ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូង សិង្ហបុរី និងថៃបញ្ជូនក្រុមជំនួយទៅជួយដល់ប្រទេសឡាវក្រោយបាក់ទំនប់

ដើម្បីជួយដល់ប្រទេសឡាវក្រោយបាក់ទំនប់ កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងមក ប្រទេសសិង្ហបុរី នឹងបញ្ជូនកម្លាំងទៅជួយដល់ប្រទេសឡាវ។ ចំណែកប្រទេសជិតខាងថៃវិញ ក៏បានប្រកាសត្រៀមជួយដល់ប្រទេសឡាវ ដែលក្នុងការកសាងតំបន់រងគ្រោះឡើងវិញ។

នៅថ្ងៃទី២៥ ខែកក្កដា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន បានចេញបញ្ជាឲ្យបញ្ជូនក្រុមជំនួយទៅជួយសង្គ្រោះពលរដ្ឋឡាវ ដែលរងគ្រោះដោយសារតែបាក់ទំនប់វារីអគ្គិសនី។ ប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកំពុងតែស្ថិតក្នុងការស្រាវជ្រាវនៅឡើយ។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនកូរ៉េខាងត្បូង ជាអ្នកសាងសង់ទំនប់ខាងលើនេះ។

មកទល់ពេលនេះ មានអ្នកស្លាប់ដោយសារឧប្បតិ្តហេតុខាងលើកើនឡើងដល់២៦នាក់ហើយ និង១៣១នាក់បាត់ខ្លួន ក្រោយការបាក់ទំនប់វារីអគ្គិសនី Xe Pian Xe Namnoy នៅក្នុងខេត្ត Attapeu ប្រទេសឡាវ។

កាលពីថ្ងៃទី២៥ ខែកក្កដា ក្រសួងការបរទេសសិង្ហបុរីបានបញ្ជាក់ថា កម្លាំងការពារពលរដ្ឋសិង្ហបុរី SCDF នឹងបញ្ជូនទៅកាន់ប្រទេសឡាវ ដើម្បីជួយដល់ប្រទេសមួយនេះ ក្រោយពេលរងផលប៉ះពាល់ដោយសារតែបាក់ទំនប់វារីអគ្គិសនី។

រដ្ឋមន្ត្រីការបរទេសសិង្ហបុរីបានបញ្ជាក់ថា កម្លាំងទាហានប្រទេសនេះ បានត្រៀមលក្ខណៈជួយសង្គ្រោះ ដោយផ្តល់ស្បៀងអាហារ ថ្នាំពេទ្យ ទឹកបរិសុទ្ធ ដល់ពលរដ្ឋរងគ្រោះ។ ក្រៅពីនេះ រដ្ឋាភិបាលសិង្ហបុរីនឹងផ្តល់ប្រាក់ជំនួយ១សែនដុល្លារ ចំណែកកាកបាទក្រហម ក៏បានផ្តល់ជំនួយ៥មុឺនដុល្លារផងដែរ។

ក្នុងពេលជាមួយគ្នានេះនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានចេញបញ្ជាឲ្យកម្លាំងប្រដាប់អាវុធនៅខេត្តជាប់ព្រំដែន ត្រៀមធ្វើសកម្មភាពជួយដល់ប្រទេសជិតខាងឡាវ។ សារព័ត៌មានបាងកកប៉ុស្តិ៍បានផ្សាយថា ទីបញ្ជាការប្រដាប់អាវុធថៃបានបញ្ជូនកម្លាំងទាហាន និងស្បៀងអាហារចាំបាច់ទៅជួយដល់ពលរដ្ឋឡាវ។

នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានឲ្យដឹងថា មនុស្ស១៣១នាក់ បាន និងកំពុងបាត់ខ្លួនអស់រយៈពេល២ថ្ងៃហើយ បន្ទាប់ពីទំនប់វារីអគ្គិសនីមួយបានបាក់ ធ្វើឲ្យជន់លិចភូមិឋានជាច្រើន នាភាគខាងត្បូងប្រទេស ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់២៦នាក់។

នៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រ តាមរយៈទូរទស្សន៍ លោក Thongloun Sisoulith បានផ្តល់នូវតួលេខជាក់លាក់បំផុត ចំពោះចំនួនមនុស្សដែលបាន និងកំពុងបាត់ខ្លួន។

ក្រុមហ៊ុនម៉ៅការសាងសង់ទំនប់វារីអគ្គិសនីចំនួន២ របស់កូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងថា ពួកគេបានរាយការណ៍ពីការខូចខាតមួយថ្ងៃមុនពេលផ្នែកមួយចំនួន នៃទំនប់វារីអគ្គិសនី Xe Pian Namnoy បានបាក់កាលពីថ្ងៃចន្ទ។ សារព័ត៌មាន Vientiane Times បានចុះផ្សាយថា មានមនុស្សប្រមាណ ៣,០០០នាក់ ត្រូវការជំនួយជួយសង្គ្រោះ គិតត្រឹមរសៀលថ្ងៃពុធនេះ ដោយពួកគេបាន និងកំពុងស្នាក់អាស្រ័យលើដើមឈើ និងដំបូលផ្ទះ៕ ម៉ែវ សាធី