ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជនដៃដល់ម្នាក់ ក្នុងចំណោម៦នាក់ ក្នុងអំពើរកាប់សម្លាប់យុវជនម្នាក់នៅស្រុកកោះធំ ត្រូវលោក ងួន វុទ្ធី ចៅក្រមដោះលែងម្នាក់ ធ្វើឲ្យម្តាយជនរងគ្រោះស្រែកដង្ហើយរកយុត្តិធម៌

ខេត្តកណ្តាល៖ ម្តាយជនរងគ្រោះ ដែលត្រូវក្រុមជនដៃដល់កាប់ប្រហារកូនគាត់ឲ្យបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលកាលពីអំឡុង ខែមីនា ឆ្នាំ២០១៨ កន្លងទៅ បានស្រែកដង្ហើយសុំឱ្យសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ជូនកូនគាត់ ខណៈដែលលោក ងួន វុទ្ធី អនុប្រធានតុលាការខេត្តកណ្តាល បានដោះលែងជនសង្ស័យម្នាក់ឈ្មោះ បេង តាំងអេង ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិព្រែកមេស្រុក ឃុំព្រែកស្តី ស្រុកកោះធំ ដែលជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើ ។

ស្ត្រីឈ្មោះ គីម ស៊្រីម ជាម្តាយរបស់ជនរងគ្រោះបាននិយាយរៀបរាប់ថា កូនរបស់គាត់ឈ្មោះ ចេក ភាព ភេទប្រុស អាយុ២០ ឆ្នាំ ត្រូវបានក្រុមក្មេងស្ទាវតាមកាប់ប្រហារបណ្តាលឲ្យស្លាប់ រហូតមកដល់ពេលនេះ តុលាការមិនទាន់រកយុត្តិធម៌បាននៅឡើយទេ ឥឡូវបែរជាដោះលែងជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យទាំង៦ ដែលសមត្ថកិច្ចប៉ូលីសបានចាប់បញ្ជូនទៅតុលាការខេត្តកណ្តាលកាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៨ កន្លងទៅ ។

ហើយក៍ត្រូវបានលោក ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាបង្គាប់ឲ្យដោះលែង ឈ្មោះ បេង​ តាំង​អេ​ង​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​កាប់​ជ្រូក​លក់​ កាលពីថ្ងៃទី០២ កក្តដា ២០១៨ ដែលជាប់ចោទពីបទ”សមគំនិតក្នុងអំពើរឃាតកម្ម” ដែលប្រព្រឹត្តនៅភូមិព្រែកគង់ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៨ កន្លងទៅ ។

ពាក់ពន្ធ័និងរឿងរ៉ាវខាងលើនេះភ្នាក់ងារកាសែតនគរវត្តបានសួរទៅលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល តែលោកមិនឆ្លើយតបសោះ។

សូមបញ្ជាក់ថា៖នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណជា១៨ និង០០នាទី ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង ម៉ាកSUZUKI NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DH-2039 តែម្នាក់ឯងចេញពីផ្ទះទៅលេងបុណ្យបញ្ចុះខណ្ឌសីមាវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ លុះនៅវេលាម៉ោងកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះ ចេក ភាព ជិះម៉ូតូចេញពីវត្តត្រលប់មកផ្ទះវិញដល់ចំណុចខាងត្បូងស្ពានព្រែកគង់ ចម្ងាយប្រមាណ៥៥ម៉ែត្រ ស្ថិតនៅលើចិញ្ចើមផ្លូវជាតិ២១ចំហៀងខាងកើត ស្រាប់តែមានជនសង្ស័យពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកខាងឆ្វេង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង ។

ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាន ដឹកនាំដោយលោកអធិការ សហការជាមួយការិយាល័យនគរបាលបច្ចេកទេស នឹង វិទ្យាសាស្រ្តខេត្ត ប៉ុស្ដិ៍រដ្ឋបាលសំពៅពូន លោកគ្រូពេទ្យ នឹងក្រុមគ្រួសារសព ដេីម្បីធ្វេីការពិនិត្យ កន្លែងកេីតហេតុ នឹង ពិនិត្យសាកសព ឃេីញថាៈ ជនរងគ្រោះមានស្លាកស្នាម នៅលេី កខាងឆ្វេងប៉ះទង្គិចនឹងវត្ថុរឹងមុខមុត មានទំហំ0៦ស.មx០៨ស.ម ជម្រៅ ដល់ឆ្អឹង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទៀតឡេីយ។

វត្ថុ​តាង​ចាប់​យកៈ​ ម៉ូតូ​ចំនួន​ ០២​គ្រឿង​ ម៉ាក​ Honda​ SL​ ពណ៌​ទឹកប្រាក់​ គ្មាន​ស្លាក​លេខ​ ០១​គ្រឿង​ និង​ម៉ាក​Suzuki​ Nex​ ពណ៌​ក្រហម​លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ 1U-5738​ ០១​គ្រឿង​,​ ​ដាវ​ចំនួន​ ០២​ដើម​ កាំបិត​ចំនួន​ ០២​ដើម​,​ ទូរស័ព្ទ​ចល័ត​ចំនួន​ ០៦​គ្រឿង​។

ជនសង្ស័យ​រួមមានទី​១-​ឈ្មោះ​ គាត​ សំណាង​ ហៅ​ឡេ​ង​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ រត់​តុ​ការ​ ជា​ជន​ដៃដល់​ ។ ទី​២-​ឈ្មោះ​ ហោ​ សោ​ភ័​ណ្ឌ​(​ហៅ​ឡុ​ង​)​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុក​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ រត់​តុ​ការ​ ជា​អ្នកចូលរួម​ ទី​៣-​ឈ្មោះ​ ឌី​ ឌឿ​ន​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ពោធិ៍​រា​ម្មា​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ មិន​ពិតប្រាកដ​ ទី​៤-​ឈ្មោះ​ បេង​ តាំង​អេ​ង​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ មុខរបរ​ កាប់​ជ្រូក​លក់​ ទី​៥-​ឈ្មោះ​ វ៉ា​ន់​ សំណាង​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ធន់​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ កសិករ​ ទី​៦-​ឈ្មោះ​ យឹម ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ ភូមិព្រែកស្តី ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តតាកែវ៕ ឆ ដា