ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​អប់រំ​ ៖​ ដំណើរការ​ប្រឡង​បាក់ឌុប​ ព្រឹក​ថ្ងៃ​ទី​២​ ប្រព្រឹត្ត​ទៅ​ដោយ​រលូន​

ភ្នំពេញ​៖ ​ដំណើរ​ការ​សំណេរ​នា​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៨ ដែល​ជា​​ព្រឹក​​ថ្ងៃ​ទី​២ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​ បាក់ឌុប​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើត​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ ។

ហ្វេសប៊ុក​ផេក​ផ្លូវការ​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ សរសេរ​ថា​ នៅ​តាម​មណ្ឌល​ប្រឡង​នីមួយ​ៗ បាន​ដំណើរ​ការ​ដោយ​ភាព​ស្ងប់ស្ងាត់ និង​របៀប​រៀបរយ​ល្អ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​គណៈកម្មការ​មេ​ប្រយោគ​គ្រប់​លំដាប់​ថ្នាក់ មន្ត្រី អ្នក​សង្កេតការណ៍ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ។ ជា​ទូទៅ​បេក្ខជន​បាន​គោរព​បទប្បញ្ញត្តិ​នៃ​ការ​ប្រឡង​បាន​យ៉ាង​ល្អ ដោយ​ពុំ​មាន​នាំមក​ជាមួយ​នៅ​សំណៅ​ឯកសារ ឬ​ឧបករណ៍​ហាម​ឃាត់​ឡើយ និង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀង​ៗ​ខ្លួន​។

ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២នេះ មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១១៥​ ២៦៨ នាក់ ស្រី ៥៨ ១៥៨ នាក់ អវត្តមានសរុបចំនួន១ ៨០៦នាក់ ស្រី ៧២៣នាក់។ ដោយ​ឡែក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ចំនួន ៣១​ករណី ក្នុង​នោះ​អនុរក្ស​មាន​២​ករណី និង​អ្នក​សង្កេត​ស្ម័គ្រ​ចិត្ត​ ០១​ករណី និង​បេក្ខជន​ចំនួន​២៨ករណី ប៉ុន្តែ​អាច​ដំណើរ​ការ​ប្រឡង​បន្ត​ទៀត​បាន បន្ទាប់​ពី​ទទួល​បាន​ការសង្គ្រោះ​បឋម ក្នុង​នោះ​ ០៣ករណី ​ត្រូវ​​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​អាច​ត្រឡប់​មក​បន្ត​ការ​ប្រឡង​វិញ ០១ករណី និង​ ០២ករណី មិន​អាច​ត្រឡប់​មក​បន្ត​ការ​ប្រឡង​បាន​ទៀត​ឡើយ ។ បុគ្គលិក​អប់រំ​មាន​កំហុសឆ្គង០៣​ករណី ដោយ​​ទុក​ទូរស័ព្ទ​ជាប់​ខ្លួន​ច ត្រូវ​បាន​បញ្ឈប់​មិន​អនុញ្ញាត​ឲ្យ​បន្ត​ការងារ​ត្រូវ​បាន​បញ្ឈប់​មិន​អនុញ្ញាត​ឲ្យ​បន្ត​ការងារ ។ សម្រាប់​អាកាសធាតុ​នៅ​តាម​មណ្ឌល​ប្រឡង​មួយ​ចំនួន​នៅ​តែ​បន្ត​មាន​ភ្លៀង​ធ្លាក់​ដូចជា ខេត្ត​កែប ​ព្រះសីហនុ រតនគិរី និង​ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​សំណេរ​របស់​បេក្ខជន​ឡើយ៕ ចេស្តា