ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងជំរុញការពង្រឹងគុណភាពផ្នែកបដិសណ្ឋារកិច្ចត្រៀមទាក់ទាញទេសចរបរទេស ៧លាននាក់

ភ្នំពេញ៖ មន្ត្រីក្រសួងទេសចរណ៍បានប្រកាសក្រើនរំឭកជាថ្មីម្តងទៀតដល់ម្ចាស់ភោជនីយដ្ឋានសណ្ឋាគារ និងកន្លែងកំសាន្តឱ្យពង្រឹងគុណភាពផ្នែកបដិសណ្ឋារកិច្ចខណៈផែនទាក់ទាញទេសចរបរទេសឱ្យបានប្រមាណ៧លាននាក់កាន់តែខិតជិតមកដល់ ។ ការប្រកាសនេះធ្វើឡើងក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រចំនួនជាង១.២០០នាក់ដល់អ្នកកំពុងបម្រើការងារបដិសណ្ឋារកិច្ចតុការភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ក្នុងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃទី១១ខែកក្កដានេះ ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍លោកប៉ាក់សុខុមមានប្រសាសន៍ថាការយកចិត្តទុកដាក់របស់ផ្នែកភោជនីយដ្ឋានផ្ទះសំណាក់សណ្ឋាគារ និងកន្លែងកំសាន្តក្នុងការផ្តល់សេវាជូនភ្ញៀវប្រកបដោយភាពញញឹមរាក់ទាក់ និងឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវគឺជាធាតុចាំបាច់មិនអាចខ្វះបានឡើយ ។ លោកបានបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យដាក់ចេញនូវចេញនូវចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ដូចជា៖សេវាកម្មទទួលភ្ញៀវប្រកបដោយភាពញញឹមរាក់ទាក់ និងរហ័សសេវាកម្មបម្រើម្ហូបអាហារ និងភេសជ្ជៈប្រកបដោយអនាម័យគុណភាព និងតម្លៃសមរម្យជាដើម ។ លោកបន្តថាគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានរៀបចំស្ដង់ដាវាយតម្លៃដោយផ្នែកតាមអភិក្រម«ធ្វើឱ្យបានធ្វើឱ្យលឿន និងមានតម្លាភាព» និងបានបែងចែកជា៣សូចនាករគោលគឺការផ្តល់សេវាឱ្យបាន និងប្រកបដោយគុណភាពការផ្ដល់លឿនទាន់ពេលវេលា និងត្រឹមត្រូវការផ្តល់សេវាជូនភ្ញៀវដោយស្មើភាព និងមានការទទួលខុសត្រូវ ។

នាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជារាជធានីភ្នំពេញលោកឡីសុភាពបានគាំទ្រក្នុងការជំរុញឱ្យវិស័យទេសចរណ៍របស់កម្ពុជាកាន់តែមានទាក់ទាញទាំងទេសចរជាតិ និងអន្តរជាតិតាមរយៈការពង្រឹងគុណភាពផ្នែកបដិសណ្ឋារកិច្ច និងម្ហូបអាហារនៅតាមសណ្ឋាគារផ្ទះសំណាក់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា ។ លោកបានថ្លែងថាវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាត្រូវការទាំងកន្លែងស្នាក់នៅសេវាកម្មម្ហូបអាហារ និងសេវាកម្មក្នុងវិស័យបដិសណ្ឋារកិច្ចលំដាប់ខ្ពស់ដើម្បីបំពេញតម្រូវការរបស់អតិថិជន ។

គួរបញ្ជាក់ដែរថារាជរដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅទាក់ទាញទេសចរបរទេសឱ្យបានប្រមាណ៦លាន២សែននាក់នៅឆ្នាំ២០១៨នេះ និងប្រមាណ៧លាននាក់នៅត្រឹមឆ្នាំ២០២០ដើម្បីនាំមកនូវចំណូលសរុបប្រមាណ៥.០០០លានដុល្លារអាមេរិក និងបង្កើតឱកាសការងារដល់ពលកម្មក្នុងស្រុកប្រមាណ១លាននាក់ និងបន្តឆ្ពោះឱ្យបានប្រមាណ១៥លាននាក់នៅឆ្នាំ២០៣០ដោយនាំមកនូវចំណូលសរុបប្រមាណ១០ពាន់លានដុល្លារអាមេរិក និងបង្កើតឱកាសការងារប្រមាណ២លាននាក់៕ វឌ្ឍនា