ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ មានករណីក្មេងលង់ទឹកស្លាប់ម្នាក់កាលពីថ្ងៃសៅរ៍ ១៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ស្ថិតនៅចំណុចត្រពាំងអណ្តាស់ ភូមិទូកពីរ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ហិន លីហួរ ភេទប្រុស អាយុ៦ឆ្នាំ រស់នៅ ភូមិ ឃុំកើតហេតុខាងលើ។ មូលហេតុ ក្មេងរងគ្រោះចុះលេងទឹកត្រពាំង ពេលឪពុកម្ដាយពុំដឹងបណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះពិនិត្យធ្វើកោសល្យវិច័យរួចសន្និដ្ឋានថា ក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចបានប្រគល់សាកសពឲ្យឪពុកម្ដាយចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី