ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនសាងសង់វារីអគ្គិសនីនៅឡាវនឹងត្រូវទទួលខុសត្រូវចំពោះហេតុការណ៍បាក់ទំនប់

ការបាក់ទំនប់វារីអគ្គិសនីនៅឡាវ កាល ពីថ្ងៃទី២៣ខែកក្កដា បានសម្លាប់មនុស្ស និងបាត់ខ្លួនជាច្រើន ។ រដ្ឋាភិបាលឡាវ បានប្រកាសឲ្យដឹងថា មកទលពេល នេះទើបតែរកឃើញសាកសព២៩នាក់ ប៉ុណ្ណោះ ហើយនៅមានអ្នកបាត់ខ្លួន១៣០ នាក់ទៀត ។

កន្លងមកនាយករដ្ឋមន្ត្រីឡាវលោក ថុងលួន ស៊ីសួលីត (Thongloun Sisoulith) បានហៅគ្រោះមហន្តរាយនេះថា ជារឿងអាក្រក់បំផុតដែលប្រទេសអាស៊ានមួយនេះមិនធ្លាប់បានជួបប្រទះប៉ុន្មាន ទសវត្សរ៍មកហើយ។ តាមរបាយការណ៍ពីរដ្ឋាភិបាលឡាវឲ្យដឹងថា បច្ចុប្បន្ននេះប្រជា ជនប្រមាណជាង ៧,០០០នាក់ កំពុងរស់នៅក្នុងជម្រកបណ្តោះអាសន្នក្រោយពី លំនៅឋានរបស់ពួកគេលិចលង់ដោយជំនន់ទឹកបាក់ទំនប់។ បន្ថែមពីនេះក្រុមជំនាញក៏កំពុងតែស៊ើបអង្កេតផងដែរ អំពីមូលហេតុដែលធ្វើឲ្យទំនប់វារីអគ្គិសនីសេពាន-សេ ណាំណយ ដែលមានតម្លៃរាប់លានដុល្លារនេះត្រូវបាក់បែបនេះ។

ពាក់ព័ន្ធនឹងគ្រោះថ្នាក់ខាងលើ ក្រុម ហ៊ុនសាងសងទំនប់នឹងត្រូវទទួលខុសត្រូវទាំងស្រុងពីការបាក់ទំនប់ខាងលើ ។ មន្ត្រី ម្នាក់មកពីក្រុមហ៊ុនថាមពល សេពាន-សេណាំណយ (Xe Pian-Xe Namnoy Power Company) បានឱ្យដឹងថា ក្រុម ហ៊ុនមួយនេះនឹងទទួលខុសត្រូវយ៉ាង ពេញ លេញដោយអនុលោមតាមច្បាប់ និងកិច្ចព្រមព្រៀងសម្បទាន លើផលប៉ះពាល់បង្កឡើងដោយការបាក់ទំនប់វារីអគ្គិសនី ដែលបានបង្កជាទឹកជំនន់ និងការបំផ្លិចបំផ្លាញក្នុងស្រុកសាណាំសាយ (Sanamxay) នៃខេត្តអាត់តាពើ (Attapeu) ប្រទេស ឡាវ។

ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពី រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលឡាវ លោក ខាំមេនី អុីនធីរ៉ាត់ (Khammany Inthirath) បានអះអាងថា ក្រុមហ៊ុនមិនអាច បដិសេធក្នុងការទទួលខុសត្រូវលើទឹកជំនន់ដែលបង្កឡើងដោយសារការបាក់ទំនប់វារីអគ្គិសនីរបស់ខ្លួនបានឡើយ។ «ពាក់ព័ន្ធ នឹងបញ្ហាសំណងខ្ញុំចង់ប្រាប់ថា ផ្អែកលើ កិច្ចព្រមព្រៀងសម្បទាន រាល់ឧបទ្ទវហេតុមានទាក់ទិននឹងសំណង់ទំនប់វារីអគ្គិសនី គឺជាទំនួលខុសត្រូវទាំងស្រុងរបស់អ្នកអភិវឌ្ឍន៍គម្រាង ១០០ភាគរយ»។ នេះគឺជា ការគូសបញ្ជាក់របស់លោក Khammany Inthirath។ ប៉ុន្តែមកទល់នឹងពេលនេះ ខាងក្រុមហ៊ុនមិនទាន់ចេញសេចក្ដីថ្លែងការណ៍ជាសាធារណៈ និងផ្លូវការណាមួយនៅ ឡើយទេ។

គួរបញ្ជាក់ថា ក្រុមហ៊ុនម៉ៅការសាង សង់ទំនប់វារីអគ្គិសនីចំនួន២ របស់កូរ៉េ ខាងត្បូង បានបញ្ជាក់ដែរថា ពួកគេបាន រាយការណ៍ពីការខូចខាតមួយថ្ងៃមុនពេលផ្នែកមួយចំនួន នៃទំនប់វារីអគ្គិសនី Xe-Namnoy បានបាក់កាលពីថ្ងៃចន្ទ។ ប៉ុន្តែ នៅតែមានបញ្ហាក្នុង ការព្រមាន និងជម្លៀសប្រជាជនទៅរកកន្លែងមានសុវត្ថិភាពមុន នឹងទំនប់នេះបាក់៕ ម៉ែវ សាធី