគឺជាគម្រោងកម្ចាត់ត្រកូលស៊ីណាវ៉ាត្រា?

អង្គការស្រាវជ្រាវពិសេស របស់ថៃ DSIបានប្រកាសឲ្យដឹងថា កូនប្រុសតែ មួយគត់របស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានរងការចោទ ប្រកាន់ពីបទ លាងលុយខ្មៅ។

សារព័ត៌មានរ៉យទ័របានផ្សាយថា កាលពីថ្ងៃទី១៩ខែតុលា កូនប្រុសអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន លោក Panthongtae Shinawatra បានរងការចោទប្រកាន់ ពីបទទទួលប្រាក់១០លានបាត កាលពីឆ្នាំ ២០០៤ ។ ប្រាក់ទាំងនោះត្រូវបានគេចាត់ទុកថា មានជាប់ពាក់ព័ន្ធនិងអំពើពុករលួយ ក្នុងប្រាក់កម្ចី ស្រពេចស្រពឹលមានរហូត ដល់៩,៩ពាន់លានបាតរបស់ធនាគារ Krungthai នៅពេលដែលលោកថាក់ស៊ីន ស៊ីណាវ៉ាត្រានៅកាន់តំណែងជា នាយក រដ្ឋមន្ត្រីថៃ។

អ្នកនាំពាក្យ DSI លោក Woranan Srilumបានឲ្យដឹងថា កូនប្រុសថាក់ស៊ីន Panthongtae បានចូលទៅកាន់តុលាការ តាមលិខិតកោះហៅ តែត្រូវបានដោះ លែងវិញ ដោយមិនទាន់មានដីកាចាប់ ខ្លួន។

សារព័ត៌មានរ៉យទ័របានដកស្រង់ សម្តីលោក Woranan បញ្ជាក់ថា កូនប្រុស លោកថាក់ស៊ីន អាចកំពុងរៀបចំឯកសារ ការពារខ្លួន ក្នុងពេលដែលក្រុម DSI អាច លើកករណីខាងលើឡើងទៅកាន់តុលាការ ព្រហ្មទណ្ឌ។

កាលពីខែ កញ្ញាកន្លងមកតុលាការថៃ បានសម្រេចកាត់ទោស អតីតនាយករដ្ឋ មន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រា ប្អូនស្រី លោកថាក់ស៊ីន ជាប់ពន្ធនាគារ៥ឆ្នាំពីបទ ធ្វេសប្រហែសក្នុងកម្មវិធីជំនួយតម្លៃស្រូវ អង្ករ ក្នុងអំឡុងពេលលោកស្រីកាន់ តំណែង ធ្វើឲ្យរដ្ឋខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារ។

តាមការ ផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ក្រុមអ្នកគាំទ្រ ត្រកូលស៊ីណាវ៉ាត្រា បានបញ្ជាក់ថា សកម្មភាពតាមផ្លូវច្បាប់ របស់រដ្ឋាភិបាលថៃ គឺជាការខិតខំដើម្បី កម្ចាត់ត្រកូលស៊ីណាវ៉ាត្រា ចេញពីនយោ បាយថៃជារៀងរហូត។

កន្លងមកកូនប្រុសរបស់អតីតនាយក រដ្ឋមន្ត្រីថាក់ស៊ីនត្រូវបានគេចាត់ទុកថា ជាអ្នកស្នងតំណែង ត្រកូលស៊ីណាវ៉ាត្រា បន្តនយោបាយនៅក្នុងប្រទេស ថៃ ក្នុង ពេលដែលពលរដ្ឋថៃភាកច្រើន នៅតាម​តំបន់ជនបទ នៅតែបន្តគាំទ្រ ដល់ការដឹកនាំរបស់ត្រកូលសីុណាវ៉ាត្រាដដែល បើ ទោះបីអ្នកណាដឹកនាំក៏ដោយ។ ការគាំទ្រច្រើនដោយសារតែការដឹកនាំរបស់ត្រកូលស៊ីណាវ៉ាត្រាបានគិតគូរច្រើនដល់ពលរដ្ឋក្រីក្រ ប្រកបរបរកសិកម្ម ស្រែចម្ការ។

ក្រុមអ្នកអង្កេតការណ៍ និងប្រភពព័ត៌មានជាច្រើនបានលើកឡើងថា សមាជិកនៅ ក្នុងគ្រួសារត្រកូលស៊ីណាវ៉ាត្រាទាំងអស់ ដែលចង់ចូលរួមក្នុងឆាកនយោបាយគឺចាំបាច់ត្រូវតែមានការឯកភាព ពីលោកថាក់ ស៊ីន ស៊ីណាវ៉ាត្រា ដែលជារៀមច្បង កំពុង រស់នៅក្រៅប្រទេស ជាបុគ្គលមានឥទ្ធិពល បំផុត ក្នុងឆាកនយោបាយថៃ ។ តាមការ លើកឡើងរបស់អ្នកឯកទេស លោកថាក់​ស៊ីន អាចនឹងបណ្តុះបណ្តាលឲ្យកូនប្រុស ឬក៏ប្អូនស្រីរបស់លោកបន្ថែមទៀត ក្រៅពី លោកស្រីយីងឡាក់ ដើម្បីឲ្យក្លាយជាអ្នកនយោបាយឆ្នើមនៅក្នុងត្រកូលស៊ីណាវ៉ា​ត្រា។

បច្ចុប្បន្នលោកថាក់ស៊ីនមាន កូនប្រុស ម្នាក់ឈ្មោះ Panthongtae Shinawatra អាយុ៣៧ឆ្នាំ កើតនៅអាមេរិក ជាកូនប្រុសតែមួយគត់របស់លោក ។ តាំងពីដើមមក លោកថាក់ស៊ីនមានបំណងចង់ឲ្យកូនចូលក្នុងឆាកនយោបាយ ដោយ មិនឲ្យកូនគ្រប់គ្រងក្រុមហ៊ុនណាមួយនោះឡើយរបស់ត្រកូលស៊ីណាវ៉ាត្រា ។ ផ្ទុយ ទៅវិញ លោកបែរជាឲ្យកូន ទទួលបន្ទុក ប្រព័ន្ធផ្សព្វផ្សាយកិច្ចការបរទេសរបស់ អង្គការ សង្គម និងក្រុមនយោបាយដូចជាគណបក្សភឿថៃជាដើម ។ មិនតែប៉ុណ្ណោះ លោក Panthongtae Shinawatra ក៏បាន គ្រប់គ្រង បណ្តាញទូរទស្សន៍ Voice TV ដែលរដ្ឋាភិបាលបច្ចុប្បន្នចាត់ទុកថា ជាទី តាំងបង្កឲ្យមានអសន្តិសុខ ។ បើទោះបី ពលរដ្ឋ បានបង្ហាញពីទំនុកចិត្ត ទៅលើការដឹកនាំបន្តវេនរបស់កូនប្រុសលោកថាក់ស៊ីនក្តី ប៉ុន្តែ មកទលពេលនេះ លោក Panthongtae Shinawatra មិនទាន់បង្ហាញ ពីឆន្ទៈនយោបាយ របស់ខ្លួននៅឡើយ។

NKD-36x6_outline

នៅពេលនេះ លោកថាក់ស៊ីនអាច សំដៅទៅលើប្អូនស្រីបន្ទាប់របស់ខ្លួន។ កាលពីខែកក្កដា កន្លងមក មានព័ត៌មាន បែកធ្លាយថា លោកស្រី Monthathip Kovitcharoenkul មានរហស្សនាមថា Yaowaman Shinawatra បានកាន់តំណែង ប្រធានគណបក្ស ភឿថៃ ដើម្បីឆ្ពោះទៅ រកការបោះឆ្នោត នាយករដ្ឋមន្ត្រីនៅឆ្នាំ ២០១៨។ ប៉ុន្តែ ផ្ទាល់ខ្លួនលោកស្រី Monthathip Kovitcharoenkul ធ្លាប់បាន ប្រកាសជាច្រើនលើកមកថា លោកស្រីនឹង មិនចូលរួម ក្នុងឆាកនយោបាយឡើយ ហើយលោកស្រីនឹងមិនចូលរួមប្រកួត ប្រជែង នៅក្នុងការបោះឆ្នោត ដូចពាក្យ ចចាមអារ៉ាមនោះឡើយ។ បច្ចុប្បន្នលោក ស្រី ធ្វើមុខជំនួញនៅក្នុងវិស័យទូរគមនា គមន៍ ។

តាមអ្នកឯកទេស បុគ្គលដែលលេច ធ្លោជាងគេបំផុត នៅក្នុងត្រកូលស៊ីណា វ៉ាត្រា និងជាការចាប់អារម្មណ៍បំផុតរបស់លោកថាក់ស៊ីន សម្រាប់បន្តនយោបាយ របស់ត្រកូលស៊ីណាវ៉ាត្រា គឺ ប្អូនស្រីឈ្មោះ Yaowapha ភរិយារបស់អតីតនាយក រដ្ឋមន្ត្រី Somchai Wongsawat ។ លោកស្រីមានអាយុ៦២ឆ្នាំត្រូវបានគេវាយតម្លៃថា ជាអ្នកនយោបាយពិតប្រាកដ ដោយលោកស្រីមានទស្សនៈនយោបាយមិនចាញ់បងប្រុស ថាក់ស៊ីននោះឡើយ ។លោកស្រីធ្លាប់កាន់តំណែងជាតំណាងរាស្ត្រ នៅក្នុងទីក្រុងឈាងម៉ៃ។ ប្រភពព័ត៌មាន បានឲ្យដឹងថា ប្រសិនបើលោកស្រីមិនត្រូវបានហាមប្រាមឲ្យប្រឡូកនៅក្នុងឆាកនយោបាយ កាលពីឆ្នាំ២០០៨នោះ លោក ស្រីនឹងក្លាយជា នាយករដ្ឋមន្ត្រី ទី២៨ នៅក្នុងប្រទេសថៃ មិនម៉ែនលោកស្រី យីងឡាក់នោះឡើយ។ នៅពេលនោះ លោកស្រីត្រូវបានហាមប្រាមចូលរួមនៅ ក្នុងឆាក់នយោបាយរយៈពេល៥ឆ្នាំ ។ ក្រោយបញ្ចប់ការហាមប្រាម លោកស្រី បានបន្តចូលរួមបោះឆ្នោត តំណាងរាស្ត្រ ហើយបន្តទទួលបានជ័យជម្នះនៅក្នុងក្រុងឈៀងមៃ៉ ជាបន្តទៀតនៅឆ្នាំ២០១៣។ កន្លងមក លោកស្រីមិនបានចូលរួមនៅក្នុងគណៈរដ្ឋមន្ត្រី ដឹកនាំរបស់បងប្រុសថាក់ ស៊ីន ក៏ដូចជារដ្ឋាភិបាលរបស់ប្អូនស្រីយីងឡាក់នោះឡើយ ។ប៉ុន្តែ លោកស្រី Yaowapha មានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុង គណបក្សភឿថៃ។ មិនត្រឹមតែប៉ុណ្ណោះ មានព័ត៌មានថាលោកស្រី Yaowapha គឺ ជាអ្នកដឹកនាំ ប្រទេសនៅពីក្រោយរដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ទៀតផង។

លោកថាក់ស៊ីនពិតជាមានការគិតគូរយ៉ាងល្អិតល្អន់ ក្នុងនយោបាយ លោក មិនឲ្យត្រកូលស៊ីណាវ៉ាត្រា ត្រូវ បាត់បង់ នោះឡើយ ។ ជាក់ស្តែង ពេលលោក ថាក់ស៊ីនដឹកនាំប្រទេស លោកមិនឲ្យប្អូនៗ របស់លោក កាន់តំណែងក្នុងឆាកនយោ បាយឡើយ ខ្លាចត្រូវក្រុមអភិរក្សនិយម ផ្តួលរំលំម្តងគឺផុតពូជ ។ នៅពេលនេះ លោកបញ្ចេញម្តងម្នាក់ៗ នៅក្នុងការដឹក នាំប្រទេសថៃ បន្តពីលោក ។ លោកថាក់ ស៊ីន បានកសាង កេរ្តិ៍ឈ្មោះទុកឲ្យប្អូនៗ មិន ថាប្អូនថ្លៃឬប្អូនបង្កើតនោះឡើយ ឲ្យតែឈរឈ្មោះបោះឆ្នោតដោយយុត្តិធម៌និង ទទួល បាន ការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋថៃ ដូចជាការបោះឆ្នោត របស់អតីតនាយក រដ្ឋមន្ត្រីយី ងឡាក់ជាដើម៕ ម៉ែវ សាធី

កូនប្រុសអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន លោក Panthongtae Shinawatra