ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងស្នើឲ្យបារាំងបោះបង់អាវុធបរមាណូ

កូរ៉េខាងជើង បានស្នើឲ្យប្រទេសបារាំង បោះបង់អាវុធបរមាណូមុនគេដើម្បីធ្វើជា គំរូ ដោយសារតែបារាំងមិនអាចទទួលយកការគំរាមកំហែងដោយបរមាណូពីប្រទេសដទៃបាន។

មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងការបរទេស កូរ៉េខាងជើងបានរិះគន់ ដល់គោលជំហរ របស់បារាំង ចំពោះការសាកល្បងគ្រាប់ បែកបរមាណូរបស់កូរ៉េខាងជើង ហើយ បានអំពាវនាវដល់បារាំងឲ្យបោះបង់អាវុធបរមាណូ ដើម្បីធ្វើជាគំរូដល់ប្រទេសផ្សេងទៀត។

មានប្រសាសន៍នៅទីក្រុងព្យុងយ៉ាងលោក Ri Tok Son មន្ត្រីការបរទេសកូរ៉េ ខាងជើង ទទួលបន្ទុកអឺរ៉ុបបានប្រកាសថា ការប្រកាសថ្កោលទោសកាលពីពេលថ្មីៗ របស់ថ្នាក់ដឹកនាំបារាំងពាក់ព័ន្ធនឹងការ សាកល្បងបរមាណូរបស់កូរ៉េខាងជើង ដោយជោគជ័យសម្រាប់បំពាក់នៅលើ កាំជ្រួចមីស៊ីលឆ្លងទ្វីបគឺ«ជារឿងអស់ សំណើច» ពីព្រោះអាវុធបរមាណូរបស់ កូរ៉េខាងជើង គឺសំដៅទៅលើអាមេរិកដែលគំរាមកំហែងដល់កូរ៉េខាងជើង មិនបាន សំដៅទៅអឺរ៉ុបនោះឡើយ។

ក្រៅពីនេះមន្ត្រីការបរទេសកូរ៉េខាង ជើងបានតបតទៅបារាំងវិញថា ប្រសិន បើគ្រាប់បែកបរមាណូគឺជារឿងអាក្រក់នោះបារាំងចាំបាច់ត្រូវតែធ្វើជាគំរូ បោះបង់ អាវុធបរមាណូចោលមុនគេ ដោយបារាំង មិនអាចទ្រាំបាននូវការគំរាមកំហែងដោយបរមាណូពីកូរ៉េខាងជើង។

សកម្មភាពខាងលើរបស់កូរ៉េខាងជើង កើតឡើងក្រោយពេលដែលមេដឹកនាំ បារាំង បានប្រតិកម្មទៅលើការសាកល្បងគ្រាប់បែកបរមាណូរបស់កូរ៉េខាងជើង ថា ជាការគំរាមកំហែង ។

កន្លងមកប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវដល់ អង្គការសហប្រជាជាតិមានប្រតិកម្មឲ្យបានឆាប់បំផុត ទៅលើសកម្មភាពសាកល្បងគ្រាប់បែកបរមាណូរបស់កូរ៉េខាងជើង។ លើសពីនេះទៅទៀតលោកក៏បានស្នើដល់សហគមន៍អឺរ៉ុប ត្រូវតែមានជំហរច្បាស់ លាស់ និងតឹងតែងទៅលើកូរ៉េខាងជើង។

កន្លងមកសារព័ត៌មានបារាំងបានផ្សាយ ថា បញ្ហាកូរ៉េខាងជើងគឺជាប្រធានបទអាទិភាពនាំមុខនៅក្នុងកិច្ចពិភាក្សារបស់មន្ត្រីការបរទេសបារាំងនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ នាថ្ងៃទី១២ ខែកញ្ញា នៅ ទីក្រុងញូវយ៉ក។ បារាំង និងអាមេរិកនឹង ជំរុញឲ្យអង្គការសហប្រជាជាតិ អនុម័ត ដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើង។

NKD-36x6_outline

បារាំងយល់ថា នុយក្លេអ៊ែរកូរ៉េខាងជើងគំរាមមិនត្រឹមតែស្ថិរភាពសន្តិសុខតំបន់ទេ គឺគំរាមរហូតដល់ទៅទ្វីបអឺរ៉ុបទៀតផង។ នេះដោយសារតែកូរ៉េខាងជើងនៅតែបន្តបាញ់មីស៊ីលបាលីស្ទីក បំពានសេចក្តី សម្រេចរបស់អង្គការសហប្រជាជាតិ។ ពិសេសការសាកល្បងនុយក្លេអ៊ែរកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បូករួមទាំងការបាញ់មីស៊ីលរំលងទឹកដីជប៉ុនកាលពីពេលថ្មីៗនេះផង។

ម្ល៉ោះហើយ ទើបប្រធានាធិបតីបារាំង យល់ស្របតាមគំនិតរបស់លោក ដូណាល់ ត្រាំ និងលោក សុីនហ្សូ អាបេ ដែលចង់ បន្ថែមទណ្ឌកម្មលើកូរ៉េខាងជើងឲ្យកាន់តែធ្ងន់ថែមទៀត។ ម្សិលមិញនេះ លោក ម៉ា ក្រុង បាននិយាយជាមួយលោក ត្រាំ និង លោក អាបេ ពីភាពចាំបាច់រួបរួមគ្នា ដើម្បីបញ្ចេញប្រតិកម្មតបទៅកូរ៉េខាងជើង។ ប្រហែលដោយសារតែបារម្ភរឿងសន្តិសុខអឺរ៉ុបនេះហើយ ទើបលោក ម៉ាក្រុង សុំឲ្យ សហភាពអឺរ៉ុបគិតគូររឿង កូរ៉េខាងជើង។ លោក ម៉ាក្រុង ថែមទាំងចេញមុខអះអាង បង្ហាញសាមគ្គីភាពរវាងបារាំងជាមួយ នឹង ជប៉ុនទៀតផង។

កូរ៉េខាងជើងមិនសប្បាយចិត្តទេ ដែលឮសម្ដីរដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់អុីវ ឡឺឌ្រីយ៉ង់ លើកឡើងរហូតថា កូរ៉េខាងជើងអាចមានសមត្ថភាពវាយប្រហារ ដល់អឺរ៉ុប គំរាមទ្វីបអឺរ៉ុប។ រឿងរ៉ាវគឺរវាងតែកូរ៉េខាងជើងជាមួយអាមេរិក ហេតុអ្វីបានជាបារាំងចេះមកចេញមុខលូកលាន់ឲ្យ បញ្ហារាលដាលដល់អឺរ៉ុបដែរ? ម្សិលមិញ នេះ លោក រី តុកសុន ធ្វើការខាងនាយក ដ្ឋានអឺរ៉ុប នៅក្រសួងការបរទេសកូរ៉េខាង ជើងបាន រិះគន់បារាំងថា “មេដឺកនាំបារាំងគិតតែនាំគ្នាប្រកាសអាសន្ន មិនសមហេតុ ផល ទាក់ទងរឿងគ្រាប់បែកអុីដ្រូហ្សែន របស់កូរ៉េខាងជើង។ បើអាវុធនុយក្លេអ៊ែរ មិនល្អ អ៊ីចឹងបារាំងត្រូវបោះបង់អាវុធនុយក្លេអ៊ែរដែរទៅ បើបារាំងមិនទទួលការគំរាមពីអ្នកណាផងនោះ”៕ ម៉ែវ សាធី