ព័ត៌មានទាន់ហេតុការណ៍៖

កូនផ្សោតមួយក្បាលងាប់នៅជិតតំបន់សហគមន៍អេកូទេសចរណ៍ព្រះរំកិល

ខេត្តស្ទឹងត្រែង៖ កូនផ្សោតមួយក្បាល ដែលជាប្រភេទសត្វកម្រត្រូវបានសហគម​ន៍ អេកូទេសចរណ៍ ឃុំព្រះរំកិលប្រទះឃើញងាប់អណ្តែតទឹកក្នុងដងទន្លេមេគង្គកាលពីល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ជាប់ទើរ​នឹងដើមឈើ ត្រង់ចំណុចកន្ទុយ កោះល្ង ស្ថិតក្នុងភូមិអន្លង់ឈើទាល ឃុំ ព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹង ត្រែង ។

លោក ផយ វណ្ណាប្រធានសហគមន៍អេកូទេសចរណ៍ព្រះរំកិលបានឱ្យដឹងថាកូនផ្សោតនេះ មានទម្ងន់៩គីឡូក្រាម ហើយ ការងាប់របស់កូនផ្សោតនេះ យើងមិនទាន់ ដឹងពីមូលហេតុនោះទេ តែតាមការសន្និ ដ្ឋានកូនផ្សោតនេះ អាចកើតមកងាប់តែ ម្តងព្រោះវានៅតូចពេក ។

លោកថា ក្រោយពីបាននាំយកត្រីផ្សោត នេះមករក្សាទុកក្រុមការងារបានទាក់ទងទៅខាងអង្គការ W W S រកអ្នកបច្ចេកទេស មកពិនិត្យដើម្បីឲ្យដឹងច្បាស់ងាយស្រួលយើងនាំគ្នារិះរកយុទ្ធវិធីការពារបើមានកូនលើកក្រោយៗទៀត ។

លោកទំ​ នីរ៉ូ ប្រធានខណ្ឌជលផលស្ទឹង ត្រែងបានបញ្ជាក់ថា ការងាប់របស់​កូនត្រី​ផ្សោតនេះអាចសន្និដ្ឋានថា បណ្តាលមកពីបញ្ហាសុខភាពច្រើនជាងព្រោះវានៅតូច និងករណីមួយទៀតអាចរងផលប៉ះពាល់ពីការរំខានក្នុងការសាងសង់ទំនប់វារីអគ្គិសនី នៅខាងលើអន្លង់ផ្សោតនេះដែលមាន ចម្ងាយតែ៥០០ម៉ែត្រតែប៉ុណ្ណោះ ។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរ ទេសចរណ៍ខេត្តបានបញ្ជាក់ថា សត្វផ្សោតនៅក្នុងប្រទេសកម្ពុជាមានតែនៅខេត្ត ក្រចេះនិងខេត្តស្ទឹងត្រែង និងមានចំនួន៩ អន្លង់ រហូតដល់ព្រំដែនឡាវសរុប៨០ ក្បាល រាប់តែផ្សោតមេនិងផ្សោតឈ្មោល ធំៗមិនរាប់បញ្ចូលកូនផ្សោតទើបនឹងកើតនិងផ្សោតជំទង់នោះទេ ។

លោកបន្តថាអត្រាស្លាប់របស់សត្វផ្សោតមានការថយចុះច្រើនដែលនៅក្នុងឆ្នាំ ២០១៥ សត្វផ្សោតងាប់ចំនួន៩ក្បាល ក្នុងឆ្នាំ២០១៦ងាប់៦ក្បាល ឆ្នាំ២០១៧ ងាប់២ក្បាលនិងនៅឆ្នាំ២០១៨នេះត្រូវ បានគេប្រទះឃើញកូនផ្សោតមួយក្បាលងាប់នៅចំណុចខាងលើ ។

សូមបញ្ជាក់ថា កូនផ្សោតមួយក្បាល ដែលងាប់មិនដឹងពីមូលហេតុនេះត្រូវ បានប្រធានសហគមន៍ព្រះរំកិលយកទៅ ក្លាសេទុក និងបានប្រគល់ទៅឱ្យអង្គការ WWF យកទៅពិនិត្យមើលពីមូលហេតុនៃការងាប់របស់កូនផ្សោតមួយក្បាលនេះ៕ ហេង សូរិយា