ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលហាមប្រើផលិតផលលាបលើប្រដាប់ភេទបុរសនិងឱសថបំប៉នផ្លូវភេទ៤ប្រភេទ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងពីការហាមប្រើប្រាស់ ផលិតផល GEL លាបលើប្រដាប់ភេទបុរសឈ្មោះ “DEVELOPPE SEX” រួមទាំង ឱសថបំប៉នផ្លូវភេទ៣ប្រភេទទៀត។ ផលិត ផលទាំងនេះត្រូវបានផ្សព្វផ្សាយតាម បណ្តាញសង្គមហ្វេសប៊ុកដោយគ្មានចុះ បញ្ជិកា និងគ្មានច្បាប់អនុញ្ញាតពីក្រសួង សុខាភិបាល ហើយក្រសួងសុខាភិបាល បានប្រកាសថា ធ្វើឲ្យប៉ះពាល់សុខភាព រហូតធ្វើឲ្យអ្នកប្រើប្រាស់គាំងបេះដូងស្លាប់ថែមទៀត ។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៨ ក្រសួងសុខាភិបាលបានលើក ឡើងថា ផលិតផលជែលលាបលើប្រដាប់ ភេទបុរសឈ្មោះ “DEVELOPPE SEX” ដែលគេឃោសនាលក់តាមហ្វេសប៊ុករាល់ថ្ងៃនេះបានផ្សព្វផ្សាយអួតអាង បំផ្លើស ហួសពីការណ៍ពិតដូចជាថា ជួយធ្វើឲ្យ ប្រដាប់ភេទបុរសធំហើយវែង រឹងមាំ ពន្លូត និងពង្រីកតាមបែបធម្មជាតិមិនស្រកវិញ មិនប៉ះពាល់សុខភាពសុវត្ថិភាពក្នុងការប្រើប្រាស់១០០ភាគរយ ។ល។

ក៏ប៉ុន្តែក្រសួងសុខាភិបាលបានបញ្ជាក់ ថា ផលិតផល GEL លាបលើប្រដាប់ភេទ បុរសឈ្មោះ “DEVELOPPE SEX” នេះ ធ្វើឲ្យប៉ះពាល់ដល់សុខភាពឬឈានដល់បាត់បង់អាយុជីវិតដោយសារគាំងបេះដូង ឬងាប់ប្រដាប់ភេទបុរសប្រើការលែងកើត។ ដូច្នេះក្រសួងសុខាភិបាលបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យឈប់ប្រើប្រាស់ផលិតផលលាបលើប្រដាប់ភេទបុរស ជាពិសេសផលិតផលGEL ដែល លាបលើប្រដាប់ភេទបុរសឈ្មោះ “DEVELOPPE SEX” ដែលផលិតផលនេះពុំបានត្រួតពិនិត្យគុណភាពចុះបញ្ជិកាគ្មានក្រុមហ៊ុនស្របច្បាប់ និងគយមានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ ។

ក្រសួងសុខាភិបាលក៏បានតម្រូវឲ្យម្ចាស់គណនីដែលបានផ្សព្វផ្សាយលក់ផលិត ផលលាបប្រដាប់ភេទបុរសខាងលើនេះ ត្រូវបញ្ឈប់ការនាំចូលផ្សព្វផ្សាយលក់ ឬ ចែកចាយផលិតផលជែលលាបលើប្រដាប់ភេទបុរសឈ្មោះ “DEVELOPPE SEX” ខុសច្បាប់នេះជាបន្ទាន់។ ក្រសួងក៏បាន ប្រកាសចាត់វិធានការតឹងរ៉ឹងទៅតាមផ្លូវ ច្បាប់ចំពោះម្ចាស់គណនីមួយចំនួនដែលនាំចូលផ្សព្វផ្សាយលក់ ឬចែកចាយផលិតផលជែលលាបលើប្រដាប់ភេទបុរសនេះ ផងដែរ ។

សូមរំលឹកថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងសុខាភិបាលក៏បានចេញ សេចក្ដីជូនដំណឹងដល់សាធារណជនឲ្យ បញ្ឈប់ប្រើប្រាស់ឱសថបំប៉នផ្លូវភេទបុរស ចំនួន៣ប្រភេទដែលកំពុងចរាចរណ៍នៅលើទីផ្សារកម្ពុជា ព្រោះតែឱសថទាំងនោះ ពុំបានចុះបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលនោះឡើយ។ ឱសថ បំប៉នផ្លូវភេទទាំងនោះរួមមាន Plus Fort ផលិតផលប្រទេសបារាំង, Gold Ant USA ផលិតផលរបស់អាមេរិក និងSuper Storm ផលិតផលរបស់ថៃ ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ផលិតផលបំប៉នផ្លូវភេទបុរសទាំង៣ប្រភេទនេះបានផ្សព្វផ្សាយអួតអាងបំផ្លើសហួសពីការណ៍ពិត ហើយថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ឬឈានដល់ការបាត់ បង់អាយុជីវិតអ្នកប្រើប្រាស់ទៀតផង(ស្លាប់ដោយសារគាំងបេះដូង) ៕ ហេង សូរិយា