ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​ចោរ​​៤​នាក់​ជិះ​ម៉ូតូ​​២​គ្រឿង ប្រដាប់​ដោយ​កាំភ្លើងខ្លី​​តាម​ស្ទាក់ផ្លូវនិង​បាញ់​​៣​គ្រាប់​គំរាម​​ប្លន់​យក​ម៉ូតូបុរស​ម្នាក់ជា​ចុងភៅ បានសម្រេច

ភ្នំពេញ ​៖​ បុរសម្នាក់ដែល​ជា​ចុងភៅ បានបាត់បង់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ឆ្នាំ២០១៨ ​ខណៈដែល​ក្រុម​ចោរ​​៤​នាក់​ជិះ​ម៉ូតូ​​២​គ្រឿង ប្រដាប់​ដោយ​កាំភ្លើង​ជិះ​​ដេញ​តាម​ស្ទាក់ផ្លូវ និង​បាញ់​​៣​គ្រាប់​ គំរាម​​ប្លន់​យក​ម៉ូតូបាន​សម្រេច ហើយជិះ​​គេចខ្លួន​ដោយ​សុ​វត្តិភាព​ ។ ប៉ុន្តែមិនបង្កឲ្យ​បុរសរងគ្រោះ​​​រង​របួសនោះទេ ។

ករណីប្លន់ម៉ូតូខាងលើនេះ​ បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលងអ​ធ្រាត្រ ចូលឈានចូលថ្ងៃ​ចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ២០១៨ ​​ស្ថិត​នៅ​តា​មបណ្ដោយលេខ២៨៩ ទល់មុខសាលា​បឋម​សិក្សា​ទួល​គោក ​សង្កាត់​​បឹង​កក់​ទី​១ ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ។

យោងតាមសម្តីជនរងគ្រោះជា​​ម្ចាស់ម៉ូតូ​ឈ្មោះ ធី ថា​ន ​​អាយុ​២៥​ឆ្នាំ ​​មុខរបរ​ចុងភៅ​ភោជនីយដ្ឋាន តុង ហ្វា​យៀន មាន​លំនៅ​ផ្ទះ​លេខ ៣០​ផ្លូវ ២៨៩​សង្កាត់​បឹង​ក​កក់​ទី​១​ ខណ្ឌទួលគោក ។​ ចំណែកម៉ូតូ​ដែល​​ត្រូវ​ក្រុម​ចោរប្លន់យកទៅបាត់នោះ ​​ម៉ាក​ហុងដាឌ្រី​ម សេ១២៥ ពណ៌​ខ្មៅ សេរីឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​កំពង់ចាម១R-៧៧២៦ ។

បើតាមប្រភព​ព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បាន​​ឲ្យដឹង​ថា ​​មុន​ពេល​កើតហេតុ គឺ​ជន​រង​គ្រោះបានចេញពី​ហាងដែលខ្លួនធ្វើការ ក្នុង​គោលបំណង​ជួន​ប្អូនប្រុស​ទៅ​ផ្ទះ ។លុះជិះមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ តាម​មក​​ពីក្រោយ និង បាន​ប្រើ​ល្បិច​ជា​ស្រែក​បបួលជនរងគ្រោះ​វាយ​គ្នា ។​ ភ្លាមនោះដោយ​មានការ​ភ័យខ្លាច​ ជន​រង​គ្រោះបាន​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ ដើម្បីត្រលត់មក​ហាង​ដែលខ្លួនធ្វើការវិញ​ ស្ថិត​នៅ​មុខសាលា​បឋម​សិក្សា​ទួល​គោក ប៉ុន្តែ​ក្រុម​ជនសង្ស័យបាន​ជិះ​ម៉ូតូ​ដេញ​តាម​ស្ទាក់ផ្លូវ និងដកកាំភ្លើងភ្ជង់​ជនរងគ្រោះ ហើយ​បាញ់​​៣​គ្រាប់ដើម្បីគំរាម​​ប្លន់​យក​ម៉ូតូបានសម្រេច រួច​ជិះ​គេចខ្លួន​បាត់ដោយសុវត្ថិភាពមិនរំខានដល់ដំណេករបស់សមត្ថកិច្ចប៉ុស្តិ៍បឹងកក់ទី១ នោះទេ ។

​​ក្រោយកើតហេតុ​ជន​រង​គ្រោះ បាន​ត្រឹមតែទៅ​ដាក់​ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍បឹងកក់ទី១ ខណ្ឌទួលគោក ដើម្បីឲ្យសមត្ថកិច្ច​ជួយអន្តរាគមន៍នឹងស្រាវជ្រាវស្វែងរកក្រុមចោរប្លន់ទាំងនោះ​តាម​រយៈកា​មេរ៉ា​សុ​វត្ថិភាព ដែលនៅក្បែរកន្លែងកើតហេតុ យកមកដាក់ទោសតាមច្បាប់ ​៕ស តារា