ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ អាយុ៨ឆ្នាំនៅចាំផ្ទះជាមួយបងប្រុសត្រូវជនមិនស្គាល់មុខ ចាប់ដាក់ក្នុងរថយន្តទៅបាត់

ចែករំលែក៖

 

ប៉ោយប៉ែតៈ ក្មេងប្រុសម្នាក់អាយុ៨ឆ្នាំ នៅចាំផ្ទះជាមួយបងប្រុស ត្រូវជនមិនស្គាល់មុខចាប់ដាក់ក្នុងរថយន្តទៅបាត់ បង្កភាពភ្ញាក់ផ្អើល កាលពីរវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអ៊ឹម សុភារៈនាយប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែតប្រាប់ថា ក្មេងរងគ្រោះមានឈ្មោះចឹ ម៉េង ភេទប្រុស អាយុ៨ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ។

លោកបញ្ជាក់ថាៈ មុនកើតហេតុឪពុក ម្ដាយចេញទៅធ្វើការនៅកាស៊ីណូ ដោយទុកកូនប្រុសរបស់ខ្លួនពីរនាក់បងប្អូនឲ្យនៅចាំផ្ទះ ចំណែកក្មេងរងគ្រោះនៅលេងមុខផ្ទះ ដោយឡែក បងប្រុសអាយុប្រហែល១០ឆ្នាំ នៅក្នុងផ្ទះ គ្រានោះមានក្រុមជនមិនស្គាល់មុខមិនដឹងគ្នាប៉ុន្មាននាក់ទេ ក៏បើរថយន្ត ពណ៌ស្កមិនស្គាល់ម៉ាក បានចាប់ក្មេងរងគ្រោះដាក់ក្នុងរថយន្ត ហើយបើកគេចខ្លួនទៅបាត់។

លោកថាៈពេលនោះលោកមិនទាន់ ទទួលព័ត៌មានច្បាស់ដែរ តែលោកកំពុងតែស៊ើបសួរ ព្រោះលោកទើបតែទទួលបានដំណឹង។

លោកធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានបញ្ជាក់តាមទូរស័ព្ទថា រឿងរ៉ាវខាងលើនេះ លោកមិនដឹងថា អ្នកណាមកយក ឬក្រុមមិនស្គាល់អត្តសញ្ញាណចាប់មែន ឬទេ ព្រោះលោកទើបតែទទួលបានព័ត៌មានប្រហែលជាម៉ោង៥រសៀល ថ្ងៃកើតហេតុនេះដែរ ។

លោកថា ចំពោះក្មេងនោះបើតាមប្រជាពលរដ្ឋប្រាប់ថា គីមានរថយន្តទូរីស ពណ៌ស អត់ស្លាកលេខ ព័ត៌មានយ៉ាងណានោះ នៅមិនទាន់ដឹងនោះទេ ។ តែពេលនេះលោកកំពុងតែបញ្ជាឲ្យកម្លាំងស៊ើបសួរឲ្យបានច្បាស់ថា ក្មេងខាងលើនោះ បាត់ដោយសារតែ ក្រុមជនមិនស្គាល់មុខចាប់ទៅមែន ឬក៏ខាងណាគេមកយកទៅ ៕ វណ្ណា

1 2 3 6


ចែករំលែក៖