ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ចុះ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ឃុំ​ឈើទាល​

​ខេត្តស្វាយរៀង៖ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ម្សិលមិញ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ដឹកនាំ​ដោយ លោក លេង ផា​លី ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត និង​មាន​ការចូល​រួមសហកា​រ​ពី លោក ហ៊ូ តាំង​អេង រដ្ឋលេខាធិការ​ក្រសួងផែនការ​, លោកស្រី ហង្ស លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​វិទ្យាស្ថាន​ស្ថិតិ​, លោក ម៉ែន វិបុល អភិបាល​នៃ​គណ​អភិបាលខេត្ត​ស្វាយរៀង លោក​លោកស្រី វេជ្ជបណ្ឌិត និង​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​ចំនួន​១៥១​នាក់ បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ដល់​ពលរដ្ឋ​រស់នៅ​ឃុំ​ឈើទាល នៃ​ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​ដោយ​ឥតគិតថ្លៃ។​

​លោក លេង ផា​លី បាន​មានប្រសាសន៍ថា ក្នុង​ការចុះពិនិត្យ​ជំងឺ​នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ពីរពាន់​នាក់​បាន​អញ្ជើញ​មកពី​បណ្តា​ភូមិ​នានា​ចំនួន​១២​ភូមិ មក​ធ្វើការ​ព្យាបាល , ដែល​ការព្យាបាល​នេះ គឺ​ផ្តោត​សំខាន់​ទៅលើ​ជំងឺ​ទូទៅ ជំងឺ​រោគ​ស្ត្រី ជំងឺ​ទឹកនោមផ្អែម ជំងឺ​កុមារ ជំងឺ​សួត ក្រពះ ពោះវៀន ត្រចៀក ភ្នែក ច្រមុះ បំពង់ករ និង​តំរងនោម​ជាដើម។​

​លោក​ថា ថវិកា​ទាំងអស់​ដែល​បាន​ចំណាយ​ក្នុង​ការចុះពិនិត្យ​ព្យាបាល​នេះ គឺ​ទទួលបាន​ការឧបត្ថម្ភ​ផ្ទា​ល់ពី លោក ហ៊ុន ម៉ា​នី ហើយ​ចំពោះ​ឪ​សថ​ទាំងអស់​ដែល​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​គឺមាន​គុណភាព​និង​ប្រសិទ្ធភាព​ខ្ពស់​ដែល​បាន​នាំចូល​ពី​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា ប្រទេស​បារាំង ម៉ា​ឡេ​សី កូ​រេ និង ថៃ ជាដើម ហើយ​ត្រូវបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​ក្រសួងសុខាភិបាល​ផងដែរ។​

NKD-36x6_outline

​លោក​បាន​បញ្ជាក់ថា ការផ្តល់សេវា​ស្ម​គ្រ័​ចិត្ត​នេះ​គឺធ្វើឡើង​បាន​ជំ​នួន​៧៩​លើក​នៅតាម​​បណ្តា​ខេត្ត​នានា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នោះបាន​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​គិត​ចាប់ពី​ខែធ្នូ ឆ្នាំ​២០១២ រហូតមកដល់​បច្ចុប្បន្ន​នេះ មាន​ចំនួន ១២០០២០​នាក់ ហើយ​ការពិនិត្យ​​ព្យាបាល​នេះ​ផងដែរ​គឺ​ផ្អែកលើ​ស្មារតី​មនុស្សធម៌​សុទ្ធ​សា​ទ្ធ ដែល​ស្តែង​ចេញពី​សេចក្តីស្រឡាញ់​​បងប្អូន​ប្រជាពលរដ្ឋ ក្នុងនាម​ជា​ឈាម​ខ្មែរ​ដូចគ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ មិន​ប្រកាន់​និន្នាការ​នយោបាយ​​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​ផ្តោត​សំខាន់​ទៅលើ​បញ្ហារ​សុខភាព​ជា​មូលដ្ឋានគ្រឹះ ដើម្បី​ឆ្ពោះទៅរក​​ភាពជោគជ័យ សុភមង្គល​ជូន​គ្រួសារ និង​សង្គមជាតិ​៕ ហេង សូរិយា