ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមឈ្មួញសប្បាយចិត្ត ដឹកជញ្ជូនឈើប្រណីត ទាំងយប់ទាំងថ្ងៃ នៅតាមបន្ទាត់ព្រំដែនសង្ស័យក្រុមសមត្ថកិច្ចពាក់ព័ន្ធខ្លះបើកភ្លើងខៀវ

ខេត្តរតនគិរី ៖ ជារៀងរាល់ថ្ងៃ គេឃើញម៉ូតូដឹកជញ្ជូនឈើប្រណីតរាប់សិបគ្រឿង រួមទាំងរថយន្ត ស៊េរីទំនើបៗ ជាច្រើនទៀត បានសម្រុកដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃ ចេញពីស្រុកអណ្តូងមាស ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដោយឆ្លងកាត់តាមច្រកសំខាន់ៗ ចំនួន៤រួមមាន ៖ 1-ច្រក បាសាវ 2-ច្រកបាតាំ 3-ច្រកអូរសាវី នឹងទី4-ច្រកយ៉ាក់គីក្នុងភូមិសាស្ត្រស្រុកអណ្តូងមាស ។

បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមឈ្មួញដែលសកម្មភាពក្នុងការដឹកជញ្ជូន ឈើប្រណីតក្នុងមួយយប់ៗតាមម៉ូតូយ៉ាងហោចណាស់មានចាប់ពីមួយរយគ្រឿងឯណោះ ដូចជាហែរកឋិន ប៉ុន្តែមិនឃើញសមត្ថកិច្ចពាក់ពន្ធ័ដែលប្រចាំនៅតាមច្រកទាំង៤ខាងលើមាន វិធានការទប់ស្កាត់ក្រុមឈ្មួញទាំងនោះទេ គឺបណ្តោយឲ្យឈ្មួញដឹកជញ្ជូនយ៉ាងអនាធិបតេយ្យ ។

ទាក់ទិនទៅនឹងការដឹកជញ្ជូនឈើប្រណីតខុសច្បាប់ខាងលើនៅស្រុកអណ្តូងមាស លោក នង ដារិទ្ធ អភិបាលស្រុកអណ្តូងមាសអ្នកយកព័ត៌មាននគរវត្តពុំអាចសុំការពន្យល់បានទេនៅព្រឹកថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០១៥ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន ។

លោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើគ្រប់គ្រង៣ស្រុក គឺស្រុកអណ្តូងមាស ស្រុកបរកែវ និងស្រុកអូរយ៉ាដាវ ទូរស័ព្ទចូលតែគ្មានអ្នកទទួល ។

ជុំវិញការដឹកជញ្ជូនឈើខាងលើសមត្ថកិច្ចពាក់ព័ន្ធនៅស្រុកអណ្តូងមាសកំពុងអនុវត្តន៍ផ្ទុយ ពីសារាចរលេខ01របស់រាជរដ្ឋាភិបាលដែលបានដាក់ចុះឲ្យសមត្ថកិច្ចបង្រ្កាបនិងមិនឲ្យមាន ការពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើជាដើម ៕ អ៊ុច សាវុទ្ធ

Ratanakiri

Ratanakiri-(1)