ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារមន្ទីរធនធានទឹក នឹងឧតុនិយមខេត្តតាកែវចុះពិនិត្យការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ

ខេត្តតាកែវៈ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៥ មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់ប្រជាកសិករនៅក្នុងឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។
នៅក្នុងឱកាសចុះពិនិត្យនេះលោក ប៊ុន ហួរ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានបញ្ជាក់ជូនថា ចំពោះបញ្ហាប្រភពទឹកនៅទីនេះមានគ្រប់គ្រាន់ដោយយើងមានប្រឡាយមេមួយខ្សែនាំទឹកពីទន្លេបាសាក់មកស្រោចស្រពនៅតំបន់នេះ ។

លោកបន្តថាស្រូវវស្សាដើមរដូវនៅតំបន់នេះមួយភាគធំ បាននិងកំពុងប្រមូលផល ប៉ុន្តែក្នុងនេះក៏នៅមានស្រូវប្រមាណ ១.០០០ហិកតា ដែលកំពុងដាក់គ្រាប់ ហើយនៅឆ្ងាយពីប្រឡាយ អាចនឹងថយទិន្នផលប្រសិនបើគ្មានការជួយអន្តរាគមន៍។ លោក ប៊ុន ហួរ បន្តថា នៅទីនេះយើងមានសហគមន៍កសិករប្រើប្រាស់ទឹកព្រៃរំដេង ដែលក្រសួងបានបង្កើតឡើង។

សហគមន៍នេះក៏មានម៉ាស៊ីនបូមទឹកខ្នាតមធ្យមចំនួន ០២គ្រឿងផងដែរ។ ដូចនេះនៅក្នុងការជួយអន្តរាគមន៍ គឺយើងប្រើប្រាស់ម៉ាស៊ីនបូមទឹករបស់សហគមន៍កសិករប្រើប្រាស់ទឹកព្រៃរំដេង ដែលមាននៅនឹងទីតាំងស្រាប់ ហើយមន្ទីរជួយឧបត្ថម្ភប្រេងឥន្ធនៈ ។

លោក ប៊ុន ហួរ បានបញ្ជាក់បន្ថែមថា មន្ទីរនឹងប្រឹងឱ្យអស់ពីលទ្ធភាព និងប្រើប្រាស់គ្រប់មធ្យោបាយ រហូតដល់បងប្អូនប្រជាកសិករបានប្រមូលផលរួចរាល់ជាស្ថាពរ ៕

thon1

thon3

thon2

thon4

thon5