ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

កំពុងតាមចាប់ខ្លួនមន្ត្រីនគរបាលដែលបើករថយន្តបុកស្លាប់១គ្រួសារ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ គ្រួសារ១ មានសមាជិក៤នាក់ រាប់ទាំងទារកក្នុងផ្ទៃផងនោះ បានស្លាប់រួមគ្នាក្នុងពេលតែមួយ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយជនសង្ស័យម្នាក់ ជាមន្ត្រីនគរបាល ហើយក្រោយកើតហេតុ បានរត់គេចខ្លួន បញ្ជាឲ្យសមាជិកក្នុងគ្រួសារ លួចទាក់ទងសាច់ញាតិជនរងគ្រោះ ដើម្បីសងសំណងរដ្ឋប្បវេណី ក្រៅរបងតុលាការ ។

លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងតាំងពីថ្ងៃទី១០ ខែវិច្ឆិកា តែជនសង្ស័យជាមន្ត្រីនគរបាលផងនោះ បានរត់គេចខ្លួន ផ្ទះក៏មិនចូល កន្លែងធ្វើការក៏មិនទៅ តែបានឲ្យសមាជិកក្នុងគ្រួសារ លួចចរចាជាមួយសាច់ញាតិសព ដើម្បីសងសំណងរដ្ឋប្រវេណី រំលត់អាជ្ញាតុលាការ តែសមត្ថកិច្ច បានកសាងសំណំរឿងចប់ហើយ ត្រៀមបញ្ជូនឡើងតុលាការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីអនុវត្តច្បាប់ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅម៉ោង ៤រសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ ៣៥-៣៦ ក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង មានរថយន្ត១គ្រឿងម៉ាក កាមរីឆ្លាម ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2A-6528 បើកបរដោយឈ្មោះ វាឆុំ ថុនា ឋានន្តរស័ក្តិអនុសេនីយ៍ឯក ជាមន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បុកជាមួយម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1J-5377 បើកបរពីកើតទៅលិច ជិះឌុបគ្នា៣នាក់ ។

របាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ សន ព្រាន ភេទប្រុស អាយុ២៨ឆ្នាំ ជាប្តី, ទី២ឈ្មោះ ហម នឿន ភេទស្រី អាយុ២៥ឆ្នាំ ជាភរិយា,ទី៣ឈ្មោះ អៀន កណ្ណិកា ភេទស្រី អាយុ៩ឆ្នាំជាកូន និងទារកម្នាក់ទៀត អាយុ៨ខែនៅក្នុងផ្ទៃម្តាយ ។ ជនរងគ្រោះ រស់នៅភូមិតារ័ត្ន ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពដដែល បានបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យ ជាមន្រ្តីនគរបាល បានបើករថយន្តតាមផ្លូវជាតិលេខ៤ ពីលិចទៅកើតដោយល្បឿនលឿន ។ លុះដល់កន្លែងកើតហេតុ បានបួងចង្កូត វ៉ារថយន្តកុងតឺន័រ១គ្រឿង ស្រាប់តែជ្រុលចង្កូតបុកម៉ូតូរងគ្រោះ កំពុងបើកបរបញ្ច្រាសទិសចំពីមុខពេញទំហឹង បណ្តាលឲ្យទាំងម៉ូតូ និងជនរងគ្រោះ ធ្លាក់ចូលប្រឡាយមានទឹកនៅអែបចិញ្ចើមថ្នល់ ស្លាប់យ៉ាងអាណោចអាធ័ម១គ្រួសារបែបនេះ ។ ចំណែកជនសង្ស័យ បានរត់ចោលរថយន្ត ។

ប្រភពព័ត៌មានពីលោកស្នងការនគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ វាឆុំ ថុនា បានរត់គេចពីផ្ទះ ហើយក៏មិនបានចូលធ្វើការ អស់រយៈពេល៦ថ្ងៃហើយ មិនដឹងលាក់ខ្លួនពួនសម្ងំនៅកន្លែងណាទេ តែលោកទទួលបានព៌តមានសម្ងាត់ថា ភាគីបង្ក បានលួចណាត់ជួបសម្របសម្រួលចរចា សងសំណង់ជាមួយគ្រួសារជនរងគ្រោះ ។

លោកបញ្ជាក់ថា ទោះបីភាគីទាំង២ យល់ព្រមយ៉ាងណា តែសម្រាប់សមត្ថកិច្ចរបស់លោក បានកសាងសំណុំរឿងចប់ហើយ បើមិនថ្ងៃទី១៦ ក៏ថ្ងៃទី១៩វិច្ឆិកា នឹងបញ្ជូនសំណុំរឿងនេះ ចូលដល់តុលាការ ។ លោកបញ្ជាក់ទៀតថា បទល្មើសចរាចរណ៍ មិនមានបញ្ហាធ្ងន់ធ្ងរដូចបទល្មើសព្រហ្មទណ្ឌទេ កាលណាពួកគាត់និយាយត្រូវគ្នា ពួកគាត់ទៅទាក់ទងខាងតុលាការ គេនឹងរំលត់អាជ្ញាតុលាការចោល តែសមត្ថកិច្ច ដឹងតែកសាងសំណុំរឿងបញ្ជូនឡើងតុលាការ ដើម្បីអនុវត្តច្បាប់ ។

ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចជំនាញកំពុងតាមរកជនបង្កដើម្បីចាប់ខ្លួនប្រគល់ឲ្យស្ថាប័នអយ្យការចាត់ការបន្ត ៕ សេនាស័ក្តិ


ចែករំលែក៖