ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងស្ទាវ៦នាក់ត្រូវនគរបាលប៉ុស្តិ៍ទំនប់ទឹកចាប់ខ្លួន ក្រោយពីបើកឆាកប្រយុទ្ធគ្នាដូចរឿងហុងកុងតាមដងផ្លូវសាធារណៈ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹក បានឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង២ក្រុម ដែលមានមនុស្ស៦នាក់ ព្រមដកហូតដាវ និងដំបង ក្រោយពីពួកគេជិះម៉ូតូដេញវាយគ្នាតាមដងផ្លូវសាធារណៈ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយពេទ្យមិត្តភាពខ្មែរ សូវៀត ផ្លូវ៤៣០ ក្រុម១៩ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

នគរបាលប៉ុស្តិ៍ទំនប់ទឹក បានប្រាប់ឲ្យថា ជនសង្ស័យមានចំនួន៦នាក់ រួមមាន៖ (ភាគី.កចំនួន៣នាក់) ទី១ឈ្មោះ លក្ខ័ ជាហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាបុគ្គលិកខារ៉ាអូខេព្រីន ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដកហូតបានដំបងដែកមួយប្រវែង ១,១០ម៉ែត្រ , ទូរសព្ទដៃម៉ាកណូគា១គ្រឿង, ទី២ ឈ្មោះ គៀត សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំ តុ ទូ ដកហូតបានដំបងដែកទីបប្រវែង ១,២០ម៉ែត្រ និងទី៣ឈ្មោះ ហឿន ជឿន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដកហូតបានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BG-6816 ។

ចំណែកភាគី(ខ)មានចំនួន៣នាក់រួមមាន៖ ទី១ឈ្មោះ សាំង ភក្តី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរជាសន្តិសុខ ជាសិស្សផ្សារដើមថ្កូវ ស្នាក់នៅក្នុងខណ្ឌមានជ័យ ដកហូតបានដាវ១ដើម ប្រវែង០,៦០ម៉ែត្រ, ទី២ឈ្មោះ ឈាង លី ភេទប្រុស អាយុ១៧ឆ្នាំ ដកហូតបានម៉ូតូ១គ្រឿង និងទី៣ឈ្មោះ ឡាញ់ គីមហេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន ស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក បានចុះល្បាតក្នុងភូមិសាស្ត្រ បានប្រទះឃើញជនសង្ស័យចំនួន៨នាក់ ជិះម៉ូតូចំនួន៣គ្រឿង ម៉ាកហុងដាសេ១២៥ ចំនួន២គ្រឿង និងម៉ូតូម៉ាកហុងដាប៊ីត ចំនួន១គ្រឿង បានឈប់ម៉ូតូដៃមានកាន់ដំបង និងដាវ វាយកាប់គ្នា ហើយសមត្ថកិច្ចចូលទៅឃាត់ខ្លួនបាន ជនសង្ស័យទាំង២ភាគី ចំនួន៦នាក់ រួមនិងដំបង២ដើម និងដាវ១ដើម ម៉ូតូ១គ្រឿង។ ចំណែកជនសង្ស័យ២នាក់ទៀតគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ទាំង២ភាគី ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹក សាកសួរ និងឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ