ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវបីនាក់ប្រើអំពើហិង្សាវៃក្មេងប្រុសម្នាក់រងរបួសហើមស្លាបប្រចៀវខាងឆ្វេង ចុងក្រោយរត់ចោលម៉ូតូ

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនានៅចំណុចព្រំប្រទល់ ភូមិរការជួ និងភូមិ ពាមក្លែង ឃំុក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ដែលបង្កឡើងដោយក្មេងមួយក្រុមមានគ្នា០៣នាក់ បានស្ទាក់វាយទៅលើជនរងគ្រោះឈ្មោះ អីុ សុខក្រី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ បាជ័យ ឃំុ សណ្ដាន់​ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ(ជនជាតិអីុស្លាម) រងរបួសហើមស្លាបប្រចៀវខាងឆ្វេង ។

ជនសង្ស័យមានគ្នា៣នាក់ជិជះម៉ូតូ០១គ្រឿងម៉ាក្សC125 ពណ៌ខ្មៅ ទី១-ឈ្មោះ យឹម ពឿន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ ទឹកម្លាង ឃំុសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ(ជាអ្នកបើកបរម៉ូតូ) ។ ទី២-ឈ្មោះយន សុីណាន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ ត្បូងទឹក ឃំុមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ ទី៣-ឈ្មោះ វុទ្ធី ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិបាជ័យ ឃំុសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ(ជនដៃដល់) ។

ដំណើររឿងៈ ជនសង្ស័យ និងជនរងគ្រោះបានជិះម៉ូតូក្នុងដំណើរស្របទិសគ្នាពីត្បូងទៅជើង លុះដល់កន្លែងកើតហេតុជនរងគ្រោះបានជិះវ៉ាទៅមុខឲ្យទាន់រថយន្តឪពុករបស់ខ្លួនដែលបើកខាងមុខ ពេលនោះជនសង្ស័យក៏បើកវ៉ាវិញ ដល់ទន្ទឹមគ្នាបានហូតខ្សែរក្រវ៉ាត់វាយទៅលើជនរងគ្រោះមួយខ្សែរក្រវ៉ាត់ត្រូវពីក្រោយចំស្លាប​ប្រចៀវខាងឆ្វេង ជនរងគ្រោះបានជិះម៉ូតូរត់មកទាន់ រថយន្តឪពុក ពេលនោះឪពុកជនរងគ្រោះបានបើករថយន្តដេញតាមម៉ូតូជនសង្ស័យៗបានឈប់ម៉ូតូហើយរត់ចោលម៉ូតូទាំងបីនាក់ ពេលនោះកម្លាំងប៉ុស្តិបានចុះមកដល់ យកម៉ូតូ​០១គ្រឿងម៉ាកC125 ពណ៌ខ្មៅសេរីឆ្នាំ២០១៣ បញ្ចូនមកអធិការដ្ឋាននគរបាលស្រុកសណ្តាន់ និងស្រាវជ្រាវចាប់បានជនសង្ស័យ០១នាក់ ឈ្មោះ យឹម ពឿន ជាអ្នកបើកម៉ូតូ និងជា(ម្ម្ចាស់ម៉ូតូ ) ។

ពេលនេះវត្ថុតាង និងជនសង្ស័យយើងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសណ្តាន់ ដើម្បីចាត់ការតាមនីតិវិធី ៕ ប៊ុនរិទ្ធី