ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកសិកម្មទទួលបានម៉ាស៊ីនតេស្តថ្នាំកសិកម្ម

ភ្នំពេញ ៖ កាលពីវេលាម៉ោង៣និង ៣០នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានរៀបចំពិធី ប្រគល់-ទទួលម៉ាស៊ីនតេស្តសំណល់ថ្នាំ កសិកម្មដោយឆាប់រហ័ស រវាងក្រុមហ៊ុន Guangxi Forword នឹងអគ្គនាយកដ្ឋាន កសិកម្ម ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលវិភាគ និង ធ្វើតេស្តស្រាវជ្រាវគ័ងស៊ី (Guangxi Center of Analysis Test and Research) បានផ្តល់នូវជំនួយម៉ាស៊ីនតេស្តសំណល់ថ្នាំកសិកម្ម ដល់អគ្គនាយកដ្ឋានកសិកម្មចំនួន៦៤គ្រឿងសម្រាប់ប្រើប្រាស់ក្នុងការពង្រឹងសមត្ថភាពគ្រប់គ្រងអនាម័យ និងភូតគាមអនាម័យ ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារដែលជាផលិតផលកសិកម្មនៅកម្ពុជា ។ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានបញ្ជាក់ថា នេះជាលើកទីពីរហើយដែលកម្ពុជាទទួលបាន ពីក្រុមហ៊ុន Guangxi Forword នៃ សាធារណរដ្ឋប្រជាមានិតចិន ហើយឧបករណ៍ ទាំងនេះមានសមត្ថភាពត្រួតពិនិត្យរក ១- សារធាតុហាមឃាត់ដូចជា Melamine, Malachite Green, Sudan Red ២-ថ្នាំហាម ឃាត់ ដូចជា Clenbuterol, Ractopamine, Salbutamol, Phenylethanolamine A ៣-ពិនិត្យរកជាតិពណ៌ (Pigments) 4-Food Additives និងសារធាតុ អង់ទីប៊ីយ៉ូទិក ។

NKD-36x6_outline

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថាថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលតែងតែរឹតចំណងមិត្តភាពជាមួយកម្ពុជាបានល្អ និងមានភាពស្និទ្ធស្នាលបំផុតក្នុងចំណោមបណ្តាប្រទេសជាមិត្តទាំងអស់។ ក្នុងចំណោមប្រទេសដែលកម្ពុជា ទទួលបានជំនួយគាំទ្រកន្លងមក គឺមានតែប្រទេសចិនទេដែលមានភាពលេចធ្លោក្នុងការជួយជ្រោមជ្រែងដល់ការអភិវឌ្ឍកម្ពុជា ហើយថ្មីៗនេះតាមរយៈការដាក់ចេញនូវ គោល​នយោបាយខ្សែក្រវាត់មួយ និងវិថី សូត្រមួយរបស់លោកស៊ីជីងពីង ប្រធានា ធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានជំរុញឲ្យទំនាក់ទំនងរវាង កម្ពុជា-ចិន កាន់តែមានភាពរឹងមាំ ។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រដ្ឋាភិបាលចិនពិតបានផ្តល់នូវការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តជាច្រើនដល់កម្ពុជា ហើយបន្ថែមពីលើនោះចិនក៏បានជួយគាំទ្រនូវផ្នែកបច្ចេក ទេសដល់កម្ពុជាផងដែរ ។ ជាក់ស្តែងពិធី ប្រគល់ទទួលម៉ាស៊ីនតេស្តសំណល់ថ្នាំ កសិកម្មដោយឆាប់រហ័ស នាពេលនេះ បង្ហាញនូវស្មារតីនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាលចិនជាមួយ កម្ពុជា ។

ដោយឡែកលោករដ្ឋមន្រ្តី ក៏បាន ស្នើដល់ក្រុមហ៊ុន Guangxi Forword ពិនិត្យ លើការគាំទ្រក្នុងការដំណើរការមន្ទីរ ពិសោធន៍ នៅសាលាកសិកម្មព្រែកលៀប ដើម្បី ពង្រឹងសមត្ថភាពមន្រ្តីរបស់ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទឲ្យមានសមត្ថភាពពេញលេញក្នុងការដំណើរការ មន្ទីរ ពិសោធន៍ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕ ហេង សូរិយា