ព័ត៌មានទាន់ហេតុការណ៍៖

កើបលុយពីបទ មាន់ស្រែ ឬ ទើបអ្នកនិពន្ធចាកចេញពីផលិតកម្មថោន?

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈក្រោយពីអ្នកនិពន្ធល្បីវ័យក្មេង លោក សយ រតនា បានប្រកាសចាកចេញពីផលិតកម្មថោន រហូតមានអ្នកចោទសួរថា ព្រោះតែកើបលុយបានក្រាស់ក្រែលពីបទល្បីឈ្មោះ មាន់ស្រែ ទេដឹងបានជាអ្នកនិពន្ធរូបនេះស្កប់ស្កល់លែងចង់បន្តការងារទៅទៀតនោះ ។

សយ រតនា បានក្លាយជាអ្នកនិពន្ធប្រចាំផលិតកម្មថោនជាច្រើនឆ្នាំកន្លងមក ហើយតាមរយៈការប្រកួតប្រជែងសមត្ថភាព ដែលធ្វើឡើងដោយផលិតកម្មខាងលើ ។ លោកចាប់ផ្តើមមានឈ្មោះបោះសំឡេងក្នុងចង្កោមអ្នកចម្រៀងក្រោយពីស្នាដៃនិពន្ធបទចម្រៀងរប់សលោកចាប់ផ្តើមមានការគាំទ្រច្រើន ទោះជាយ៉ាងណាមិនមានមហាជនភាគច្រើនចាប់អារម្មណ៍ទៅលើឈ្មោះអ្នកនិពន្ធនោះទេ ។ នៅលើគេហទំព័រផ្ទាល់ខ្លួនរបស់អ្នកនិពន្ធរូបនេះបានប្រកាសថា លោកបានសម្រេចចិត្តចាកចេញពីផលិតកម្មថោន ដើម្បីបន្ត និងបញ្ចប់ការសិក្សា ហើយបទចម្រៀង ដែលលោកធ្លាប់បាននិពន្ធឲ្យអ្នកចម្រៀងស្ទើរគ្រប់គ្នាក្នុងផលិតកម្មថោនច្រៀងមានមិនក្រោម៥០បទនោះទេ ហើយបទ ដែលទទួលបានការគាំទ្រច្រើនមានដូចជាបទ កូលាបពុលដី ដែលច្រៀងដោយលោកកែវ វាសនា បទ បំពេរម្តាយ របស់ កញ្ញា មាស សុខសោភា បទ អ្នកណាឲ្យអូនទៅ របស់លោក ខេម បទ មាន់ស្រែ និងបទ លុយលុយ របស់កញ្ញា រ៉ាប៊ីជាដើម ។

ក្រោយការប្រកាសចាកចេញមានការលើកឡើងផ្ទុយគ្នាជាច្រើនក្នុងចង្កោមអ្នកសិល្បៈរហូតមានអ្នកលើកឡើងថាការចាកចេញរបស់គាត់អាចជាការអន់ចិត្តនឹងផលិតកម្ម ខណៈ ដែលមានការលើកឡើងបណ្តាលមកពីអ្នកនិពន្ធរូបនេះកើបលុយបានក្រាស់ក្រែលពីបទចម្រៀងល្បៗទាំងនោះឬ? ។ ទំនាក់ទំនងស្វែងរកការបញ្ជាក់បន្ថែមពីអ្នកនិពន្ធរូបនេះមិនទាន់បាននៅឡើយ ប៉ុន្តែថ្មីៗនេះគេបានឃើញវត្តមានអ្នកនិពន្ធរូបនេះចេញមុខបម្រើការងារក្នុងអង្គការ IKARE រួមទាំងបានច្រៀងបទចម្រៀងរួមគ្នាជាមួយអ្នកចម្រៀងមួយចំនួនទៀតផងដែរ ។

តារាចម្រៀងម្នាក់ ដែលជិតដិត និងអ្នកនិពន្ធសយ រតនា ទម្លាយថាមានរឿងហួសចិត្តជាច្រើន ដែលបណ្តាលឲ្យអ្នកនិពន្ធរូបនេះចាកចេញពីថោន បូករួមទាំងមិនទទួលបានការលើកទឹកចិត្ត និងមិនទទួលបានប្រាក់កម្រៃមិនសាកសមទៅនឹងទំហំការងារ និងសមត្ថភាព ។ ប្រភពបន្តថា អ្នកនិពន្ធរូបនេះអាចនឹងកំពុងរារែកក្នុងការសម្រេចចិត្តចូលផលិតកម្មផ្សេង ប៉ុន្តែគាត់បានប្រកាសថានៅតែទទួលយកការនិពន្ធឲ្យគ្រប់តារាចម្រៀង ដោយការធ្វើជាអ្នកនិពន្ធឯករាជផងដែរ ។

ប្រភពបន្តថា អ្នកនិពន្ធ មិនសូវបានគេស្គាល់ដូចតារាចម្រៀងទេ ហើយបើទោះបីជាបទចម្រៀងល្បី តារាចម្រៀងកើបលុយក្រាស់ក្រែលប៉ុណ្ណាក៏កម្រនឹង គេនឹកឃើញ ដែលពេលខ្លះគ្មានសូម្បីតែការលើកទឹកចិត្ត ។

នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីផលិតកម្មថោនបាននៅឡើយទេ ប៉ុន្តែកន្លងមកការផ្លាស់ប្តូរទ្រនុំច្រៀង ឬនិពន្ធទៅកាន់ផលិតថ្មី ឬធ្វើជាអ្នកនិពន្ធឯករាជ ជារឿងធម្មតាទៅហើយ ប៉ុន្តែអ្វី ដែលនៅពីក្រោយនេះក៏មានការបាក់ទឹកចិត្តសម្រាប់អ្នកនិពន្ធបទភ្លេង ទំនុកច្រៀងហាក់មិនសូវទទួលស្គាល់ និងការលើកទឹកចិត្តច្រើនពីម្ចាស់ផលិតកម្មនោះទេ ។ ថ្មីៗនេះតារាចម្រៀងកែវ វាសនា និងអ្នកនិពន្ធមួយចំនួន ដែលទើបនឹងផុតកុងត្រាជាមួយផលិតកម្មថោនក៏បានវិលទៅច្រៀងឲ្យផលិតកម្មសាន់ដេជាថ្មីផងដែរ៕ វឌ្ឍនា