ព័ត៌មានទាន់ហេតុការណ៍៖

កូនស្រីខ្មែរអ្នកក្រុងសួងម្នាក់ក្លាយជាម្ចាស់ជ័យលាភីជើងឯកកីឡាស្នូកឃ័រប្រចាំនៅកូរ៉េខាងត្បូងពីរឆ្នាំជាប់គ្នា

ប្រទេសកូរ៉េខាងត្បូង៖ កូនស្រីខ្មែរអ្នកក្រុងសួងម្នាក់ ដែលបានរៀបការស្វាមីកូរ៉េ ហើយបានក្លាយជាម្ចាស់ជ័យលាភីជើងឯកកីឡាស្នូកឃ័រប្រចាំប្រទេសកូរ៉េខាងត្បូងពីរឆ្នាំជាប់គ្នា ២០១៦-២០១៧ និងជាIdol(និមិត្តរូប) សម្រាប់នារីខ្មែរដែលមករស់នៅលើទឹកដីកូរ៉េក្នុងភាពអំណត់តស៊ូ ព្យាយាម និងជំនះឧបសគ្គ ដើម្បីជីវិតទទួលបានជោគជ័យ។

ចាប់តាំងពីរៀនលេងកីឡាស្នូកឃ័រតាមរយៈស្វាមី មកទល់បច្ចុប្បន្ន និងដោយមានការឧបត្ថមគាំទ្រយ៉ាងពេញទំហឹងពីស្វាមី ប្អូនស្រីសួង ភាវី បានទទួលពានរង្វាន់ចំនួន ៣៣ ពាន ក្នុងនោះបានទទួលជ័យលាភីចំណាត់ថ្នាក់លេខ ១ ចំនួន ១០ដង លេខ ២ ចំនួន ១០ដង ។

អ្វីដែលជារឿងគួរឲ្យមោទនៈ និងគួរឲ្យកោតសរសើរចំពោះ ភាវី នោះគឺសុខចិត្តមិនចូលជាសញ្ជាតិកូរ៉េ ដោយមូលហេតុតែមួយគត់គឺចង់នាំកិត្យានុភាពជាតិឲ្យកម្ពុជា និងតំណាងកម្ពុជាក្នុងការប្រកួតលើឆាកអន្ដរជាតិផ្សេងៗ៕