ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងវប្បធម៌ស្នើឲ្យសិល្បករបញ្ចប់ការប្រើពាក្យអសុរោះលើហ្វេសប៊ុក

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឲ្យសិល្បករ បន្តរក្សាបាននូវភាពថ្លៃថ្នូររបស់ខ្លួន និងបញ្ឈប់នូវ រាល់ការប្រើប្រាស់ពាក្យសម្តីអសីលធម៌ ជេរប្រមាថគ្នា ពិសេសនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្រោយពីគេ សង្កេតឃើញថា មួយរយៈចុងក្រោយនេះ មានសិល្បករមួយចំនួនបានយកបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក គឺជាទីលានវាយប្រហារ ជេរប្រមាថ តិះដៀលគ្នាយ៉ាងចាស់ដៃ រហូតដល់ព្រមានប្តឹងផ្តល់គ្នា ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ថៃនរៈ សត្យា រដ្ឋលេខាធិការក្រសួងបានទទូចសុំឲ្យតារាសិល្បៈ បញ្ឈប់ការប្រើពាក្យសម្ដីអសុរោះ ជាសាធារណៈ ដោយក្រសួងចាត់ទុកថា នេះជាទង្វើនាំឲ្យប៉ះពាល់ដល់តម្លៃរបស់សិល្បៈ និងស្ត្រីខ្មែរ ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា សិល្បករ គឺជាបុគ្គលដែលមានអំណោយផលពីធម្មជាតិលើស ពីមនុស្សដែលមានអាជីពផ្សេង ដោយសារតែតារាទាំងនោះ មានទឹកដមសំឡេងល្អ និងមានរូបសម្រស់ស្រស់ស្អាត ទើបបានក្លាយជាតារាល្បី ។

ដូច្នេះលោកស្រីយល់ថា ជាការសោកស្ដាយ ប្រសិនបើតារាណាម្នាក់ បន្ទាបតម្លៃខ្លួនឯង ដោយសារតែរឿងចង់ឈ្នះ ចង់ចាញ់ ហើយបង្ហោះសំណេរអសុរោះ ផ្សេងៗ ជាសាធារណៈ ដែលធ្វើឲ្យមានការប៉ះទង្គិចដល់តម្លៃអ្នកសិល្បៈទូទៅ ។

លោកស្រីថា តារាសិល្បៈ គួរតែប្រើពេលវេលាសិក្សា ចំណេះវិជ្ជាឲ្យបានជ្រៅជ្រះបន្ថែមពីលើទេពកោសល្យ ដែលមានស្រាប់ ដើម្បីលោតឲ្យផុតនូវរឿងចង់ឈ្នះ ចង់ចាញ់ ហើយងាកមកគិតពីសេចក្ដីថ្លៃថ្នូររបស់ខ្លួនឡើងវិញ ។

លោកស្រីបន្តទៀតថា ក្នុងនាមជាតារាមហាជន តារាគ្រប់រូប ត្រូវធ្វើជាគំរូនូវគ្រប់សកម្មភាព ដោយមិនមែនសម្អាងថា ជារឿងរបស់ខ្លួន ក៏ចេះតែតុបតែងខ្លួនស៊ិចស៊ីហួសហេតុ អាងតែជារឿងបុគ្គល ក៏បង្ហោះសំណេរអសុរោះជាសាធារណៈ ឈ្លោះជាមួយអ្នកនេះ ជាមួយអ្នកនោះ ដោយមិនគិតពីផលប៉ះពាល់នោះឡើយ ។

លោកស្រីបានថ្លែងពីការសោកស្តាយផងដែរ នៅពេលដែលបានឃើញសារឈ្លោះគ្នារបស់សិល្បករជាមួយមហាជន និងអ្នកសិល្បៈដូចគ្នា ដោយមានទាំងការប្រើពាក្យមិនសមរម្យផងដែរ ។ លោកស្រីរដ្ឋមន្ត្រី ក៏ស្នើឲ្យអ្នកសិល្បៈ ជជែកគ្នា ដោះស្រាយគ្នាជាជាងមាក់ងាយគ្នា និងប្រើសម្ដីចង់ឈ្នះ ចង់ចាញ់ ដែលនាំមហាជនទម្លាក់តម្លៃរបស់អ្នកសិល្បៈទាំងមូល ។

ថ្លែងស្រដៀងគ្នានេះដែរ លោក ថៃនរៈ សត្យា រដ្ឋលេខាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានលើកថា តារាសិល្បៈ គួរកុំប្រើមធ្យោបាយចង់ឈ្នះ ចង់ចាញ់ ហើយកុំធ្វើខ្លួនឲ្យមានការប៉ះពាល់ជាសាធារណៈ ។ លោកបន្តទៀតថា ប្រសាសន៍របស់លោកស្រីរដ្ឋមន្ត្រីគឺជាការពញាក់អារម្មណ៍ធំមួយ ដើម្បីឲ្យតារាសិល្បៈចេះស្រឡាញ់តម្លៃខ្លួនឯង ហើយចេះស្វែងរកវិធីដោះស្រាយផ្សេង ដើម្បីកុំឲ្យមានការមើលស្រាលពីសំណាក់មនុស្សទូទៅ ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ក្រសួងវប្បធម៌ មិនមានចំណាត់ការចំពោះករណីតារាសិល្បៈឈ្លោះគ្នា និងតារាសិល្បៈ ប្រើពាក្យសម្ដីអសុរោះ មិនសមរម្យជាសាធារណៈដាក់គ្នានោះទេ ប៉ុន្តែលោកស្រី ភឿង សកុណា បានអះអាងថា ប្រសិនបើករណីដែលបានកើតវាមានកម្រិតធ្ងន់ ហើយធ្វើឲ្យប៉ះពាល់ដល់តម្លៃអ្នកសិល្បៈខ្លាំងពេកនោះ ក្រសួងនឹងមានវិធានការដូចគ្នានឹងករណីដែលបានណែនាំទៅលើ ដេនីក្វាន់ ដូច្នេះដែរ ។

លោក សុះម៉ាច ប្រធានសមាគមសិល្បករខ្មែរ ក៏ទទូចសុំឲ្យតារាសិល្បៈចេះរម្ងាប់អារម្មណ៍ និងចេះធ្វើខ្លួនឲ្យមានតម្លៃឲ្យស្របនឹងប្រជាប្រិយភាពរបស់ខ្លួនផងដែរ ។ លោកថា តារាសិល្បៈគួរងាកមករួបរួមគ្នាគាំទ្រករណីតារាគ្នាឯងមានទុក្ខជាជាងប្រើពេលឈ្លោះគ្នាឬហែកហួរគ្នាដែលនាំឲ្យតម្លៃរបស់អ្នកសិល្បៈ និងសង្គមចុះខ្សោយ ។ លោករំពឹងថា សិល្បករ នឹងព្យាយាមគិតពីកិត្តិយសមុខមាត់ និងតម្លៃរបស់ខ្លួន ងាកមជជែកគ្នាស្រឡាញ់រាប់អានគ្នា ជាជាងពាក់មុខយក្សដាក់គ្នា ៕ វឌ្ឍនា

IMG_2862

IMG_2910