ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកបើកបនល្បែងភ្នាល់បាល់អនឡាញ និងល្បែងកន្ទុយលេខ​ ១២នាក់ ត្រូវតុលាការសម្រេច ឃុំខ្លួន៧នាក់ ដោះលែង៥នាក់

ភ្នំពេញ៖​ បន្ទាប់ពីមានអ្នករត់ការឲ្យមានការដោះលែងក្រុមអ្នកបើកបនល្បែងភ្នាល់បាល់អនឡាញ និងល្បែងកន្ទុយលេខ​ ១២នាក់ បន្ទាប់ពីនគរបាលខណ្ឌទួលគោកឃាត់ខ្លួន នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យជនត្រូវចោទប្រុស-ស្រី៥នាក់ ក្នុងចំណោម១២នាក់ ឲ្យវិលទៅផ្ទះវិញ ក្រោមហេតុផលបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ ។

មន្រ្តីនគរបាលខណ្ឌទួលគោក បានបញ្ជាក់ថា ដោយឡែកជនត្រូវចោទប្រុសស្រីចំនួន៧នាក់ ត្រូវបានលោក ឌុច សុខសារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកា បង្គាប់ឲ្យដាក់ពន្ធនាគាររង់ចាំសេចក្តីសម្រេចក្តីពេលក្រោយ ។

នគរបាលខណ្ឌទទួលគោក បានបន្ថែមថា ក្រុមជនត្រូវចោទប្រុសស្រីទាំង១២នាក់ ត្រូវបានលោក សឿ ឡងឌី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ ពាក់ព័ន្ធបទល្មើសបើកបនល្បែងភ្នាល់បាល់អនឡាញ និងល្បែងកន្ទុយលេខ រួចបានបញ្ជូនរឿងទៅលោក ឌុច សុខសារិន ជាចៅក្រមស៊ើបសួរដើម្បីសម្រេចតាមនីតិវិធី ។

គួររំលឹកថា កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក និងដោយមានការអនុញ្ញាត ដោយផ្ទាល់មាត់ពីលោក សឿ ឡងឌី បានចុះបង្រ្កាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់បាល់អនឡាញ កត់ឆ្នោតកន្ទុយលេខ ឆ្នោតវៀតណាម នៅចំណុចទីតាំងផ្ទះលេខ៣ ផ្លូវលេខ២៣១ ក្រុម១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្នុងការបង្ក្រាប សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស បានចំនួន១២នាក់ ក្នុងនោះមានស្រី៦នាក់ ដោយមានភ្នាក់ងារស៊ីសងចំនួន៨នាក់ (ប្រុស២នាក់) និងអ្នកលេង៤នាក់ និងដកហូតយកវត្ថុតាងពាក់ព័ន្ធនឹងល្បែងមួយចំនួន ។

វត្ថុតាងចាប់យក រួមមានពាក់ព័ន្ធនឹងឆ្នោតកន្ទុយលេខវៀតណាម, ក្រដាសកត់ឆ្នោត២៣សន្លឹក, ត្រាចុះថ្ងៃខែចំនួន៤, ម៉ាស៊ីនគិតលេខ២, ប្រាក់រៀលចំនួន ១៦៦៩០០០ រៀល និងប្រាក់ដុល្លារ ១៥៣ដុល្លារ ។

វត្ថុតាងចាប់យកល្បែងភ្នាល់បាល់រួមមាន ម៉ូនីទ័រចំនួន១៥ គ្រឿង, ឃីបតចំនួន១៣ គ្រឿង, ម៉ៅចំនួន១៥ គ្រឿង , ម៉ាស៊ីនព្រីន បុងបាល់ចំនួន០៣គ្រឿង , ម៉ាស៊ីនព្រិនក្រដាសចំនួន១គ្រឿង, ប្រាក់រៀលចំនួន ៧២៥០០រៀល, ម៉ាស៊ីន DVR ផ្ទុករូបភាព១គ្រឿង៕ស​ តារា