ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមភេរវកម្ម IS គំរាមវាយប្រហារវើលខាប់២០១៨ នៅលើទឹកដីប្រទេសរុស្ស៊ី

រុស្ស៊ីបានរឹតបន្តឹងសន្តិសុខការពារការប្រកួតកីឡាធំបំផុតលើពិភពលោក ក្រោយពេលមាន ក្រុមភេរវកម្មបានគំរាមតាមប្រព័ន្ធផ្សព្វផ្សាយថា នឹងវាយប្រហារ វើលខាប់នៅលើទឹកដីរុស្ស៊ី។

បណ្តាញព័ត៌មានសន្តិសុខ Sizgill បានផ្សព្វផ្សាយ ក្រោយពេលមើលឃើញបណ្តាញផ្សព្វផ្សាយរបស់ក្រុមភេរវកម្ម IS ផ្សាយពីរូបភាព វាយប្រហារវើលខាប់ ។ បណ្តាញព័ត៌មានខាងលើ បានបញ្ជាក់ថា ក្រុមភេរវកម្ម IS បានឡើងគម្រោង ទៅ កាន់ទឹកដីរុស្ស៊ី និងបើកការវាយប្រហារ ភេរវកម្ម។

រូបភាពដែលក្រុម IS បានផ្សព្វផ្សាយ នោះគឺជាការបំផ្ទុះ កម្ទេចពហុកីឡដ្ឋាន រុស្ស៊ី និងជាការសម្លាប់មនុស្សទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ កម្លាំង សន្តិសុខរុស្ស៊ី រាប់សិបពាន់នាក់មានទាំង ឯកសណ្ឋាន និងស៊ីវិល បានតាមដាន ការពារយ៉ាងតឹងតែងបំផុត ទប់ស្កាត់ហេតុការណ៍វាយប្រហារកើតឡើង ។ រុស្ស៊ីក៏ជាប្រទេសមួយស្ថិតនៅក្នុងគោលដៅវាយ ប្រហាររបស់ក្រុម IS ដោយសារតែរុស្ស៊ី បានចូលរួមនៅក្នុងសង្គ្រាមវាយប្រហារ ក្រុមភេរវកម្ម ។

ក្រៅពីគំរាមវាយប្រហារវើលខាប់ ឆ្នាំ ២០១៨ ក្រុមIS ក៏បានព្រមានសម្លាប់ កីឡាករល្បីៗ ដូចជា Neymar, Lionel Messi និង Cristiano Ronaldo ជាដើម។

ក្រុមអ្នកឯកទេសបានលើកឡើងថា រុស្ស៊ីត្រូវតែការពារសន្តិសុខឲ្យបានរឹងមាំ បំផុត ប្រសិនបើ មិនអាចការពារបានទុក ឲ្យមានការចម្លោះប្រហោងឲ្យ ក្រុមភេរវ កម្មវាយប្រហារបាននោះ រុស្ស៊ីអាចនឹងត្រូវ បាត់បង់ ឱកាសធ្វើជាម្ចាស់ផ្ទះការប្រកួត កីឡាធំៗលើពិភពលោក។

ចំណុចទាំងនោះហើយបានជា រុស្ស៊ីដាក់ពង្រឹងសន្តិសុខនៅគ្រប់ទីកន្លែង តាំងពី ២ថ្ងៃមុនដល់ការប្រកួតជើងឯកផ្ទាល់ ដោយមានបើកឲ្យដំណើរការនូវមជ្ឈមណ្ឌល សហប្រតិបត្តិការប៉ូលិសអន្តរជាតិនៅតំបន់ជាយក្រុងមូស្គូផងដែរ។ មជ្ឈមណ្ឌលនេះបំពេញមុខងារខ្លួនក្នុងដំណើរប្រព្រឹត្តទៅពេញ១ខែនៃ World Cup ២០១៨។ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ីបានថ្លែងនៅ ក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលនេះថា លក្ខខណ្ឌសំខាន់បំផុតសម្រាប់ជោគជ័យនៃការប្រកួតនេះ គឺត្រូវធានាឲ្យបានក្នុង កម្រិតខ្ពស់ផ្នែកសន្តិសុខសម្រាប់ក្រុម កីឡាករ ក្រុមអ្នកគាំទ្រ និងក្រុមអាជ្ញា កណ្តាល។ ចំណែកអ្នកចូលរួមក្នុងការងាររបស់មជ្ឈមណ្ឌលនេះមានប៉ូលិសមកពី គ្រប់៣២ ប្រទេសដែលមានក្រុមបាល់ទាត់ជម្រើសរបស់គេចូលប្រកួត ព្រមទាំងប៉ូលិស ប្រទេសកាតារដែល៤ ឆ្នាំទៀតនឹងធ្វើជា ម្ចាស់ផ្ទះទទួល World Cup ឆ្នាំ ២០២២។

ភារកិច្ចរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការប៉ូលិសអន្តរជាតិ គឺធានាសុវត្ថិភាព ហើយបន្ទាបឲ្យបានមែនទែននូវចំនួនទង្វើល្មើសច្បាប់ពីខាងពួកអ្នកគាំទ្រ។ ប៉ូលិសបរទេសទាំងនោះសុទ្ធតែស្គាល់ច្បាស់ ក្រយៅខូចនៃពួកអ្នកគាំទ្រជាយូកូមមកពីប្រទេសគេរៀងៗខ្លួន។ ម៉្លោះហើយបានជាងាយទប់ស្កាត់និងបង្ក្រាបទង្វើបែបនេះពីខាងពួកយូកូមដ៏ល្បីៗគ្រប់ បែបយ៉ាងមក ពីប៉ូឡូញ អង់គ្លេស ឬស៊ែរប៊ីជាដើម។ សម្រាប់ករណីរុស្ស៊ីដែលបានធ្វើអន្តរាគមន៍យោធាក្នុងឆ្នាំ ២០១៥ ទៅគាំទ្រលោក ប្រធានាធិបតីស៊ីរីអាសាដ រួចបំផ្លាញសំបុកពួកភេរវជនអង្គការរដ្ឋអ៊ិស្លាមក្នុងប្រទេសស៊ីរី គឺត្រូវពួកវាចងគំនុំសងសឹកជានិច្ច។

ប៉ុន្តែទោះជាយ៉ាងណាក្តី ក៏ស្ថាប័នសន្តិ សុខជាតិរុស្ស៊ី FSB បានអះអាងថា បានត្រៀមខ្លួនជាស្រេចទៅហើយដើម្បីប្រយុទ្ធទល់នឹងការគំរាមដល់សន្តិសុខរុស្ស៊ី ដោយមិនអាស្រ័យតើវាចេញមកពីប្រភពណាឡើយនេះជាការប្រកាសរបស់លោក Alexei Lavrichtchev នាយកអង្គភាពប្រតិ បត្តិការរបស់ FSB។ ស្របនឹងតួលេខចេញដោយគណៈកម្មាធិការខាងចាត់ចែងការប្រកួត រុស្ស៊ីបានចំណាយអស់ ថវិការ១៤.២០០លានដុល្លារសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធទទួល World Cup ២០១៨ ពោលលើសពីប្រេស៊ីលក្នុងឆ្នាំ ២០១៤ ដែលចំណាយអស់តែ ១១.៦០០ លាន ដុល្លារ នឹងលើសឆ្ងាយពីអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ២០១០ ដែលបានចំណាយត្រឹមតែ ៤.៦០០ លានដុល្លារ។

ពាក់ព័ន្ធនឹងការប្រកួតបាល់ទាត់ពិភពលោកលើកទី២១ រយៈពេល ១ខែក្នុង ប្រទេសរុស្ស៊ីបានរៀបចំនៅតាមកីឡដ្ឋាន សរុបចំនួន ១២ កន្លែង។ ទន្ទឹមនឹងការមក ដល់នៃក្រុមកីឡាករ ក្រុមអ្នកគាំទ្រក្រុមក៏បានមកដល់ជាហូរហែដែរ។ ពិធីបើក សម្ពោធការប្រកួតបាល់ទាត់លើកទី២១នេះចូលរួមដោយលោកប្រធានាធិបតីរុស្ស៊ី ពូទីន ព្រមទាំងថ្នាក់ដឹកនាំបរទេសជាច្រើនរូបផ្សេងទៀត។ ក្រៅពីស្វាគមន៍ការមក ដល់នៃក្រុមកីឡាករ និងក្រុមអ្នកគាំទ្រពួក គេ លោកពូទីនបានមានប្រសាសន៍សង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីបានធ្វើសព្វបែបយ៉ាងទាំងអស់ដើម្បីឲ្យវត្តមានភ្ញៀវបរទេសគ្រប់រូបក្នុងទឹកដីរុស្ស៊ីពេលនេះអាចយល់ដឹង ក្នុងចិត្តថា គេស្ថិតនៅក្នុងប្រទេសគេផ្ទាល់តែម្តង ដ្បិតរុស្ស៊ីបើកចំហទាំងប្រទេសខ្លួន និងបេះដូងខ្លួន។ ដោយបញ្ចប់ការស្វាគមន៍ នេះ លោកពូទីនថែមទាំងបន្លឺឡើងជាភាសាអង់គ្លេសថា Welcome to Russia។ ចំណែកវិធានការការពារសន្តិសុខត្រូវបានចាត់ចែងឡើងយ៉ាងម៉ឺងម៉ាត់ ដោយមានការចូលរួមរបស់ប៉ូលិសមកពីគ្រប់៣២ប្រទេសនោះដើម្បីធានាឲ្យការប្រកួតនេះប្រព្រឹត្តទៅយ៉ាងរលូន។

គួររម្លឹកជូនថា ការប្រកួតដើម្បីដណ្តើមពានរង្វាន់ពិភពលោកខាងបាល់ទាត់ ហៅ ថា World Cup ប្រព្រឹត្តទៅ ៤ ឆ្នាំម្តងដោយបានចាប់ផ្តើមដំបូងក្នុងឆ្នាំ ១៩៣០។ កាល ណោះ ការប្រកួតបានរៀបចំនៅក្នុងប្រទេសអ៊ុយរុយហ្កាយ ហើយពិតជាក្រុមជម្រើសប្រទេសម្ចាស់ផ្ទះនេះដែលបានទទួលពាន រង្វាន់ធ្វើពីប្រាក់លាបទឹកមាស។ ក្រោយ មកក្នុងឆ្នាំ ១៩៧៤ ពានរង្វាន់ត្រូវបានធ្វើពី មាស១៨ ការ៉ាត ទម្ងន់៥ គីឡូក្រាម មាន កម្ពស់៣៦,៥ សង់ទីម៉ែត្រ ដោយមានរូប មនុស្សពីរនាក់លើកដៃទ្រភពផែនដី ហើយ នៅបាតរបស់ពានរង្វាន់នោះ មានចារឈ្មោះប្រទេសណាដែលដណ្តើមបានពានរង្វាន់នេះ។ តែមានចំណុចកត់សម្គាល់មួយ ការប្រកួតបាល់ទាត់ពិភពលោកបានអាក់ខានអស់ពីរលើក គឺក្នុងឆ្នាំ១៩៤២ និង ១៩៤៦ ដោយមកពីសង្គ្រាមលោកលើក ទី២៕ ម៉ែវ សាធី