ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រួសារអ្នកជំងឺម្នាក់បានចោទប្រកាន់ពេទ្យឆ្មបម្នាក់ថាបានឲ្យប្រពន្ធរបស់គាត់ដើរទៅលាងរបួសទាំងឈឺ រហូតដល់ស្លាប់

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់ដែលទើបសម្រាលបានកូនមួយរយៈពេល៥ថ្ងៃហើយនោះត្រូវបានស្លាប់ នៅក្នុងអគារសម្ភព នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់គ្រូពេទ្យបានព្យាយាម ឲ្យស្ត្រីរូបនេះដើរទៅលាងរបួស ក្នុងពេលដែលអ្នកជំងឺបានប្រាប់ថា ឈឺដើរមិនរួច ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោងជិត១០ព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ។

បុរសជាប្តី ឈ្មោះ វន ជ្រុយ អាយុ៣៦ឆ្នាំ បានប្រាប់ឲ្យដឹងថា ប្រពន្ធ របស់គាត់មានឈ្មោះ ឈ្មោះ ចេង វិន អាយុ៣៤ឆ្នាំ មានកូន៤នាក់ រស់នៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

បុរសជាប្តីបានឲ្យដឹងទៀតថា ប្រពន្ធរបស់គាត់បានមកសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ការសម្រាលរបស់ប្រពន្ធគាត់ គឺគ្រូតម្រូវវះដើម្បីបង្កើតកូន ។ តាំងពីថ្ងៃសម្រាលរហូតមដល់ថ្ងៃទី១៣នេះ គឺមានរយៈពេល៥ថ្ងៃមកហើយ ។ នៅថ្ងៃកើតហេតុព្រឹកមិញនេះ មានអ្នកគ្រូពេទ្យម្នាក់បានឲ្យប្រពន្ធរបស់គាត់ដើរទៅលាងរបួស នៅបន្ទប់របស់គ្រូពេទ្យ ប៉ុន្តែប្រពន្ធរបស់គាត់បានប្រាប់ថា គាត់ដើរមិនរួចនោះទេគឺ នៅឈឺនៅឡើង ហើយគាត់បានសុំរទេះដើម្បីរុញប្រពន្ធមកបន្ទប់លាងរបួស ត្រូវបានគ្រូពេទ្យប្រាប់ថា អស់ហើយ ។

បុរសរូបនេះបា្រប់ទៀតថា ទោះជាយ៉ាងណាក្តីគ្រូពេទ្យរូបនោះនៅតែបន្តឲ្យប្រពន្ធរបស់គាត់ដើរទៅលាងរបួស ពេលនោះគាត់ជាប្តីបានជូនប្រពន្ធទៅពេលទៅដល់កន្លែងបន្ទប់លាងរបួសក៏ ប្រពន្ធប្រាប់ថា ចុកខ្លាំងណាស់រហូតដល់ដាច់ខ្យល់ស្លាប់តែម្តង ។

បុរសជាប្តីបានប្រាប់ថា មូលហេតុដែលបណ្តាលឲ្យប្រពន្ធរបស់គាត់ស្លាប់ចោលកូនតួចនោះ គឺបណ្តាលមកពីគ្រូពេទ្យនៅក្នុងអគារសម្ភពនេះតែម្តង គាត់មិនបានចាំឈ្មោះគ្រូពេទ្យនេះទេ ប៉ុន្តែគាត់ចំណាំមុខគ្រូពេទ្យនេះ ។

NKD-36x6_outline

ពាក់ព័ន្ធនិងករណីនេះ លោក សូរិន្ទីរ៉ា វុឌ្ឍី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានប្រាប់ថា ករណីនេះកំពុងស្រាវជ្រាវអំពីមូលហេតុដែលបណ្តាលឲ្យស្រ្តីអ្នកជំងឺស្លាប់នេះ ហើយបើតាមការពិនិត្យរបស់ក្រុមគ្រូពេទ្យប្រាប់ថា បច្ចេកទេសនៃការវះកាត់គឺធ្វើបានល្អណាស់ មិនអាចឲ្យស្រ្តីរូបនេះរងគ្រោះបែបនេះទេ ។ ចំពោះការដែលគ្រូពេទ្យនេះឲ្យស្រ្តីនោះដើរនោះគឺជាលក្ខណៈបច្ចេកទេស ក្រោយពីការវះកាត់២៤ម៉ោងស្រ្តីត្រូវតែដើរតិចៗ ថ្នមៗ ។ ដោយឡែកការលើកឡើងរបស់គ្រួសារ ថាគ្រូពេទ្យនៅទីនោះមិនយកចិត្តទុកដាក់នោះ គឺលោកនឹងស្រាវជ្រាវបន្តទៀត ហើយលោកប្រធានមន្ទីរពេទ្យក៏ចូលរួមសោកស្តាយ ចំពោះហេតុការណ៍នេះដែរ ៕ ចន្ថា