ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​ឈ្មួញ​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូនពី​តំបន់​សហគមន៍​ព្រៃឈើ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័​ន្តដោយ​គ្មាន​ញញើត

ខេត្តឧត្តរមានជ័យ៖ ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ក្រុម​ឈ្មួញ​បាន​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​សហគមន៍​ព្រៃឈើ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ព្រៃឈើ​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ សមាជិក​សហគមន៍​ព្រៃឈើ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ល្អៗ​ប្រភេទ​ធ្នង់​គគីរ សុ​ក្រំ និង​ឈើ​សម្រាប់​សំណង់​លំនៅដ្ឋាន​ជាច្រើន​ប្រភេទ​ទៀត​កំពុង​ត្រូវ​ឈ្មួញ​កាប់រំលំ​អារច្រៀក​និង​ដឹកជញ្ជូន​ចេញពី​ព្រៃ​យ៉ាង​រលូន ព្រោះ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ទេ​។ លោក អ៊ឹម សា​វរិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ គិតតែ​ពី​រឿង​ប្រមូល​ផលប្រយោជន៍​ផ្ទាល់ខ្លួន ចំណែក​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ គិតតែ​ពី​រឿង​ប្រមូល​លុយ​ផ្គាប់ចិត្ត​ប្រពន្ធចុង​វ័យក្មេង​ជា​ជនជាតិ​យួន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​ពួកគាត់​បានឃើញ​ឈ្មួញ​ចូលធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ចំណុច​តំបន់​សហគមន៍​ព្រៃឈើ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត ហើយ​ដឹកជញ្ជូន​ចេញ​តាម​រថយន្ត​យី​ឌុប​ធុន​ធំ​មួយគ្រឿង​យកមក​ដាក់​ទុក​នៅ​ចំណុច​២​កន្លែង​ផ្សេងគ្នា​ក្នុងភូមិ​ភ្នៀ​ត សង្កាត់​សំរោង ក្រុង​សំរោង ដើម្បី​លក់​ចែកចាយ​បន្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បទល្មើស​ព្រៃឈើ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក ខន ខែម នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សំរោង ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​និង​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​។ ផ្ទុយទៅវិញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឃុបឃិត​គ្នា​បណ្ដោយ​ឲ្យ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​តែម្តង​។

ចំណែក​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មកដល់ពេលនេះ​ឈ្មួញ​ឈ្មោះ រិ​ទ្ធ និង​ឈ្មួញ​ឈ្មោះ ឆាយ នៅតែ​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ហើយ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ យ៉ាង​រាលដាល​ព្រោះ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ការដែល​ឈ្មួញ​ឈ្មោះ ឆាយ និង​ឈ្មួញ​ឈ្មោះ រិ​ទ្ធ ហ៊ាន​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ យ៉ាង​គឃ្លើន​គឺ​ដោយសារ​អាង​មាន​លោក អ៊ឹម សា​វរិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ ជា​បង្អែក​រឹងមាំ​នៅ​ពី​ក្រោយខ្នង​។ លើស​នេះ​ទៅទៀត​ឈ្មួញ​ជនជាតិ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ ក៏​នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​គ្រញូង​ដឹក​ចេញពី​ខេត្តឧត្ដរមានជ័យ យ៉ាង​រលូន​ផងដែរ​ព្រោះ​មាន​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ និង​លោក អ៊ឹម សា​វរិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ ជា​អ្នក​ជួយ​សម្របសម្រួល​បើកផ្លូវ​ប្រកបដោយ​ប្រសិទ្ធភាព​៕ ប៉ែន នួន