ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

កូរ៉េខាងត្បូងនិងចិន បញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់កូរ៉េខាងជើងពិភាក្សាលើបញ្ហាសំខាន់ និងចូលរួមខួប៧០ឆ្នាំថ្ងៃបង្កើតបក្សពលករ

ចែករំលែក៖

នៅពេលនេះមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូង និងចិនបានអញ្ជើញទៅកាន់កូរ៉េខាងជើងដើម្បីជួបពិភាក្សា លើបញ្ហាសំខាន់ៗ នៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ ។ សម្រាប់កូរ៉េខាងត្បូងគឺជាកិច្ចពិភាក្សាដើម្បីរៀបចំដំណើរទស្សនកិច្ចជាផ្លូវការលើក ដំបូងរបស់មេដឹកនាំកូរ៉េខាងត្បូង ទៅកាន់ ទីក្រុងព្យុងយ៉ាង។

សម្រាប់ចិនវិញការបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់កូរ៉េខាងខាងជើងនេះគឺដើម្បីចូល រួមខួប៧០ឆ្នាំថ្ងៃបង្កើតបក្សពលករ កូរ៉េ ខាងជើង ដែលនឹងប្រារព្ធនៅថ្ងៃទី៩ ខែ កញ្ញាខាងមុខ ។ ពេលដំបូងមានព័ត៌មាន ផ្សាយថា ប្រធានាធិបតីចិន លោកស៊ី ជីនពីងនឹងទៅចូលរួមនៅក្នុងពិធីដង្ហែក្បួន ព្យុហយាត្រាជាទ្រង់ទ្រាយធំនេះ។ ប៉ុន្តែការបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅចូលរួមនេះ ជាការ បញ្ជាក់ថា លោកស៊ី ជីនពីងមិនបានទៅកាន់កូរ៉េខាងជើងនោះឡើយ។

នៅពេលនេះ ប្រតិភូពិសេសរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងហើយ នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះ ដើម្បីពិភាក្សាការងារជាមួយក្រុមមន្ត្រីកូរ៉េខាងជើង ពាក់ព័ន្ធនឹងកាលបរិច្ឆេទ និង របៀបវារៈសម្រាប់ជំនួបកំពូល រវាងលោក មូន និងលោក គីម ។

យន្ដហោះដឹកក្រុមប្រតិភូកូរ៉េខាងត្បូងមានសមាជិក៥រូប ដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិរបស់លោក មូន គឺលោក Chung Eui-yong បានចាកចេញពីអាកាសយានដ្ឋានមួយនៅក្រៅទីក្រុងសេអ៊ូលនៅវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី៥ ខែ កញ្ញា (ម៉ោងនៅក្នុងតំបន់) ហើយគ្រោង នឹងត្រឡប់មកកាន់ទីក្រុងសេអ៊ូលវិញ នៅ យប់ថ្ងៃដដែល។

គួរបញ្ជាក់ថា បើតាមការគ្រោងទុក លោក Chung Eui-yong នឹងត្រូវពិភាក្សាការងារជាមួយក្រុមមន្ត្រីកូរ៉េខាងជើង ស្ដីពី កាលបរិច្ឆេទ និងរបៀបវារៈសម្រាប់កិច្ច ប្រជុំលើកទីបីរវាងលោក គីម និងលោក មូន ដែលបានព្រមព្រៀងគ្នាថានឹងរៀបចំឡើងនៅមុនដំណាច់ខែកញ្ញានេះ។

ដោយឡែក រដ្ឋាភិបាលចិន បានបញ្ជូន គណៈប្រតិភូដឹកនាំដោយ ប្រធានរដ្ឋសភា និងជាមនុស្សសំខាន់ទី៣នៃគណៈអចិន្ត្រៃយ៍របស់ការិយាល័យនយោបាយចិន នឹងធ្វើ ដំណើរ ទៅទីក្រុងព្យុងយ៉ាង នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ដើម្បី ចូលរួមក្នុងពិធីប្រារព្ធខួប៧០ឆ្នាំ នៃការបង្កើតស្ថាបនាប្រទេស កូរ៉េខាងជើង។ ការផ្សព្វផ្សាយ របស់ទីភ្នាក់ ងារព័ត៌មានចិនថ្មី នៅថ្ងៃអង្គារទី៤ ខែកញ្ញា បានបិទបញ្ចប់ពាក្យចចាមអារ៉ាម ដែលថា លោកប្រធានាធិបតីចិន ស៊ី ជីនពីងនឹង ធ្វើដំណើរជាលើកទី១ ទៅកាន់ប្រទេសកូរ៉េ​ខាងជើង។

សម្មតិកម្មដែលថា ប្រធានាធិបតីចិន លោកស៊ី ជីនពីង អាចធ្វើដំណើរទៅកូរ៉េ ខាងជើង នៅក្នុងឱកាសបុណ្យខួប៧០ឆ្នាំ របស់ប្រទេសនេះ ត្រូវបានគេលើកមក និយាយច្រើន បន្ទាប់ពីលោកស៊ី ជីនពីង បានទទួលរាក់ទាក់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ដល់ទៅ៣លើក នៅទី ក្រុងប៉េកាំង។

ប៉ុន្តែ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនថ្មី គឺប្រធានសភាប្រជាជនចិន លោក លី ចានស៊ូ ដែលត្រូវធ្វើជាតំណាង ប្រទេសចិន នៅក្នុងពិធីបុណ្យខួប៧០ឆ្នាំ នៃការបង្កើតកូរ៉េខាងជើង ឬសាធារណរដ្ឋ ប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ។ ចំណែកទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA វិញបានបញ្ជាក់ដែរថា លោកលី ចានស៊ូ ដែលជាមនុស្សសំខាន់ទី៣របស់គណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ត្រូវ បានអញ្ជើញឲ្យចូលរួមជាអធិបតី នៅថ្ងៃ ព្យុហយាត្រា យោធារបស់កូរ៉េខាងជើង ដែលត្រូវធ្វើនៅថ្ងៃអាទិត្យ។

ធ្លាប់ថ្នាំងថ្នាក់នឹងគ្នា ដោយសារតែចិនបានចូលរួមជាមួយក្រុមប្រឹក្សាសន្តិសុខ ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង សម្ពន្ធមិត្តទាំងពីរ បានត្រលប់មកចាប់ល្អូកល្អិននឹងគ្នាវិញ នៅក្រោយពេលមេដឹក នាំកូរ៉េខាងជើង បានប្រកាសគម្រោងបើកជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក។ នៅមុន និងក្រោយជំនួបកំពូលជា មួយលោកដូណាល់ ត្រាំ មេដឹកនាំកូរ៉េ ខាងជើង បានធ្វើដំណើរដល់ទៅ៣ដង ទៅជួបលោកស៊ី ជីនពីង នៅទីក្រុងប៉េ កាំង។

តាំងពីចូលកាន់តំណែង ជាប្រធានាធិប តីចិន នៅឆ្នាំ ២០១២ លោកស៊ី ជីនពីងមិន ដែលធ្វើដំណើរទស្សនកិច្ច ទៅកាន់កូរ៉េ ខាងជើង ដែលជាសម្ពន្ធមិត្តរបស់ខ្លួនម្តងណាទេ។ អ្នកតាមដាននយោបាយកូរ៉េ មួយចំនួនវាយតម្លៃថា ដោយមិនធ្វើដំណើរទៅប្រទេសកូរ៉េខាងជើង លើកនេះ លោក ស៊ី ជីនពីងទំនងជាផ្ញើសារទៅមេដឹកនាំកូរ៉េខាងជើង ថា គួរតែកាត់បន្ថយភាពតានតឹងជាមួយសហគមន៍អន្តរជាតិជាមុនសិន មុននឹងមានដំណើរទស្សនកិច្ចរបស់ប្រធានា ធិបតីចិន នៅកូរ៉េខាងជើង។

នៅក្នុងជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក មេដឹកនាំកូរ៉េខាងជើងបានសន្យា ថា នឹងធ្វើការដើម្បីរំសាយចោលអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ។ ប៉ុន្តែ នៅប៉ុន្មាន សប្តាហ៍ចុងក្រោយនេះ ការចរចា រវាងកូរ៉េ ខាងជើង នឹងអាមេរិកបានជាប់គាំងទៅវិញ ដោយសារកូរ៉េខាងជើងមិនបានបង្ហាញ សញ្ញាវិជ្ជមានណាមួយ ដើម្បី ឈានទៅ លុបបំបាត់ចោលអាវុធនុយក្លេអ៊ែរ តាម ការសន្យាជាមួយអាមេរិក។ លោកដូណាល់ ត្រាំ ដែលបានប្រកាសលុបចោលដំណើរ ទស្សនកិច្ចរបស់ប្រមុខការបរទេសអាមេ​រិកទៅកូរ៉េខាងជើង បានចោទទីក្រុងប៉េ កាំងថា កំពុងយករឿងនុយក្លេអ៊ែរកូរ៉េខាងជើងជាកូនអុក ក្នុងការចរចាជម្លោះពាណិជ្ជកម្មជាមួយអាមេរិក។ ចំណែកចិនវិញបាន បដិសេធ និងចាត់ទុកការចោទប្រកាន់ របស់អាមេរិក ថា ជាការគ្មានទំនួលខុសត្រូវ ហើយនិងមិនទំនងទាល់តែសោះ៕ ម៉ែវ សាធី


ចែករំលែក៖