ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជនសង្ស័យលួចយ៉ាងសកម្ម៣នាក់ត្រូវបាននគរបាលស្រុកស្អាងចាប់ខ្លួន

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យលួចយ៉ាងសកម្ម និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន៣នាក់ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបាននគរបាលស្រុកស្អាងចាប់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ករណីខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង២ និង១០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកណ្ដាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យមានគ្នា៥នាក់ ក្នុងនោះចាប់ខ្លួនបាន៣នាក់ ទី១-ឈ្មោះ ហ៊ាង ហុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ វ៉ាត វណ្ណឌី ភេទប្រុស អាយុ១៨ឆ្នាំ ជជាតិខ្មែរ មុខរបរកសិករ ទី៣-ឈ្មោះ ឆន ថេន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ:កសិករ ។ ជនសង្ស័យទាំង៣នាក់ខាងលើមានទីលំនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល រីឯជនសង្ស័យរត់គេចខ្លួនមានគ្នា២នាក់ ទី១-ឈ្មោះ ចាន់ថន សុខនី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល និងទី២-ឈ្មោះ ប្រុស ហុក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ សាន សុខលី ភេទស្រី អាយុ៤៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកណ្ដាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។ ដោយឡែកសម្ភារៈបាត់បង់មាន៖ ប្រាក់ដុល្លារចំនួន១,៣០០ដុល្លារសហរដ្ឋអាមេរិក ,ខ្សែក ,ខ្សែដៃ និងចិញ្ចៀនមាស សរុប១តម្លឹង២ជី ,ប្រាក់រៀលចំនួន៥លានរៀល ,ទូរសព្ទ័ដៃ១គ្រឿង ,ភេសជ្ជះខារ៉ាបាវចំនួន១កេះ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យខាងលើ បាននាំគ្នាប្រើប្រាស់គ្រឿង រួចបែកគំនិតបបួលគ្នាធ្វើសកម្មភាពចូលលួចលុយក្នុងផ្ទះជនរងគ្រោះដែលលក់ដូរ២៤ម៉ោង ។ លុះមកដល់វេលាម៉ោង២ និង១០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ក្រុមជនសង្ស័យខាងលើក៏បានចូលទៅក្នុងផ្ទះជនរងគ្រោះ ដោយឲ្យជនសង្ស័យឈ្មោះ វ៉ាត វណ្ណឌី ជាអ្នកនៅខាងក្រៅដើម្បីមើលផ្លូវ រីឯជនសង្ស័យឈ្មោះ ចាន់ថន សុខនី ជាអ្នកចូលយកកាបូបដាក់លុយ និងឈ្មោះ ហ៊ាង ហុង ជាអ្នកយកភេសជ្ជះខារ៉ាបាវ មួយកេះ ហើយជនសង្ស័យឈ្មោះ ប្រុស ហុក ឡើងលើផ្ទះយកបានទូរសព្ទ័ដៃចំនួន១គ្រឿង និងប្រាក់រៀលចំនួន៧០,០០០រៀល ។ ដោយឡែកជនសង្ស័យឈ្មោះ ឆន ថេន បានចូលទៅលួចមាន់២ក្បាល ។ ខណៈនោះស្រាប់តែជនរងគ្រោះភ្ញាក់ដឹងខ្លួនទាន់បានឃើញជនសង្ស័យខាងលើកំពុងកកូរកកាយលួចយកទ្រព្យសម្បត្ដិរបស់ខ្លួន ភ្លាមនោះក៏ស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យភ័យនាំគ្នារត់គេចខ្លួនបាត់ស្រមោល ។ លុះព្រឹកឡើង ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវចាប់ខ្លួនជនសង្ស័យខាងលើយកមកចាត់ការតាមនីតិវិធីច្បាប់ ។ ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ភ្លាមនោះកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ក្រាំងយ៉ូវ បានស្រាវជ្រាវ និងកំណត់មុខសញ្ញារហូតចាប់ខ្លួនជនសង្ស័យបានចំនួន៣នាក់ រី២នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកជនសង្ស័យ២នាក់ទៀតដែលរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចស្រាវជ្រាវស្វែងរកដើម្បីចាត់ការបន្ដ ៕ ស្អាងជ័យ