ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្ន បុកគោយន្តកន្ត្រៃបណ្តាលឲ្យរងរបួសធ្ងន់

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្ន បុកគោយន្តកន្ត្រៃ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោងជាង៧យប់ ថ្ងៃសៅរ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៧៥-១៧៦ នៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៏រវាង ម៉ូតូ បុកគោយន្តកន្ត្រៃយ៍ ក្នុងទិសដៅស្របគ្នា (ពីកើតទៅលិច) បណ្តាលឲ្យរបួសធ្ងន់១នាក់ ។ អ្នកបើកបរម៉ូតូដោយឈ្មោះ ធុល ចិន្តា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិសេរីវង្ស ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានជិះម៉ូតូម៉ាកវេវ អាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1N.1890 រងរបួសធ្ងន់បាក់ជើងខាងឆ្វេង (មិនពាក់មួកសុវត្ថិភាព)។

ចំណែកអ្នកបើកបរគោយន្តកន្ត្រៃយ៍ ឈ្មោះ រ៉ន រុម ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិអូររំដេង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបាននាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ។

គ្រោះថ្នាក់នេះបង្កឡើងដោយគោយន្តកន្ត្រៃគ្មានភ្លើងបំភ្លឺខាងក្រោយ ៕ ប៊ុនរិទ្ធី