ព័ត៌មានទាន់ហេតុការណ៍៖

ក្តុកក្តួលពេលឃើញសារ យ៉ាន លីនដា និយាយរឿងជំងឺធ្ងន់ធ្ងររបស់កូនស្រី

ប្រទេសអូស្ត្រាលី ៖ បាត់មុខមួយរយៈពេលជាងមួយឆ្នាំមកហើយ ដែលគេខកខានបានឃើញវត្តមានតារាចម្រៀងអ្នកនាង យ៉ាន លីដា បង្ហាញមុខលើបណ្តាញទំនាក់ទំនងសង្គមរហូតមានការងឿងឆ្ងល់យ៉ាងខ្លាំង ។ ទើបនឹងបង្ហាញសាជាថ្មី នាងបានធ្វើឲ្យមនុស្សជាច្រើនក្តុកក្តួលខ្លោចចិត្តអាណិតតារារូបនេះ ដែលខិតខំតស៊ូ និងចាំលើកទឹកចិត្តកូនស្រី ដែលមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរនោះ ។

តារាស្រីរូបនេះបានបង្ហាញរូបថតកូនស្រី ដែលកំពុងសង្គ្រោះបន្ទាន់ អមដោយសារបញ្ជាក់ជាភាសាអង់គ្លេស ដែលនាំឲ្យមិត្តភក្តិ និងមហាជនមានការភ្ញាក់ផ្អើលទៅនឹងទំហំលះបង់ដើម្បីកូនស្រី ។

តារាចម្រៀង យ៉ាន លីនដា បានលើកឡើងថា ក្នុងរយៈពេល ដែលនាងបាត់មុខមានពាក្យចចាមអារ៉ាមជាច្រើនបានកើតមានឡើងចំពោះខ្លួននាង ប៉ុន្តែនាងមិនបានចង់ចេញមុខទាមទាររកយុត្តិធម៌ទេគឺកិច្ចការ ដែលនាងត្រូវធ្វើនៅចំពោះមុខគឺសំខាន់ជាង ។ នាង ពិបាកនឹងទទួលយកនូវស្ថានភាពជំងឺធ្ងន់ធ្ងររបស់កូនស្រី ដែលពេលខ្លះកូនស្រីរបស់នាងស្ទើរតែចាកចេញពីជីវិតនាងនោះ ធ្វើឲ្យនាងមានអារម្មណ៍ថា បានបរាជ័យក្នុងការធ្វើខ្លួនជាម្តាយ ។

អ្នកនាង យ៉ាន លីនដា បានបន្តថា កូនស្រីនាង Veronica មានជំងឺផ្លូវចិត្ត(PTSD) ចាប់តាំងពីនាងនៅក្មេង ព្រោះតែនាងរងនូវសម្ពាធ និងការជួបប្រទះព្រឹត្តិការណ៍ ដែលឈឺចាប់ រហូតកូនស្រីរបស់នាងមានជំងឺងផ្លូវចិត្តធ្ងន់ធ្ងរធ្វើទុក្ខខ្លាំង ពិបាកទ្រាំ ដែលពេលខ្លះត្រូវធ្វើទារុណកម្មខ្លួនឯងរហូតហូរឈាមដើម្បីទប់ទល់នឹងការធ្វើទុក្ខរបស់ជំងឺ ។

អ្នកនាងបានបញ្ជាក់ថា ក្នុងនាមជាម្តាយនាងពិតជាពិបាកទ្រាំមើលស្ថានភាពនៃការធ្វើទុក្ខនៃជំងឺរបស់កូនស្រី ហើយក្នុងមួយឆ្នាំចុងក្រោយនេះនាងបានព្យាយាមស្វែងរកមធ្យោបាយមួយចំនួនដើម្បីជួយសង្គ្រោះកូនស្រីជាទីស្រលាញ់ឲ្យរួចផុតពីស្ថានភាពដ៏អាក្រក់នេះ ពិសេសការថែរក្សាការពារអារម្មណ៍ផ្លូវចិត្តរបស់កូនស្រីនាង ។

ជាមួយគ្នានេះនាងសូមផ្តាំផ្ញើទៅកាន់អាណាព្យាបាលទាំងអស់ឲ្យមានការយកចិត្តទុកដាក់ពិនិត្យតាមដានសកម្មភាព ពិសេសផ្លូវចិត្តកូន កុំឲ្យពួកគេយល់ថាគេនៅតែម្នាក់ឯង កំព្រា គ្មានជម្រើសគ្មានដំណោះស្រាយ ។

ជំងឺផ្លូវចិត្តធ្ងន់ធ្ងរបស់កូនស្រី ដែលជាតំណក់ឈាមរួមគ្នារវាងតារាចម្រៀង យ៉ាន លីនដា នឹងអតីតស្វាមីលោក យ៉ែម សំអូន ត្រូវបាននាងទម្លាយក្រោយពីតារាស្រីរូបនេះបានសម្រេចចិត្តចេញទៅរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលីវិញ គឺក្រោយពេលចំណងស្នេហ៍នាង និងស្វាមីបានបញ្ចប់អស់រយៈពេលជាង៣ឆ្នាំមកហើយ ។

គួរបញ្ជាក់ថា រឿងទំនាស់ក្នុងគ្រួសាររបស់គូជីវិតអ្នកសិល្បៈដូចគ្នាគឺលោក យ៉ែម សំអូន និងនាង យ៉ាន លីនដា បានបែកធ្លាយកាលពីដើមខែឧសភា ឆ្នាំ២០១៥ រហូតធ្វើឲ្យនាង យ៉ាន លីនដា ប្រកាសសុំលែងលះជាមួយស្វាមី ដែលបានប្រើអំពើហិង្សា រួមទាំងមិនបានផ្តល់ភាពកក់ក្តៅសម្រាប់នាង និងកូន៕ វឌ្ឍនា