ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹកឲ្យពលរដ្ឋខេត្តបាត់ដំបងប្រយ័ត្នខណៈទឹកស្ទឹងសង្កែឡើងដល់១២ម៉ែត្រ

ខេត្តបាត់ដំបង ៖ ទឹកស្ទឹងសង្កែខេត្ត បាត់ដំបងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៥ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៨ បានហក់ឡើងខ្ពស់រហូតដល់១២ម៉ែត្រហើយ។ ជាមួយស្ថានភាពទឹកឡើង បែបនេះក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ព្រោះស្ថិតក្នុងភាពជិតប្រកាសអាសន្ន ហើយ ។

នៅលើហ្វេសប៊ុករបស់ខ្លួនកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ច្រើនជាបន្តបន្ទាប់នៅ តំបន់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រស្រុក សំឡូត ខេត្តបាត់ដំបងបានបង្កឲ្យទឹកនៅ ក្នុងអាងទឹកពហុបំណងបាត់ដំបងក្នុងស្រុករតនមណ្ឌលកើនឡើងយ៉ាងគំហុកកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ។

ជាមួយគ្នានេះមន្ទីរធនធានទឹក និងឧតុ និយមខេត្តបាត់ដំបងបាននិងកំពុងសហការជាមួយក្រុមហ៊ុនសាងសង់របស់ចិន បើកទ្វារទឹកអាងទាំង៧ប្រឡោះដើម្បីរំដោះ ធារទឹកមួយផ្នែកទៅកាន់ប្រព័ន្ធធារាសាស្ត្រ កង្ហតសម្រាប់ផ្គត់ផ្គង់ឲ្យការងារបង្កបង្កើនផលរបស់កសិករ និងមួយផ្នែកទៀតទម្លាក់តាមស្ទឹងសង្កែសម្រាប់ផ្គត់ផ្គង់ឲ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅផ្នែកខាង ក្រោម ។

ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបងបាន លើកឡើងថា ឥទ្ធិពលអាកាសធាតុរង សម្ពាធប៉ុន្មានថ្ងៃចុងក្រោយនេះបានបង្កឲ្យ ទឹកភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់នៅក្នុងខេត្តបាត់ដំបង និងនៅតំបន់ប៉ែកខាងលើជាប់ខេត្តបាត់ដំបងដូចជានៅប្រទេសថៃ តំបន់ ខេត្តប៉ៃលិន និងស្រុកសំឡូតជាដើមជា ហេតុរុញច្រានទឹកយ៉ាងគំហុកចូលមកក្នុងស្ទឹងសង្កែរហូតកម្ពស់១២ម៉ែត្រ ។

រយ:ពេលទឹកភ្លៀងហក់ឡើងខ្លាំងនេះចាប់តាំងពីថ្ងៃទី៩ មកដល់ថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៨ ទឹកស្ទឹងបានឡើងជា បន្តបន្ទាប់រហូតដល់កម្ពស់១២ម៉ែត្រ ខណៈ ពេលមុនថ្មីៗនេះទឹកស្ទឹងសង្កែមានកម្ពស់ត្រឹមបាតស្ទឹងប៉ុណ្ណោះ ។

លោក ឡុង ផល្គុណ ប្រធានមន្ទីរធន ធានទឹក និងឧតុនិយមខេត្តបាត់ដំបងធ្លាប់បានលើកឡើងកន្លងទៅថា កាលណាទឹកភ្លៀងបន្តធ្លាក់ច្រើននៅប៉ែកខាងលើជាហេតុនាំឲ្យទឹកភ្លៀងបានហូរចាក់ចូលមកចាល់ នឹងទំនប់ពហុបំណងសេកសកក្នុងស្រុក រតនមណ្ឌល និងសំណង់ទ្វារទឹកធារាសាស្រ្ត កង្ហតក្នុងស្រុកបាណន់រួចហើយមន្ត្រីជំនាញបានបើកទ្វារទឹកនោះដើម្បីរក្សាកម្ពស់ទឹកក្នុងទំនប់ឲ្យនៅដដែលធ្វើឲ្យទឹកក្នុងស្ទឹងសង្កែឡើងខ្ពស់តែម្តង ៕ ហេង សូរិយា