ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ត្រូវនគរបាលប៉ុស្តិ៍បឹងកក់ទី២ឃាត់ខ្លួននិងដកហូត​គ្រឿងញៀន៤០កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ បន្តចុះបង្រ្កាបទីតាំងជួញដូរនិងចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅតំបន់រោងចក្រឆ្នាំង ជាក់ស្តែងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៧ លោកខាត់ ខុនទិត្យ នាយប៉ុស្តិ៍នគរបាលបឹងកក់ទី២ បានដឹកនាំកម្លាំងល្បាតក្នុងមូលដ្ឋានម្ដុំរោងចក្រឆ្នាំង ភូមិ២៤ ក្រុម១០៩ សង្កាត់បឹងកក់២ ខណ្ឌគោក រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ កំពុងឈរលក់ថ្នាំញៀននៅផ្លូវ​រថភ្លើង ឆែកឆេរឃើញថ្នាំញៀនចំនួន៤០កញ្ចប់តូច ។

លោក ខាត់ ខុនទិត្យ នាយប៉ុស្តិ៍នគរបាលបឹងកក់ទី២ បានឲ្យដឹងថា ក្មេងប្រុសសង្ស័យខាងលើនេះ ឈ្មោះ រី សុខ អាយុ១៤ឆ្នាំ ស្នាក់នៅម្ដុំរោងចក្រឆ្នាំង សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

លោកខាត់ ខុនទិត្យ បានបន្តទៀត​ថា មុនពេលឃាត់ខ្លួនក្មេងប្រុស​ខាងលើ​នេះ គឺលោកបានដឹកនាំកម្លាំងល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ ដែលអាចកើតមានឡើង លុះជិះល្បាតដល់ម្ដុំរោងចក្រឆ្នាំង ក៏ឃើញក្មេងប្រុសសង្ស័យ កំពុងតែឈរលក់គ្រឿងញៀន ឃើញភ្លាមនោះក៏អន្តរគមន៍ចាប់​ខ្លួន និងធ្វើការឆែកឆេររកឃើញថ្នាំញៀន​ចំនួន៤០កញ្ចាប់តូច ដែលលាក់ទុកនៅក្នុងហោប៉ៅខោផងដែរ ។ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានយកថ្នាំញៀនពីបុរសម្នាក់ មក​លក់ ដោយក្នុងមួយកញ្ចប់តម្លៃ២ម៊ឺនរៀលដោយចំណេញក្នុងមួយកញ្ចប់៣ពាន់រៀល ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាំង ត្រូវបានសមត្ថកិច្ចបញ្ចូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនីតិវិធី ៕ ស តារា