ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជនសង្ស័យវាយប្លន់ម៉ូតូមិនបានសម្រេច គេចខ្លួន៣ថ្ងៃ សមត្ថកិច្ច ខណ្ឌឫស្សីកែវក្របួចជាប់

ភ្នំពេញ៖ ក្រុមជនសង្ស័យចំនួន៣នាក់ ដែលបានវាយប្លន់ម៉ូតូមួយគ្រឿង មិនបានសម្រេចគេចខ្លួនបាន៣ថ្ងៃ ត្រូវសមត្ថកិច្ច ខណ្ឌឫស្សីកែវ សហការជាមួយប៉ុស្តិ៍ទួលសង្កែទី១ ស្រាវជ្រាវឃាត់ខ្លួនបានកាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់ជួលលេខ១០៤ ក្រុម១ ភូមិបាក់ទូក ផ្លូវរថយន្តភ្លើង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ឌុច​ ម៉ុងតារា ​ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ទី២ ឈ្មោះ ​ស៊ុម​បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។ ទី៣ ឈ្មោះ ទី​ គា ​ភេទប្រុស អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ ។ ទី៤ ឈ្មោះ យឹម​ សុជាតាភេទស្រីអាយុ១៨មុខរបរបុគ្គលិកហាងខារ៉ាអូខេ ។ ទី៥ ឈ្មោះ សម្បត្តិ​ នីតា ភេទស្រី មុខរបរបុគ្គលិកហាងខារ៉ាអូខេ អ្នកទាំង៣ ស្នាក់នៅកន្លែងឃាត់ខ្លួនខាងលើ ។

ប្រភព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា កាលពីវេលាម៉ោង១ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវ៧០កែងផ្លូវរថភ្លើងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មានករណីវាយប្លន់យកម៉ូតូម៉ាក់ហុងដាសេ១២៥ ស៊េរី ឆ្នាំ២០១៨ ស្លាកលេខព្រៃវែ​ង 1M -7604 ពណ៌ខ្មៅ និងកាបូបលុយមិនបានសម្រេចបង្កដោយជនសង្ស័យចំនួន៣នាក់ពីជនរងគ្រោះ ឈ្មោះ ម៉េងសុជាតិ ​ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកផ្ទះសំណាក់ទឹកមាស ស្នាក់នៅផ្ទះសំណាក់ទឹកមាស ភូមិចុងខ្សាច់ ខណៈជនរងគ្រោះជិះម៉ូតូទៅទិញបាកាសរួចឈប់ចាក់សោម៉ូតូដើរទៅទិញបាកាស ត្រូវជនសង្ស័យវាយដណ្តើមសោម៉ូតូ និងកាបូបលុយបណ្តាលឲ្យជ្រុះសោម៉ូតូមកលើដី ហើយជនរងគ្រោះក៏សោបានមកវិញ ក៏មានការផ្អើលឆោឡោដល់សមត្ថកិច្ចយាមល្បាតក្នុងមូលដ្ឋានអន្តរាគមន៍ ពួកជនសង្ស័យគេចខ្លួនរត់ចោលម៉ូតូមួយគ្រឿងយកកាបូបជនរងគ្រោះមានលុយចំនួន80ដុល្លារទៅបាត់ ។

ក្រោយមក ជនរងគ្រោះបានដាក់ពាក្យបណ្តឹងសមត្ថកិច្ចបានកំណត់មុខសញ្ញា ស្រាវជ្រាវរហូតដល់ម៉ោងឃាត់ខ្លួនខាងលើសមត្ថកិច្ចក៏បង្ក្រាបបានជនសង្ស័យចំនួន៣នាក់ និងបក្ខពួកស្រី២នាក់ ខណៈពួកគេនៅក្នុងបន្ទប់ជួលខាងលើ ។

សមត្ថកិច្ចដកហូតវត្ថុតាងមានឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន រួមទាំងឧបករណ៍សម្រាប់ប្រើកាច់កម៉ូតូផងដែរ ។

ក្រោយឃាត់ខ្លួនជនសង្ស័យប្រុស ស្រីទាំង៥នាក់ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវដើម្បីកសាងសំណំរឿងចាត់ការតាមនីតីវិធី ៕ អរុណរះ