ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េ​ខាងត្បូង​បញ្ជាក់​ពី​ករណី​ស្លាប់​អ្នកជំងឺ​ទី​៤​ដែល​ឆ្លង​វីរុស​ MERS​

​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​៥​ ខែឧសភា​ថា​ អ្នកជំងឺ​ម្នាក់​ទៀត​ដែល​ឆ្លង​វីរុស​ MERS​ បាន​ស្លាប់​ ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​វីរុស​នេះ​នៅ​កូរ៉េ​ខាងត្បូង​កើន​៤​នាក់​ ។​ វីរុស​នេះ​កំពុង​តែ​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ប្រទេស​នេះ​។​

​ក្រសួងសុខាភិបាល​កូរ៉េ​ខាងត្បូង​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ថា​ អ្នកជំងឺ​អាយុ​៧៦​ឆ្នាំ​ម្នាក់​ទៀត​បាន​បាត់បង់​ជីវិត​ ដែល​ជា​ជន​ទី​៣​ប៉ះពាល់​ដោយ​ផ្ទាល់​អ្នកជំងឺ​ MERS​ ។​ ប្រភព​បន្ត​ថា​ មនុស្ស​៥​នាក់​ផ្សេង​ទៀត​ត្រូវ​រក​ឃើញ​ថា​ មាន​ផ្ទុក​វីរុស​ដ៏​កាច​សាហាវ​នេះ​ ។​ កូរ៉េ​ខាងត្បូង​មាន​ករណី​វីរុស​MERS​ នេះ​រហូត​ដល់​៤១​ករណី​ លើស​ពី​បណ្តា​ប្រទេស​ទាំងអស់​ ក្រៅពី​ប្រទេស​មជ្ឈិមបូព៌ា​ដែល​រង​ការ​ឆ្លង​រាលដាល​។​

​មនុស្ស​ជាង​១៦០០​នាក់​នៅ​កូរ៉េ​ខាងត្បូង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ក្រុម​គ្រូពេទ្យ​។​ ពួក​គេ​ភាគច្រើន​ត្រូវ​កំណត់​ឲ្យ​ស្នាក់​នៅ​តែ​ក្នុងផ្ទះ​ និង​ក្នុង​មជ្ឈមណ្ឌល​សុខភាព​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ឡើយ​។​ ករណី​ស្លាប់​ដោយ​វីរុស​ថ្មី​នេះ​ធ្វើ​ឲ្យ​តួលេខ​នៅ​ទូ​ទាំង​ពិភពលោក​ស្តី​ពី​ការ​បាត់​បង់ជីវិត​ដោយ​វីរុស​ MERS​ កើន​៤៤៣​នាក់​ ក្នុង​ចំណោម​១.១៨៥​ករណី​ដែល​បាន​ឆ្លង​ ។​ នេះ​បើ​តាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​។​

​ខណៈ​ដែល​គ្មាន​ការ​ទប់ស្កាត់​បាន​ទាន់​ពេល​ចំពោះ​វីរុស​MERS​ នោះ​,​ វីរុស​នេះ​បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​ និង​មិន​នឹក​ស្មាន​ដល់​ លើស​ពី​វីរុស​ SARS​ ដែល​បាន​ផ្ទុះ​ឡើង​កាលពី​ឆ្នាំ​២០០២​ និង​ឆ្នាំ​២០០៣​សម្លាប់​មនុស្ស​ជិត​៨០០​នាក់​នៅ​ជុំវិញ​ពិភពលោក​ទៅ​ទៀត​។​

​វីរុស​ MERS​ មាន​វត្ត​មាននៅ​ក្នុង​ខ្លួនប្រាណ​របស់​មនុស្ស​ដំបូង​គេ​ក្នុង​ឆ្នាំ​២០១២​ ។​ វីរុស​នេះ​គ្មាន​សមត្ថភាព​ខ្លាំងក្លា​ដូច​វីរុស​ SARS​ នោះ​ទេ​ ប៉ុន្តែ​វា​មាន​អត្រា​អ្នក​ស្លាប់​កើនឡើង​ខ្ពស់​រហូត​ដល់​៣៨​ភាគរយ​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក​ WHO​ ៕

342390-south-korea-mers