ព័ត៌មានទាន់ហេតុការណ៍៖

ក្រឡបុរាណសម័យអង្គរចំនួន២ត្រូវបានអ្នកភូមិប្រគល់ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានប្រកាសអោយដឹងនៅថ្ងៃនេះថា ក្រោយរក្សាទុកអស់រយៈពេល១៥ឆ្នាំ អ្នកស្រុកគោកដូងបានស្ម័គ្រចិត្តប្រគល់ក្រឡបុរាណសម័យអង្គរចំនួន២ ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ។

លោក ប៉ុក វណ្ណា ប្រធានសេវាកម្មប្រតិបត្តិការនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប ជាពលរដ្ឋនៅសង្កាត់ទឹកវិល ក្រុងសៀមរាប បានស្ម័គ្រចិត្តប្រគល់ក្រឡបុរាណសម័យអង្គរចំនួន២ជូនអាជ្ញាធរជាតិអប្សរាថែរក្សានិងអភិរក្សដើម្បីទុកជាសម្បត្តិមរតកវប្បធម៌ជាតិ បន្ទាប់ពីរក្សាទុកនៅផ្ទះអស់រយៈកាល១៥ឆ្នាំ។

លោក វណ្ណា បានឲ្យដឹងថា «ក្រឡទាំងពីរនេះឪពុកក្មេកលោកទេជាអ្នករកឃើញកាលពី ១៥ឆ្នាំមុននៅភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាបក្នុងរណ្តៅដែលគាត់ជីកដីលក់។

បន្ទាប់មកគាត់ក៏ប្រគល់វាមកឲ្យខ្ញុំជាអ្នករក្សាទុកវិញពេលដែលខ្ញុំរៀបការហើយមកធ្វើផ្ទះរស់នៅក្រុងសៀមរាប។ ម្តាយក្មេកគាត់ក៏បានប្រាប់ដែរ ពេលឃើញដំបូងគឺមានក្រឡចំនួន៣តម្រៀបគ្នា សុទ្ធតែមានគម្របទាំងអស់ តែបានបែកអស់មួយ រួមនឹងគម្របផងដោយសារកម្មករបំបោកសាកមើលក្រែងមានកំណប់នៅក្នុងនោះ លុះចុងក្រោយមានតែដីទាំងអស់ ហើយក្រឡដែលនៅសល់ឪពុកក្មេកគាត់ក៏រក្សាទុករហូត»។

លោក វណ្ណា បានបញ្ជាក់ទៀតថា លោកមិនដែលមានបំណងលក់ដូរវត្ថុបុរាណទាំង២នេះទេ ម្យ៉ាងក្រោយពីយកក្រឡនេះទុកក្នុងផ្ទះក៏មិនមានរឿងអ្វីអាក្រក់កើតឡើងដែរ បើទោះតាមជំនឿបុរាណគេតែងនិយាយថាអាចនឹងមានរឿងមិនល្អកើតឡើងនៅក្នុងគ្រួសារនោះ នៅពេលមានវត្ថុបុរាណរក្សាទុកក្នុងផ្ទះក៏ដោយ។

ចំពោះមូលហេតុដែលស្ម័គ្រចិត្តប្រគល់ក្រឡទាំង២នេះជូនអាជ្ញាធរជាតិអប្សរារក្សាទុក ក៏ព្រោះលោកយល់ថា វានឹងមានសុវត្ថិភាពជាងទុកនៅផ្ទះ ដែលអាចនឹងបែកបាក់នៅពេលណាមួយដោយសារកូនចៅរត់ប៉ះជាដើម។

ក្នុងនោះលោកក៏បានឃើញព័ត៌មានផ្សព្វផ្សាយអំពីពលរដ្ឋយកវត្ថុបុរាណផ្សេងៗដែលជីកបានទៅប្រគល់ឲ្យអាជ្ញាធរជាតិអប្សរារក្សាទុកផង ក៏ចង់ចូលរួមចំណែកថែរក្សាមរកតដូនតាឲ្យមានតម្លៃជាសាកល ជាជាងរក្សាទុកនៅផ្ទះដែលល្អតែម្នាក់ឯង ហើយគ្មានជំនាញថែរក្សាវាទៀត បើបែកបាក់ មានតែបោះចោលឥតការ។

ទាក់ទិននឹងក្រឡទាំង២នេះ អ្នកជំនាញកុលាលភាជន៍របស់អាជ្ញាធរជាតិអប្សរា លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរអះអាងថា វាពិតជាក្រឡដែលបានផលិតឡើងនៅក្នុងសម័យអង្គរកំឡុងសតវត្សរ៍ទី៩ដល់ទី១៣នៃគ្រិស្តសករាជ។

NKD-36x6_outline

បើទោះបីវាបាត់បង់លក្ខណៈសម្គាល់ខ្លះដោយសារវាកប់ក្នុងដីយូរ ហើយត្រូវបានជាតិអំបិលផ្ទាត់ស្រទាប់រលោងខាងលើក្រឡជិតអស់ ប៉ុន្តែយើងអាចមើលដឹងខ្លះៗតាមរយៈស្លាកស្នាមដែលនៅសេសសល់ គឺស្ថិតក្នុងសម័យអង្គរដូចគ្នា តែខុសកាលបរិច្ឆេទគ្នាបន្តិច។

ក្រឡមួយគឺមានស្រទាប់រលោងពណ៌បៃតងផលិតនៅចន្លោះសតវត្សរ៍ទី៩ដល់ទី១០ មានទីតាំងផលិតនៅភ្នំគូលែន អាចនៅឡឫស្សីឬឡអន្លង់ធំ។

ឯមួយទៀតមានស្រទាប់រលោងពណ៌ត្នោត លម្អទៅដោយត្រចៀក៤ជុំវិញផលិតឡើងនៅសតវត្សរ៍ទី១១ដល់ទី១៣នៃគ.ស។

លោកបណ្ឌិត អ៊ា ដារិទ្ធ ក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះបងប្រុស ប៉ុក វណ្ណា ដែលបានរួមចំណែកថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិកុំឲ្យបាត់បង់ទៅថ្ងៃក្រោយ នេះជាមោទនភាពណាស់សម្រាប់ការលះបង់របស់បងប្រុស ដែលមានឧត្តមគតិស្រឡាញ់មរតកវប្បធម៌ជាតិខ្ពស់ដូច្នេះ ពិតជាគួរឲ្យកោតសរសើរនិងគោរពឲ្យតម្លៃ។

គួរបញ្ជាក់ថា អ្នកជំនាញនឹងយកក្រឡបុរាណទាំងនេះទៅរក្សាទុកនៅអាជ្ញាធរជាតិអប្សរាដើម្បីឲ្យអ្នកជំនាញសម្អាតយកជាតិអំបិលចេញ ពង្រឹងស្រទាប់រលោង និងចុះបណ្ណសម្គាល់ដើម្បីទុកតាំងបង្ហាញក្នុងសារមន្ទីរ រួមទាំងសម្រាប់អ្នកសិក្សាស្រាវជ្រាវផងដែរ៕ ហេង សូរិយា

រូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ