ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនយកសំរាមមកចាក់ចោលក្នុងរណ្តៅដីក្បែរផ្ទះអ្នកភូមិ ពលរដ្ឋនាំគ្នាតវ៉ាដុតកង់ឡាន

ប៉ោយប៉ែត៖ ប្រជាពលរដ្ឋប្រមាណ៣០នាក់ តំណាងឲ្យប្រជាពលរដ្ឋក្នុងភូមិ ទួលពង្រ អូរឫស្សី និង ភូមិដំណក់ទឹកដុតកង់ឡានទប់ស្កាត់រថយន្តដឹកសំរាម ដែលយកមកចាក់ចោលនៅក្បែរផ្ទះរបស់ពួកគាត់ បង្កឲ្យមានការប៉ះពាល់សុខភាព រស់នៅប្រចាំថ្ងៃ ។ ការដុតកង់ឡានតវ៉ានេះធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែ មេសា ឆ្នាំ២០១៧ នៅចំណុចរណ្តៅដីចាក់សំរាមថ្មី ស្ថិតនៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ពលរដ្ឋរស់នៅក្នុងភូមិទួលពង្រ ប្រមាណជា៣០នាក់ តំណាងឲ្យប្រជាពលរដ្ឋក្នុងភូមិ បានដុតកង់ឡានទប់ស្កាត់រថយន្តដឹកសំរាម របស់ក្រុមហ៊ុន សំអាតក្រុងប៉ោយប៉ែត ដែលតែងតែលួចចាក់សំរាម ទោះបីជាប្រជាពលរដ្ឋសុំឲ្យប្តូរទីតាំងជាច្រើនលើកជាច្រើនសារយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនខាងលើ នៅតែបន្តសកម្មភាព ទោះបីជាពួកគាត់ផ្តិតមេដៃ សមូលហភាពសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ក៏ដោយ តែអាជ្ញាធរនៅតែមិនអើពើធ្វើមិនដឹងមិនឮ មិនព្រមដោះស្រាយជូនពួកគាត់នោះទេ។

ប្រជាពលរដ្ឋបានបន្តទៀតថា ទោះបីជាពួកគាត់សុំអោយអាជ្ញាធរជួយដោះសា្រយ ថែមទាំងធ្វើរបងរារាំងយ៉ាងណា ក៏នៅតែក្រុមហ៊ុនចាក់សំរាមលួចដករបងចេញ បន្តចាក់សំរាមដដែល ដោយអាងថា ខ្លួនមានអាជ្ញាប័ណ្ណ ត្រឹមត្រូវហើយរាល់ពេល ដែលប្រជាពលរដ្ឋតវ៉ាម្តងៗ មិនដែលឃើញតំណាងក្រុមហ៊ុន ឬម្ចាស់ក្រុមហ៊ុនចេញមុខមកដោះស្រាយនោះដែរ។

ពួកគាត់បានចោទប្រកាន់ថា រណ្តៅដីដែលក្រុមហ៊ុនយកសំរាមមកចាក់នេះ ជារបស់លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាល លក់ឲ្យទៅក្រុមចាក់សំរាមខាងលើនេះ ទើបលោក ចៅសង្កាត់ម្នាក់នេះ មិនអើពើមិនដោះស្រាយជូនពួកគាត់ ទុកឲ្យក្រុមហ៊ុនយកសំរាមមកចាក់ចោល ដោយមិនគិតគូរពីសុខភាពរបស់ពួកគាត់ឡើយ ដែលបង្កឲ្យមានក្លិនស្អុយរលួយ ជះក្លិនអសោច និង ជាប្រភពសត្វរុយ ដែលធ្វើឲ្យប៉ះពាល់សុខភាពដល់កូន ចៅ កុមារតូចៗ មានការរាគរួស ឈឺថ្កាត់ រហូតដល់ពេលខ្លះពួកគាត់ចងមុងញ៉ាំបាយក៏មានដែរ។

NKD-36x6_outline

ប្រជាពលរដ្ឋបានអោយដឹងទៀតថា បើសិនលោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាល មិនគិតគូ ពីកូនចៅក្នុងភូមិទេ ពួកគាត់សំណូមពរ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត និងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងប្រមុខរដ្ឋាភិបាលជួយរកទីតាំងថ្មី ដើម្បីអោយឆ្ងាយពីផ្ទះរបស់ពួកគាត់ដែលកំពុងរស់នៅនេះផង។

ពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើនេះ លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាល បានប្រាប់តាមទូរស័ព្ទថា រណ្តៅដីដែលក្រុមហ៊ុនចាក់សំរាមបានចាក់នៅទីតាំងខាងលើនេះ មិនមែនជារបស់លោកនោះទេ ហើយលោកក៏មិនបានលក់ដូចការចោទប្រកាន់នោះដែរ ផ្ទុយទៅវិញវាជារណ្តៅដីរបស់ក្រុមហ៊ុនសាន់កូ ដែលកន្លងមកបានជួលគ្រឿងចក្ររបស់លោកអោយកាយរណ្តៅនិងយកអាចម៍ដីតែប៉ុណ្ណោះ។

លោកក៏បានបញ្ជាក់បន្ថែមថា លោកមិនអនុញ្ញាតិអោយក្រុមហ៊ុនមកចាក់សំរាមនៅរណ្តៅនេះទេ តែក្រុមហ៊ុនចេះតែមកចាក់ ថែមទាំងបានហាមក្រុមហ៊ុនទៀតផង ហើយលោកក៏មិនបានប្រងើយកន្តើយក្នុងរឿងនេះដែរ លោកបានរាយការណ៍ទៅក្រុងហើយ ប្រហែលជាថ្ងៃច័ន្ទ ឬ ថ្ងៃអង្គារខាងមុខនេះ(ថ្ងៃទី២៤ ឬ២៥ មេសា ឆ្នាំ ២០១៧) សាលាក្រុងនិងហៅពួកគាត់មកដោះស្រាយជាមួយ តំណាងក្រុមហ៊ុន«សំអាតក្រុងប៉ោយប៉ែត» ឬម្ចាស់ក្រុមហ៊ុន ។

ចំណែកឯខាងក្រុមហ៊ុនចាក់សំរាមខាងលើនេះ អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺបានទេ ៕ វណ្ណា