ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនស្រា​បៀរ​អង្គរ​មាន​ចំណែក​ទទួលខុសត្រូវ​បញ្ហា​បរិស្ថាន​ដោយសារ​បង្កើត​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​

​ភ្នំពេញ​៖​ វា​រី​អគ្គិសនី​ដ​ន​សា​ហុង​ ក្នុង​ទឹកដី​ឡាវ​បាន​ចាប់​ដំណើរការ​ហើយ​ បើ​ទោះបីជា​បណ្តា​ប្រទេស​ភាគ​ខាងក្រោម​ទន្លេមេគង្គ​ជំទាស់​ក្តី​ ។​ ក្រុម​យុវជន​កម្ពុជា​ និង​អង្គការក្រៅរដ្ឋាភិបាល​ដែល​ធ្វើការ​ងារ​លើ​បញ្ហា​នេះ​ ព្រមាន​បើក​យុទ្ធនាការ​ មិន​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ ពីព្រោះ​ថា​ ក្រុមហ៊ុន​នេះ​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ផលិត​ភ្លើង​ ដែល​នាំ​ឲ្យ​មនុស្ស​សត្វ​ និង​មច្ឆជាតិ​ នៅ​អាង​ទន្លេមេគង្គ​ក្រោម​រង​ផល​ប៉ះពាល់​ធ្ងន់​ ។​

​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ មាន​ថៅកែ​ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី​រង​ការ​ចោទប្រកាន់​ថា​ បាន​រួមចំណែក​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​នៅ​ក្រោម​ខ្សែទឹក​ទន្លេមេគង្គ​ត្រូវ​ប្រឈម​មុខ​គ្រប់​បែប​យ៉ាង​ ក្រោយ​ពេល​ដែល​ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​ដំណើរការ​ ។​ ក្រុម​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ ក៏​ដូច​ជា​ក្រុម​យុវជន​បាន​និយាយ​ថា​ មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ដឹង​រួច​ហើយ​អំពី​ស្ថានភាព​ដ៏​អាក្រក់​ដែល​នឹង​កើតឡើង​ក្រោយ​ពេល​ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​ដំណើរការ​រួច​ ។​ ផល​ប៉ះពាល់​មួយ​ផ្នែក​ធំ​ គឺ​ផ្តើម​ចេញពី​ភាគហ៊ុន​ជិត​ពាក់កណ្តាល​របស់​ក្រុមហ៊ុន​ខេ​ម​ប្រ៊ូ​ ផលិត​ស្រា​បៀរ​អង្គរ​របស់​លោក​ ហ្គោ​ ណា​គៀរ​ (Goh​ Nan​ Kioh)​ ។​

​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ​បណ្តាញ​អង្គការ​ WWF​ បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​ក្រុមហ៊ុន​នៃ​ការ​សាងសង់​ទំ​បន់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​ គឺ​ក្រុមហ៊ុនមេ​ហ្គា​ហ្វើ​ស​ ។​ ក្រុមហ៊ុន​នេះ​មាន​ភាគហ៊ុន​៨០​ភាគរយ​ក្នុង​ការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នេះ​ ចំណែក​២០​ភាគរយ​ទៀត​ជា​របស់​រដ្ឋាភិបាល​ឡាវ​ ។​ ក្នុង​ចំណោម​៨០​ភាគរយ​នៃ​ទុន​វិនិយោគ​នេះ​ មាន​ភាគហ៊ុន​ជិត​៣៣​ភាគរយ​ជា​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ដែរ​ ។​

​ផល​ប៉ះពាល់​នៃ​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​នេះ​ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​អាក្រក់​ចំពោះ​ជីវិត​មនុស្ស​ទេ​ វា​ថែម​ទាំង​ធ្វើ​ឲ្យ​មច្ឆជាតិ​គ្រប់​បែប​យ៉ាង​ក៏​នឹង​ជួប​បញ្ហា​ដែរ​ ។​ ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​ធ្វើ​ឲ្យ​ប៉ះពាល់​មនុស្ស​រាប់​លាន​នាក់​រស់នៅ​ក្រោម​ខ្សែទឹក​ទន្លេមេគង្គ​មាន​ប្រទេស​កម្ពុជា​ និង​វៀតណាម​ជាដើម​ ។​ កម្ពុជា​ និង​វៀតណាម​ធ្លាប់​បាន​ជំទាស់​ជា​ញឹកញាប់​ ប៉ុន្តែ​ឥឡូវនេះ​ការ​ស្ថាបនា​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​ចាប់ផ្តើម​ហើយ​ ។​ រដ្ឋាភិបាល​ឡាវ​ហាក់​ពុំ​បាន​ខ្វាយខ្វល់​អំពី​បញ្ហា​គ្រោះភ័យ​ ដែល​នឹង​កើតឡើង​ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​ភាគ​ខាងក្រោម​នោះ​ឡើយ​ ។​ ដូច​គ្នា​នេះ​ដែរ​ ក្រុមហ៊ុនមេ​ហ្គា​ហ្វើ​ស​ ដែល​មាន​ចំណែក​រួម​ដោយ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ខេ​ម​ប្រ៊ូ​ ក៏​មិន​ខ្វល់​អំពី​ទុក្ខវេទនា​ដែល​នឹង​កើតឡើង​លើ​ប្រជាជន​កម្ពុជា​នោះ​ដែរ​ ។​

​ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​ ដែល​នឹង​មាន​ថាមពល​២៦០​មេ​ហ្គា​វាត់​ ស្ថិត​នៅ​ក្នុង​ខេត្ត​ចំប៉ា​សាក់​ ប្រទេស​ឡាវ​ ។​ នៅ​ពេល​ដែល​វា​កើតឡើង​ វា​នឹង​កាត់​ផ្តាច់​លំហូរ​នៃ​មច្ឆជាតិ​ពី​អាង​ទន្លេមេគង្គ​លើ​ និង​ធ្វើ​ឲ្យ​ភក់ល្បាប់​ត្រូវ​រីងស្ងួត​ ។​ ការ​ប្រឈម​នេះ​នៅ​មិន​ទាន់​គិតដល់​ចំនួន​សត្វ​ផ្សោត​ដែល​នឹង​ត្រូវ​ផុត​ពូជ​នៅឡើយ​ផង​ ។​

​ប្រទេស​ឡាវ​ចាប់ផ្តើម​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​ ក្រោម​កិច្ច​វិនិយោគ​របស់​ក្រុមហ៊ុនមេ​ហ្គា​ហ្វើ​ស​ចាប់តាំងពី​ខែតុលា​ ឆ្នាំ​២០១៥​ ខណៈ​ដែល​ប្រទេស​ជា​សមាជិក​ទាំង​៤​នៃ​គណៈកម្មាធិការ​ទន្លេមេគង្គ​ រួម​មាន​កម្ពុជា​,​ ថៃ​,​ វៀតណាម​ និង​ឡាវ​ខ្លួនឯង​បាន​ឯកភាព​គ្នា​អំឡុង​ខែមិថុនា​ ឆ្នាំ​២០១៥​ថា​ នឹង​ពិគ្រោះ​យោបល់​គ្នា​ មុន​នឹង​សាងសង់​ទំនប់​នេះ​ ។​ ដូច​គ្នា​នេះ​ដែរ​ ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ក្រុមហ៊ុនមេ​ហ្គា​ហ្វើ​ស​ ក៏​ដូច​ជា​ចំណែក​ភាគហ៊ុន​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ ពិតជា​បាន​រួមចំណែក​បង្ក​ទុក្ខវេទនា​ចំពោះ​ប្រជាពលរដ្ឋ​រាប់​សិប​លាន​នាក់​ដែល​រស់នៅ​ភាគ​ខាងក្រោម​នៃ​ទំ​បន់​នេះ​ ។​

​តាម​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​មាន​កម្ពស់​៣០​ម៉ែត្រ​ទៅ​៣២​ម៉ែត្រ​ និង​មាន​ចម្ងាយ​ប្រហែល​៧​គីឡូម៉ែត្រ​ ។​ ទំនប់​នេះ​ មាន​ចម្ងាយ​ប្រមាណ​១៥០០​ម៉ែត្រ​ពី​ព្រំដែន​ប្រទេស​កម្ពុជា​ ក្នុង​ខេត្តស្ទឹងត្រែង​ ។​ បើ​ទោះបីជា​មានការ​ជំទាស់​ពី​បណ្តា​ប្រទេស​នៅ​តាម​ដង​ទន្លេមេគង្គ​បែប​ណា​ក៏​ដោយ​ ក្រុមហ៊ុនមេ​ហ្គា​ហ្វើ​ស​ដែល​ជា​អ្នក​សាងសង់​ទំនប់​នេះ​បាន​បញ្ជាក់​ថា​ ខ្លួន​បាន​សិក្សា​ និង​វាយតម្លៃ​អំពី​ផល​ប៉ះពាល់​ បរិស្ថាន​ ឬ​ហៅ​កាត់​ថា​ EIA​ (Environmental​ Impact​ Assessment)​ រួច​ហើយ​ ឃើញ​ថា​ មិន​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ​ ។​

​រដ្ឋាភិបាល​ឡាវ​ ក្រោម​ការ​ចង់​មាន​ចង់បាន​របស់​ក្រុមហ៊ុនមេ​ហ្គា​ហ្វើ​ស​ នៃ​ចំណែក​ភាគហ៊ុន​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ យល់​ថា​ ការ​សាងសង់​ទំនប់​នេះ​ស្ថិត​ក្នុង​អធិបតេយ្យ​នៃ​ប្រទេស​ឡាវ​ ។​ រដ្ឋាភិបាល​ឡាវ​អះអាង​ថា​ មិន​មាន​ផល​ប៉ះពាល់​អ្វី​អំពី​ការ​សាងសង់​ទំនប់​នេះ​ទេ​ ។​ ប៉ុន្តែ​យោង​តាម​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩៥​ នៃ​បណ្តា​ប្រទេស​ជា​សមាជិក​គណៈកម្មាធិការ​ទន្លេមេគង្គ​ កំណត់​ឲ្យ​បញ្ឈប់​ និង​សង​សំណង​ ប្រសិនបើ​រក​ឃើញ​មាន​ផល​ប៉ះពាល់​ឆ្លង​ដែន​ជាក់លាក់​ ។​ មាត្រា​៧​ចែង​ថា​ «​ការ​ទទួលខុសត្រូវ​សំណង​ដោយ​រដ្ឋ​ជា​ភាគី​»​ ។​

​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ ក៏​ដូច​ជា​ក្រុមហ៊ុនមេ​ហ្គា​ហ្វើ​ស​ មិន​ត្រឹមតែ​មិន​គោរព​លើ​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ​ សូ​ម្បី​តែ​សត្វ​,​ មច្ឆជាតិ​ក៏​មិន​មេត្តា​ ។​ ថ្មីៗ​នេះ​ នារី​អ្នកលក់​ស្រា​បៀរ​អង្គរ​ក៏​ធ្លាប់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​នេះ​ព្រោះតែ​ការ​មិន​គោរព​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា​នោះ​ដែរ​ ។​ ដូច្នេះ​ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​ដឹង​ថា​ ទុក្ខសោក​ដែល​នឹង​កើតឡើង​ ក្រោយ​ពេល​ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​កើតឡើង​ គឺ​ដោយសារ​តែ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ខេ​ម​ប្រ៊ូ​នេះឯង​៕​

014-WWF_protest_don_sahong_PP
lao-don-sahong-dam-map-600
DAM-RIVER-2