ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ៤ឆ្នាំរត់ឆ្លងផ្លូវជាតិមិនប្រយត្ន័ត្រូវម៉ូតូមកដល់បុករងរបួសធ្ងន់សងខាង

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់ ខណៈរត់ឆ្លងផ្លូវមិនមើលឆ្វេងស្ដាំត្រូវម៉ូតូមកដល់ចាប់ហ្វ្រាំងមិនទាន់ ក៏បុកពីមុខយ៉ាងពេញទំហឹងបណ្ដាលឲ្យខ្ទាតរងរបួសធ្ងន់ទាំង២នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីថ្ងៃព្រហស្បតិ៍ ៥កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ វេលាម៉ោង៦ និង៣០នាទីល្ងាចនៅចំណុចលើផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ ក្បាលថ្នល់ ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យកាសែតនគរវត្តដឹងថា ក្មេងប្រុសដែលរត់ឆ្លងផ្លូវមានឈ្មោះ សាន មករា អាយុ៤ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ខណៈរង របួសធ្ងន់​(បាក់ដៃឆ្វេង) ។

ចំណែកភាគីអ្នកជិះម៉ូតូមានឈ្មោះ កុសល្យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សរស់នៅភូមិក្បាលថ្នល់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ចំពោះម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ស៊េរី 2012 ស្លាកលេខ បន្ទាយមានជ័យ 1F1818 ខូចខាតយ៉ាងដំណំ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានក្មេងប្រុសអាយុ៤ឆ្នាំ ម្នាក់បានរត់ឆ្លងផ្លូវលើកំណាត់ផ្លូវជាតិលេខ១ មិនមើលឆ្វេងស្ដាំ ខណៈនោះស្រាប់តែមានយុវជនម្នាក់បានជិះទិសដៅត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ ក៏បុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ រាយការណ៍មកសមត្ថកិច្ចមកអន្តរាគមន៏ និងយកភាគីទាំងសងខាងមកកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ។

ចំពោះមធ្យោបាយត្រូវបានសមត្ថកិច្ចវាស់វែង និងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន