ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ស្នើចៅសង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះពលរដ្ឋរស់នៅប្របមាត់ទន្លេ ខណះទឹកកំពុងហក់ឡើងខ្លាំង

ភ្នំពេញ ៖ ស្របពេលដែលទឹកទន្លេមេគង្គមានការប្រែប្រួលហក់ឡើងខ្លាំង បានធ្វើឲ្យលំនៅដ្ឋានប្រជាពលរដ្ឋរស់នៅប្របមាត់ទន្លេក្នុងភូមិសាស្ត្រសង្កាត់ទាំង៨របស់ខណ្ឌច្បារអំពៅទទួលរងនូវការលិចលង់គ្រប់កន្លែង ដោយឡែករដ្ឋបាលខណ្ឌច្បារអំពៅបានចុះពិនិត្យទីតាំងរងគ្រោះដោយទឹកជំនន់និងនាំយកអំណោយទៅចែកជូនគ្រួសាររងគ្រោះជាបណ្តើរៗដើម្បីសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ។

បន្ថែមពីនេះទៀតក្រុមប្រឹក្សាខណ្ឌច្បារអំពៅ បានស្នើដល់ចៅសង្កាត់ទាំងអស់ដែលមានមូលដ្ឋាននៅជាប់ដងទន្លេ ត្រូវតាមដាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជាប់នឹងដងទន្លេ ខណះដែលទឹកទន្លេ កំពុងហក់ឡើងខ្លាំង រហូតមានលិចចូលផ្ទះសម្បែងពលរដ្ឋមួយចំនួនផងដែរ ។

ការស្នើឲ្យគណៈអភិបាលខណ្ឌយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកទន្លេនេះបានលើកឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី៥១ អាណត្តិទី២ ក្រោមវត្តមានលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោកស្រីឯក យ៉ាននី អភិបាលរងខណ្ឌ តំណាងលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងការចូលរួមពីសំណាក់លោកអភិបាលរងខណ្ឌ ចៅសង្កាត់ទាំង៨ អធិការនគរបាលខណ្ឌ មេបញ្ជារការអាវុធហត្ថ រួមជាមួយសមាជិកសមាជិការជាច្រើនរូបទៀតផងដែរ ។

ថ្លែងក្នុងអង្គពិធីខាងលើ ក្រុមប្រឹក្សា នៃអង្គពិធីទាំងមូលបានស្នើដល់ចៅសង្កាត់ទាំងអស់ដែលមានមូលដ្ឋាននៅជាប់នឹងដងទន្លេ ធ្វើយ៉ាងណាត្រូវបង្កើនសកម្មភាពតាមដាន និងបន្តការយកចិត្តទុកកដាក់ខ្ពស់បំផុត ចំពេាះបងប្អូនប្រជាពលរដ្ឋដែលនៅរស់ប្របនឹងមាត់ទន្លេ ឬនៅក្បែរៗនោះអំពីបញ្ហាទឹកជំននន់ជនលិចផ្ទះទីជម្រករស់នៅរបស់ពួកគាត់ ខណះដែលបច្ចុប្បន្ននេះ ទន្លេកំពុងហក់ឡើងខ្លាំងដែលអាចបង្កឲ្យមានការជន់លិចបានគ្រប់ពេល ។ ដូចនេះហើយ សូមលោកចៅសង្កាត់ទាំងអស់ ត្រូវនៅគៀកបំផុតជាមួយពលរដ្ឋដែលរងគ្រេាះ ឬពលរដ្ឋដែលមិនទាន់រងគ្រេាះដោយការជន់លិច ត្រូវពន្យល់ណែនាំពួកគាត់ឲ្យបានដឹងជាមុន ងាយស្រួលពួកគាត់បានត្រៀមលក្ខណះសម្បត្តិរួចរាល់ ក្នុងករណីប្រសិនបើទឹកទន្លេហក់ឡើងខ្លាំងរហូតមិនអាចទប់ទល់បាននេាះ ។

ឈ្លៀតក្នុងឱកាសខាងលើ លោកស្រីឯក យ៉ាននី អភិបាលរងខណ្ឌ បានមានប្រសាសន៍ ស្នើដល់ចៅសង្កាត់ទាំងអស់ ត្រូវបន្តសកម្មភាពឲ្យបានសកម្មបំផុតក្នុងការរៀបចំនូវសណ្តាប់ធ្នាប់លើដងផ្លូវសាធារណះ តាមមូលដ្ឋាននីមួយៗរបស់ខ្លួន ឲ្យបានស្អាតល្អ ពិសេសសង្កាត់ដែលមានផ្សារលក់ដូរ ដូចជាសង្កាត់ច្បារអំពៅ២ សង្កាត់ព្រេកប្រា និងសង្កាត់ព្រែកឯងជាដើម ។ បន្ថែមពីនេះ លោកស្រីអភិបាលរងបានស្នើឲ្យចៅសង្កាត់ទាំង៨ ត្រូវជម្រុញដល់អាជីវករលក់ដូរធំៗក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវទៅធ្វើច្បាប់អាជីវកម្មឲ្យបានគ្រប់គ្នា ដើម្បីយកថវិការ នៃការធ្វើច្បាប់អាជីវកម្មរបស់ពួកគាត់ ជាកញ្ចប់សម្រាប់ចំណាយលើការអភិវឌ្ឍន៍ផ្សេងៗក្នុងមូលដ្ឋាន ម្យ៉ាងទៀត ក៏ដើម្បីធានាបានថា អាជីវកម្មរកស៊ីរបស់បងប្អូន គឺជាអាជីវកម្នរកស៊ីត្រឹមត្រូវស្របច្បាប់ មានការទទួលស្គាល់ពីអាជ្ញាធរតំបន់ជាសក្សីដឹងលឺផងដែរ ជៀសវៀងការកើតមាននូវបាតុភាពមិនប្រក្រតីណាមួយនៅពេលក្រោយ ៕ សណ្តោស