ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអភិរក្សរកឃើញសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ចំនួន៩២ក្បាល

ភ្នំពេញ៖ ក្រុមអភិរក្សបានអះអាងថា សត្វផ្សោតទន្លេមេគង្គកម្ពុជាមានកំណើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបើទោះបីជាពួកវាមួយចំនួនបានងាប់ដោយសារសកម្មភាពមនុស្សនិងធម្មជាតិក្ដី ។

លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្ម ជាតិហៅកាត់ថា (WWF) ប្រចាំកម្ពុជា បានឱ្យដឹងថា ការសិក្សាទៅលើចំនួនសត្វផ្សោតទន្លេមេគង្គនាពេលចុងក្រោយនេះ បានបង្ហាញថា ពួកវាមានចំនួន៩២ក្បាល ដែលជាចំនួនមួយស្ថិតក្នុងកម្រិតជឿជាក់ បាន៩៥ភាគរយ ខណៈចំនួនប៉ាន់ប្រមាណ ស្ថិតនៅក្នុងចន្លោះពី៨០ទៅ១០៦ក្បាល ។

ការបង្ហាញពីចំនួនសត្វផ្សោតទន្លេមេ គង្គនេះគឺធ្វើឡើងបន្ទាប់ពីការសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៧ ដើម្បីកំណត់អត្ត សញ្ញាណសត្វផ្សោតក្នុងវ័យចំណាស់ និងការចាប់កំណើតរបស់សត្វផ្សោតថ្មី ដែល កំពុងប្រឈមនឹងការគំរាមកំហែងដោយសារសកម្មភាពមនុស្សនិងធម្មជាតិ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវសត្វផ្សោត ទន្លេមេគង្គនៅព្រឹកថ្ងៃចន្ទ ៩កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែ​មេសា ឆ្នាំ២០១៨ លោកសេង ទៀក បានបញ្ជាក់ថា កំណើន នៃចំនួនសត្វផ្សោតដែលត្រូវបានរក​ឃើញ​ថ្មីក្នុងរយៈពេល២ឬ៣ឆ្នាំ ម្តងនេះគឺផ្អែក​លើគំរូវិភាគទិន្នន័យទៅចំនួនសត្វផ្សោតដែលស្គាល់ភិនភាគសត្វផ្សោតធ្លាប់បាន ជួយសង្គ្រោះឱ្យរស់រានមានជីវិតអត្រានៃ កំណើនសត្វផ្សោតនិងការរកឃើញទៅលើកំណើននៃចំនួនសត្វផ្សោតដែលមិនទាន់កំណត់អត្តសញ្ញាណ ស្ថិតនៅក្នុងវ័យជំទង់ដោយទម្រង់នៃព្រុយខ្នងរបស់វានៅ​ល្អន​ៅ​ឡើយ ។

យោងតាមរបាយការណ៍របស់រដ្ឋបាលជលផលបានបង្ហាញថា ចំនួនសត្វផ្សោតដែលមិនទាន់កំណត់អត្តសញ្ញាណមាន ការកើនឡើងពីចំនួន១៣ក្បាល ក្នុងឆ្នាំ ២០១៥ ទៅ១៨ ក្បាល ក្នុងឆ្នាំ២០១៧ ក្នុងនោះកូនផ្សោតចំនួន១២ក្បាលត្រូវ បានកត់ត្រាក្នុងឆ្នាំ២០១៥ ចំនួន១១ក្បាល ត្រូវបានកត់ត្រាក្នុងឆ្នាំ២០១៦ និងកូន ផ្សោត ចំនួន៩ក្បាល ត្រូវបានកត់ត្រាក្នុងឆ្នាំ ២០១៧ ខណៈចំនួនសត្វផ្សោត១៧ក្បាល ត្រូវបានងាប់ក្នុងរយៈពេលដូចគ្នានេះ។

លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋ បាលជលផលបានមានប្រសាសន៍ថា លទ្ធផលដែលទទួលបាននៅ​ក្នុងឆ្នាំ​២០១៧ គឺជាសញ្ញាវិជ្ជមានក្នុងការស្តារ​ឡើងវិញនូវសត្វផ្សោតទន្លេមេគង្គសម្រាប់មនុស្សជំនាន់ក្រោយ ខណៈដែល​ប្រភេទ​សត្វផ្សោតដ៏កម្រនេះជាគោលដៅទេស​​ចរណ៍​​ដ៏​សំខាន់និងត្រូវបានចាត់ទុកជា សូចនាករនៃសុខភាពរបស់ប្រព័ន្ធទន្លេមេគង្គដែលប្រជាជនប្រមាណ៦០លាននាក់ កំពុងពឹងអាស្រ័យលើទន្លេនេះដើម្បីប្រកបរបរចិញ្ចឹមជីវិត។លោកបានបន្តថា កំណើន​​ ​នៃសត្វផ្សោត​នេះបានផ្តល់នូវក្តីសង្ឃឹមនិងកម្លាំងចិត្ត​ដល់​មន្ត្រីជ​លផលនិង​ដៃគូ​អភិ​រក្ស​​​រួមគ្នា​ខិត​​ខំ​​ក​ារ​ពារគ្រប់គ្រង​និងអភិ​រក្ស​បន្តទៀតសម្រាប់គោល​ដៅទេសចរណ៍​ធម្មជាតិ ខណៈដែលពួកវាកំពុងប្រឈម នឹងការគំរាមកំហែងដូចជាការជាប់មងនេសាទការ​បំពុល ការបោកគ្រាប់បែក​​កែច្នៃ​​ដើម្បី​ធ្វើ នេសាទខុសច្បាប់​ សកម្មភាព​នាវាចរណ៍និងការសាងសង់វារីអគ្គិសនី​ជាដើម ។

សត្វផ្សោតទន្លេមេគង្គត្រូវបានចាត់ជាផ្នែកមួយយ៉ាងសំខាន់នៃមរតកធនធាន ធម្មជាតិរបស់ប្រទេសកម្ពុជា ហើយក៏ជា សត្វមួយដែលប្រជាជនកម្ពុជាគោរពបូជានិងជាប្រភពផ្តល់ប្រាក់ចំណូលមួយដ៏ សំខាន់សម្រាប់សហគមន៍ដែលចូលរួម ក្នុងវិស័យទេសចរណ៍ធម្មជាតិ ។ ចាប់ពីឆ្នាំ​២០០៧ ដល់ឆ្នាំ២០១៧ អត្រាកំណើនជា​មធ្យមប្រចាំឆ្នាំនៃសត្វផ្សោតទន្លេមេគង្គ គឺមាន០.​៩៨​ភាគរយ រីឯអត្រាស្លាប់ប្រចាំឆ្នាំគិតជាមធ្យមវិញ គឺ២.០១ភាគរយ ។ បើប្រៀប ធៀបទៅនឹងរយៈពេលពីឆ្នាំ​២០០៧ ដល់​ឆ្នាំ២០១៣ អត្រាស្លាប់ប្រចាំឆ្នាំគិតជាមធ្យម គឺ៨ភាគរយ និង២.៤ភាគ​រយ ពីឆ្នាំ​២០០៧ ដល់ឆ្នាំ២០១៧ ។

យោងតាមរបាយការណ៍របស់អង្គការ WWF បានបញ្ជាក់ថា ថវិកាប្រមាណ៣៥ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ក្នុងនោះពីរាជរដ្ឋាភិបាលកម្ពុជាប្រមាណ១៤ម៉ឺនដុល្លារត្រូវ បានចំណាយសម្រាប់ការពារនិងអភិរក្សសត្វផ្សោតនៅទន្លេមេគង្គឱ្យមានកំណើន ឡើងវិញ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវអនុក្រឹត្យស្តីពីការគ្រប់គ្រងតំបន់អភិរក្ស និងការពារសត្វផ្សោត ដោយហាមប្រាមការប្រើប្រាស់មងនេសាទនៅ ក្នុងតំបន់ស្នូលនៃដែនជម្រករបស់សត្វ ផ្សោតដែលលាតសន្ធឹងប្រវែង១៨០គីឡូម៉ែត្រតាមបណ្តោយទន្លេមេគង្គចន្លោះពីទី រួមខេត្តក្រចេះនិងព្រំប្រទល់ប្រទេសឡាវ ក្នុងគោលបំណងការពារសត្វផ្សោតពីការជាប់ដោយចៃដន្យទៅនឹងមងនេសាទ ។

ជាមួយគ្នានេះមន្ត្រីឆ្មាំទន្លេក៏ត្រូវបាន ដាក់ប្រចាំការនៅប៉ុស្តិ៍ល្បាតចំនួន១៧ដើម្បីអនុវត្តអនុក្រឹត្យនេះព្រមទាំងលិខិត បទដ្ឋានគតិយុត្តិផ្សេងៗទៀតដែលពាក់ ព័ន្ធទៅនឹងការការពារនិងអភិរក្សធនធាន ជលផល ៕ សូរិយា