ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនMDS កំពុងដឹកឈើ ចេញពី ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ គេនៅចាំបានថា លោកឧកញ៉ា ទ្រី ភាព ម្ចាស់ក្រុមហ៊ុនទ្រី ភាពគ្រុប(MDS)ធ្លាប់ប្រកាសជាសាធារណៈ ថា ក្រុមហ៊ុនរបស់លោកបានផ្អាកបន្ទាប់ពីអាជ្ញាប័ណ្ណអស់សុពលភាព ប៉ុន្ដែសព្វថ្ងៃនេះគេឃើញមានរថយន្តធុនធ្ងន់ដឹកឈើអារគ្របតង់ជិតៗ ដឹកចេញពីស្រុកវាលវែងនៅពេលយប់ៗជារៀងរហូតយកទៅចែកចាយតាមស្តង់លក់ឈើនៅក្នុងខេត្តពោធិ៍សាត់ និងខេត្តជិតខាងផ្សេងៗផងដែរ ។ អ្នកដឹកជញ្ជូនឈើបានអះអាងថា គេេមានលិខិតស្នាមត្រឹមត្រូវមានពាក់មីរបស់ក្រុមហ៊ុន MDS ។

លោក ជា ប៊ុនលី នាយសង្កាត់រដ្ឋបាលព្រៃឈើក្រុងពោធិ៍សាត់ បានឱ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៦ ខែឧសភាថា រថយន្ត ដឹកឈើពិតជាដឹកចេញពីស្រុកវាលវែង ប្រាកដមែនហើយមានពាក់មីរបស់ក្រុមហ៊ុន MDS ត្រឹមត្រូវ ។

លោក ប៉ុល ចន្ថា នាយផ្នែករដ្ឋបាល ព្រៃឈើក្រគរបានឱ្យដឹងដែរថា ការដឹក ជញ្ជូនឈើដាក់តាមដេប៉ូក្នុងខេត្តពោធិ៍សាត់ គឺមានពាក់មីត្រឹមត្រូវពិតប្រាកដមែន ប៉ុន្ដែបើចង់ដឹងច្បាស់សួរទៅជំនាញរដ្ឋបាលព្រៃ ឈើស្រុកវាលវែង ។

លោក ង៉ែត ភូ នាយរងខណ្ឌរដ្ឋបាល ព្រៃឈើពោធិ៍សាត់ បានបញ្ជាក់តាមទូរស័ព្ទ ដែរថា បញ្ហាខាងលើនេះលោកមិនទាន់បានទទួលព័ត៌មានច្បាស់នៅឡើយទេ ដោយ លោកទើបមកធ្វើការនៅខណ្ឌប្រមាណ កន្លះខែប៉ុណ្ណោះ សូមសួរទៅលោកជា ហួត នាយផ្នែករដ្ឋបាលព្រៃឈើវាលវែង ។ ប៉ុន្ដែ អ្នកសារព័ត៌មានមិនអាចសុំការពន្យល់ពីលោក ជា ហួត បានទេដោយទូរស័ព្ទចូលគ្មាន អ្នកទទួល ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក ខូ រីដា អភិបាលរងខេត្តពោធិ៍សាត់ ក៏មិន អាចសុំការពន្យល់បានដែរ ដោយទូរស័ព្ទ របស់លោកតេមិនចូល ។
ពាក់ព័ន្ធនឹងបញ្ហាត្រូវបានគេសង្ស័យសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធឃុបឃិតគ្នាយកឈ្មោះក្រុមហ៊ុនទ្រីភាពគ្រុប MDS ធ្វើជាខែលដើម្បដឹកជញ្ជូនឈើតាមរយៈរថយន្តធុនធ្ងន់នៅពេលយប់ជារៀងរហូតមកខាងលើនេះអ្នកសារព័ត៌មានមិនអាចស្វែងរកការសុំពន្យល់បានទេពីតំណាងក្រុមហ៊ុន ៕

photo_2016-05-16_10-22-10

photo_2016-05-16_10-22-06
ដោយ៖ ប៉ឹម ពិន