ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមឧទ្ទាមតាលីបង់វាយប្រហារសណ្ឋាគារជនបរទេស ជាយក្រុងកាប៊ូល អាហ្វហ្គានីស្ថាន

មន្ត្រីអាហ្វហ្គានីស្ថានបានបញ្ជាក់ថា រថយន្តធុនធំផ្ទុកដោយរំសេវជាតិផ្ទុះយ៉ាងច្រើនរបស់ក្រុមឧទ្ទាមតាលីបង់បានបើកទម្លុះចូលទៅកាន់សណ្ឋាគារមួយកន្លែងសម្រាប់ជនបរទេសស្នាក់នៅ ស្ថិតនៅជាយក្រុងកាប៊ូល កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារសម្លាប់រង្គាលមិនធ្លាប់មាននៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថានក្នុងរយពេល១៥ឆ្នាំកន្លងមក ។

គេនៅមិនទាន់ដឹងពីកម្រិតគ្រោះថ្នាក់បណ្តាលឲ្យបាត់បង់ជីវិតដោយសារហេតុការណ៍វាយប្រហារសណ្ឋាគារ Northgate Hotel នេះឡើយ ខណៈដែលហេតុការណ៍នេះបានកើតឡើងនៅជិតបន្ទាយកងទ័ពជើងអាកាសអាមេរិក Bagram ក្នុងទីក្រុងកាបូលនោះ ។

ក្រុមសន្តិសុខអាហ្វហ្គានីស្ថានបានបញ្ជាក់ប្រាប់ AFP ថា រថយន្តផ្ទុកដោយសារធាតុផ្ទុះយ៉ាងច្រើនបើកបំបុកចូលទៅកាន់សណ្ឋាគារ ។ ក្រុមសន្តិសុខមិនបានបញ្ជាក់ប្រាប់ព័ត៌មានលម្អិតជាងនេះឡើយ ។

ក្រុមតាលីបង់បានបញ្ជាក់ថា រថយន្តនោះបានបើកនាំផ្លូវក្រុមសកម្មប្រយុទ្ធរបស់ពួកគេ ចូលទៅកាន់អគារនៃសណ្ឋាគារ ដែលក្រុមរបស់ពួកគេបានប្រដាប់ដោយគ្រាប់បែកដៃ និងកាំភ្លើងធុនតូច​ដើម្បីវាយប្រហារនៅទីនោះ ។ ក្រុមនេះអះអាងថា ក្រុមឈ្លានពានអាមេរិកជាង១០០នាក់ត្រូវបានសម្លាប់ និងរងរបួស នៅក្នុងការវាយប្រហារខាងលើ ។

ប្រភពប៊ីប៊ីស៊ីបានផ្សព្វផ្សាយដោយដកស្រង់ប្រភពពីស្នងការប៉ូលិសក្រុងកាប៊ូលបញ្ជាក់ថា មានតែមន្ត្រីប៉ូលិសម្នាក់ប៉ុណ្ណោះ បានបាត់បង់ជីវិត និងម្នាក់ផ្សេងទៀតរងរបួស ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ ស្ថិតនៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន គ្រាប់បែកពីរគ្រាប់ត្រូវបានជនវាយប្រហារបំផ្ទុះឡើងបណ្តាលឲ្យស្លាប់មនុស្ស៨០នាក់ ដែលនេះជាសកម្មភាពវាយប្រហារសម្លាប់រង្គាលបំផុតមិនធ្លាប់មាន ចាប់តាំងពីក្រុមឧទ្ទាមតាលីបង់ត្រូវបណ្តេញចេញពីអំណាចក្នុងឆ្នាំ២០០១រហូតមក ៕ ថាច់ យ៉ាត

dwe

347268_46338650