ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងស្នើដល់កូរ៉េខាងត្បូងឲ្យឈប់ធ្វើសមយុទ្ធជាមួយអាមេរិក

កាលពីថ្ងៃទី១១ខែមករាកូរ៉េខាងជើង បានអំពាវនាវដល់កូរ៉េខាងត្បូង ឲ្យផ្អាកសកម្មភាពធ្វើសមយុទ្ធរួមជាមួយអាមេរិក ដោយកូរ៉េខាងជើង ចាត់ទុកថាសមយុទ្ធ នោះ ជាមូលហេតុចម្បង បង្កឲ្យមានភាពតានតឹងនៅក្នុងតំបន់។

សារព័ត៌មាន Rodong Sinmun បាន ផ្សាយថា ប្រសិនបើរដ្ឋាភិបាលកូរ៉េខាង ត្បូង មានបំណងផ្សះផ្សា និងចង់បាន សន្តិភាព ដំបូងគឺទីក្រុងសេអូលចាំបាច់ត្រូវតែ ឈប់ធ្វើសមយុទ្ធជាមួយអាមេរិក ដែលមានគោលដៅប្រឆាំងកូរ៉េខាងជើង។ ការប្រកាសខាងលើ ក្រោយពេលដែល មានជំនួបពិភាក្សាគ្នារវាង មន្ត្រីកូរ៉េខាង ជើង និងខាងត្បូងជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំកន្លងមក។

សារព័ត៌មានកូរ៉េខាងជើង បានផ្សាយ ថា ការបញ្ជូនអាវុធ មកកាន់កូរ៉េខាងត្បូង និងការធ្វើសមយុទ្ធរួមជាទ្រង់ទ្រាយធំ ដោយមានយុទ្ធសាស្ត្រវាយប្រហារ គ្រប់គ្រងកូរ៉េខាងជើង គឺជាមូលហេតុ បណ្តាលឲ្យមានភាពតានតឹងកើតឡើង ជំរុញឲ្យឧបទ្វីបកូរ៉េឈានដល់ដំណាក់ កាលគ្រោះថ្នាក់បំផុត។ ការប៉ុនប៉ងវាយ ប្រហារកូរ៉េខាងជើង ក៏ជាហេតុផល ជំរុញ ឲ្យទីក្រុងព្យុងយ៉ាង បង្កើនសកម្មភាព ការពារខ្លួន ដោយផលិតបរមាណូសម្រាប់ទប់ទល់ជាមួយអាមេរិក។

នៅក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី ៩ខែ មករាកន្លងទៅ ប្រធានគណៈប្រតិភូកូរ៉េ ខាងជើង បានបញ្ជាក់ថា បរមាណូរបស់ទីក្រុងព្យុងយ៉ាងគឺសម្រាប់តែអាមេរិក ប៉ុណ្ណោះ មិនសម្រាប់កូរ៉េខាងត្បូង ឬប្រទេស នៅក្នុងតំបន់នោះឡើយ។

ពាក់ព័ន្ធនឹងកិច្ចពិភាក្សានាពេលកន្លងមកប្រធានាធិបតីកូរ៉េខាងត្បូងអរគុណលោកត្រាំដែលបានជួយឱ្យមានជំនួប ចរចាជាមួយកូរ៉េខាងជើង។កិច្ចចរចារវាងបងប្អូនជាគូសត្រូវនឹងគ្នា កូរ៉េខាងជើង-ខាងត្បូង កំពុងចាប់ផ្តើម ! ប៉ុន្តែព្យុងយ៉ាងនឹងទទួលទណ្ឌកម្មកាន់តែធ្ងន់បន្ថែមទៀត បើហ៊ានផ្គើនសាកល្បងនុយក្លេអ៊ែរថ្មីទៀតនោះ។ នេះជាប្រសាសន៍របស់លោកប្រធានាធិបតីកូរ៉េខាងត្បូង ដែលបានអះអាង នៅថ្ងៃពុធមុននេះថា កិច្ចចរចារវាងកូរ៉េ ខាងត្បូង នឹងកូរ៉េខាងជើងអាចធ្វើទៅបាន គឺដោយសារតែបានលោកដូណាល់ ត្រាំ ជួយដាក់សម្ពាធលើរបបព្យុងយ៉ាង។

បន្ទាប់ពីមានភាពតានតឹងខ្លាំងអស់រាប់ខែជុំវិញការសាកល្បងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់ព្យុងយ៉ាងមក កិច្ចចរចាផ្លូវការអន្តរកូរ៉េ ដែលបានកាត់ ផ្តាច់តាំងពីខែធ្នូ ឆ្នាំ២០១៥មក បានចាប់ ផ្តើមឡើងវិញ នៅថ្ងៃអង្គារ កន្លងមកនេះហើយប្រទេសទាំងពីរបានព្រមព្រៀងពិភាក្សាគ្នា ជាបន្តបន្ទាប់ទៀត រាប់ទាំងវិស័យ ការពារជាតិផង។

នៅក្នុងសុន្ទរកថា ជូនពរឆ្នាំថ្មីដល់ ប្រជាពលរដ្ឋ លោកប្រធានាធិបតីកូរ៉េ ខាងត្បូង មូន ជេអុីន បានឆ្លៀតលើកសរសើរនិងសម្តែងការដឹងគុណចំពោះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយ ចំៗផង។ សម្រាប់លោក មូន ជេអុីន កិច្ច ចរចារវាងកូរ៉េខាងជើងនឹងកូរ៉េខាងត្បូងនេះ អាចកើតចេញជារូបរាងបាន ក៏ដោយសារតែមានសម្ពាធពីអាមេរិកលើព្យុងយ៉ាង។

ទាក់ទងនឹងដំណើរការកិច្ចចរចាវិញ លោកប្រធានាធិបតីបានប្រកាសថា មាន ការជឿនលឿនទៅមុខល្អ ! តែជំហររបស់ សេអ៊ូលនៅដដែល ! ការរំសាយអាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េនៅតែជាកម្មវត្ថុ ដែលមិនអាចបោះបង់ចោលបានទេ ព្រោះជាផ្លូវតែមួយគត់ដែលនាំដល់សន្តិភាព។ ដោយគ្មានឆន្ទៈចង់បង្រួមបង្រួមកូរ៉េទាំងពីរភ្លាមៗ លោកប្រធានាធិបតី មូន ជេអុីន សង្ឃឹមចង់ដោះស្រាយវិបត្តិនុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើងឱ្យបានមុនដាច់អាណត្តិ ! ហើយក្នុងពេលរង់ចាំនិងចរចា ទណ្ឌកម្មដាក់លើរបបព្យុងយ៉ាងត្រូវតែរក្សាទុក ដដែល។

ជាចុងក្រោយលោក មូន ជេអុីន បានប្រកាសត្រៀមខ្លួនបើកជំនួបកំពូលជាមួយនឹងលោកគីម ជុងអ៊ុន ប្រមុខដឹកនាំកូរ៉េខាង ជើងផង ប្រសិនបើមានលក្ខខណ្ឌគ្រប់គ្រាន់៕ ម៉ែវ សាធី