ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសស្តាយចំពោះការផ្អាកទិដ្ឋាការរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍មួយដោយសម្តែងអារម្មណ៍សោកស្តាយចំពោះការផ្អាកផ្តល់ទិដ្ឋាការតាម លក្ខខណ្ឌពិសេសចំពោះមន្ត្រីជាន់ខ្ពស់កម្ពុជា របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។

អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា វិធានការបែបនេះមិនបាន ពិចារណាពីតថភាពនយោបាយ និងជាការមើលស្រាលទាំងស្រុងដល់ឯករាជ្យនៃ ប្រព័ន្ធច្បាប់ និងតុលាការរបស់កម្ពុជា ។

ក្រសួងការបរទេសនិងសហប្រតិបត្តិ កម្មអន្តរជាតិចាត់ទុកសកម្មភាពឯកតោ ភាគីនេះមានមូលហេតុនយោបាយ និងមានភាពលំអៀងមិនប្រកបដោយគតិច្បាប់ ហើយដែលផ្ទុយនឹងការខិតខំប្រឹងប្រែង បច្ចុប្បន្នរបស់ប្រទេសទាំងពីរនៅក្នុងការ អភិវឌ្ឍទំនាក់ទំនងយូរអង្វែង និងកិច្ចសហ ប្រតិបត្តិការទ្វេភាគី ។

ក្រសួងការបរទេសចាត់ទុកប្រតិកម្មរបស់អាល្លឺម៉ង់ចំពោះការវិវត្តផ្នែកនយោបាយថ្មីៗនៅកម្ពុជាគ្មានភាពស្មោះត្រង់និងមានស្តង់ដារពីរ បើពិនិត្យទៅលើប្រព្រឹត្តិកម្មខុសគ្នា របស់អាល្លឺម៉ង់ ចំពោះប្រទេសផ្សេងៗពាក់ព័ន្ធនឹងបញ្ហាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ។

ទោះជាមានការសម្រេចចិត្តបែបនេះក៏ដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបញ្ជាក់ជាថ្មីម្តងទៀតពីការតាំងចិត្តឥតងាករេរបស់កម្ពុជាក្នុងការអនុ វត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដោយអនុលោមតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាក្នុង ការពង្រឹងនីតិរដ្ឋ និងរៀបចំការបោះឆ្នោតសភានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខដោយសេរី យុត្តិធម៌ និងមានរបៀប រៀបរយ ៕ ហេង សូរិយា