ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរប្រដាប់អាវុធប្លន់ម៉ូតូពីនារីម្នាក់បានសម្រេចនៅលើស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ ៖​ នារីម្នាក់ត្រូវបានក្រុមចោរប្លន់ប្រដាប់អាវុធភ្ជង់ប្លន់ យកម៉ូតូហុងដាស៊េរីឆ្នាំ២០០៧ គេចខ្លួនបាត់ដោយសុវត្ថិភាពដោយមិនរំខានទៅដល់សមត្ថកិច្ច ។ ​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅលើស្ពានអាកាសស្ទឹងមានជ័យ​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​រាជធានីភ្នំពញ ។

តាមសម្តីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា​ មុនពេលកើតហេតុរូបនាងបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០០៧​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពញ 1 2257 ដោយមិនចាំអក្សរខាងមុខ​ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១​ ក្នុងទិសដៅពីជើងទៅត្បូងឡើងស្ពានអាកាសស្ទឹងមានជ័យបំណងទៅផ្ទះនៅម្តុំផ្សារដើមថ្កូវខណះមកដល់ចំណុចពាក់កណ្តាលស្ពានអាកាសស្ទឹងមានជ័យស្រាប់តែមានជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូនិកមួយគ្រឿងមិនចាំស្លាកលេខ និងប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមកគៀឲ្យឈប់រួចគំរាមបាញ់សម្លាប់ និងប្លន់យកម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ​

ក្រោយកើតហេតុមានបុរសម្នាក់មកជួបក៏ជូនជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១​ ហើយក៏សមត្ថកិច្ចបាននាំនារីរងគ្រោះមកចង្អុលបង្ហាញទីតាំងកើតហេតុ ភ្លាមៗនោះក៏បានដឹកជូនទៅផ្ទះជនរងគ្រោះបាត់ទៀត ដោយមិននាំទៅដាក់ពាក្យបណ្តឹង សង្ស័យគេចពីក្រុមអ្នកព័ត៌មាន រឺខ្លាចមិនចង់ឲ្យផ្សព្វផ្សាយ ព្រោះខ្លាចល្បីប៉ុស្តិ៍ ដែលសំបូរណាស់នូវករណីប្លន់ តែមិនដែលបង្ក្រាបបានសូម្បីតែម្តង ។

ប្រជាពលរដ្ឋកំពុងតែភ័យខ្លាចនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១​ ដែលពោរពេញទៅដោយក្រុមចោរឆក់ ប្លន់ គាស់ផ្ទះជាដើម​ ៕ ភារ៉ា ដង្កោ