ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសសម្ដែងការសោកស្ដាយចំពោះស្ថានទូតមួយចំនួនប្រចាំនៅកម្ពុជាដែលជ្រៀតជ្រែកបញ្ហាផ្ទៃក្នុង

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានសម្តែងការសោកស្ដាយចំពោះស្ថានទូតមួយចំនួនដែលបានជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់កម្ពុជាដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ ជាពិសេសការអនុវត្តរបស់តុលាការទាក់ ទងនឹងសំណុំរឿងចាប់ខ្លួនមន្ត្រីអង្គការ សង្គមស៊ីវិល និងបញ្ហាលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ។

ការលើកឡើងរបស់ក្រសួងការបរទេស យ៉ាងដូច្នេះគឺបានធ្វើឡើងតែប៉ុន្មានថ្ងៃ ប៉ុណ្ណោះបន្ទាប់ពីស្ថានទូតបរទេសមួយចំនួន ប្រចាំនៅកម្ពុជាបានលើកឡើងថា កម្ពុជា កំពុងមានភាពតានតឹងខាងនយោបាយដ៏គ្រោះថ្នាក់នាពេលថ្មីៗនេះ ហើយក៏បាន អំពាវនាវឲ្យមានការបញ្ឈប់ជាបន្ទាន់ខាងផ្លូវតុលាការប្រឆាំងនឹងមេដឹកនាំគណបក្ស ប្រឆាំង និងតំណាងអង្គការសង្គមស៊ីវិលមួយ ចំនួនផងដែរ ។ តែយ៉ាងណាក្តីក្រសួងការបរទេសអះអាងថា ការលើកឡើងរបស់ ស្ថានទូតទាំងនោះហាក់បីដូចធ្វើមិនយល់អំពីច្បាប់អ្វីទាល់តែសោះ។

យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិដែលបានចេញនៅថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០១៦បានឲ្យដឹងថា រយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះក្រសួងបានមើលឃើញនូវប្រតិកម្មពីសំណាក់ស្ថានបេសកកម្មការទូតមួយចំនួននៅភ្នំពេញដែលបានសម្តែងការងឿងឆ្ងល់និងការព្រួយបារម្ភ នានាចំពោះដំណើរការអនុវត្តនីតិវិធីរបស់ តុលាការកម្ពុជានាពេលកន្លងមកនេះ។

សេចក្តីជូនដំណឹងបានបន្តថា ទាក់ទងនឹងបញ្ហានេះក្រសួងការបរទេសយល់ ឃើញថា ប្រតិកម្មខាងលើនេះបានបង្ហាញឲ្យឃើញពីការមិនយល់ឬការមិនចង់យល់អំពីវិធាននៃការអនុវត្តក្រមព្រហ្មទណ្ឌ និង ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាជាដើម ។

ក្រសួងបានលើកឡើងទៀតថា ការសូកប៉ាន់សាក្សីត្រូវបានផ្ដន្ទាទោសនៅក្នុង ប្រទេសប្រជាធិបតេយ្យទាំងអស់ ហើយ ជាពិសេសនៅក្នុងប្រទេសសមាជិកសហ ភាពអឺរ៉ុប ។ ការផ្ដន្ទាទោសនេះក៏មានដូចគ្នានៅប្រទេសកម្ពុជាដែរ ។

ក្រសួងបានពន្យល់ទៀតថា ការបដិសេធ មិនចូលខ្លួនមកឆ្លើយបំភ្លឺតាមការកោះហៅរបស់អយ្យការអាចត្រូវបានផ្តន្ទាទោសនៅក្នុងប្រទេសប្រជាធិបតេយ្យទាំងអស់ ពិសេស រដ្ឋសមាជិកទាំងអស់របស់សហភាពអឺរ៉ុបយ៉ាងដូច្នេះឯង ហើយនៅប្រទេសកម្ពុជាក៏មានដូចនេះដែរ ។

បន្ទាប់ពីបណ្តាស្ថានទូតមួយចំនួនបានលើកឡើង ដោយដាក់សម្ពាធដល់រាជរដ្ឋាភិបាលនោះក្រសួងការបរទេសមានការ ភ្ញាក់ផ្អើល និងសោកស្ដាយចំពោះការជ្រៀត ជ្រែកបែបនេះចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋ អធិបតេយ្យមួយដែលគ្រាន់តែអនុវត្តវិធានការនិងនីតិវិធីផ្លូវច្បាប់និងតុលាការដូចគ្នានឹងការអនុវត្តវិធាន និងនីតិវិធីផ្លូវច្បាប់និងតុលាការរបស់រដ្ឋដែលជាម្ចាស់ប្រតិកម្ម ខាងលើនេះ ៕ ហេង សូរិយា

xsd


ចែករំលែក៖