ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​យុវជន​ធ្វើ​ចលនា​អនាម័យ​នៅ​រមណី​ដ្ឋា​ន​បឹង​កន្សែង​ ក្រុង​បាន​លុង​

​ខេត្តរតនគិរី​៖​ ​នា​ព្រឹក​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៦​ ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​សហការ​ជាមួយ​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​អន្តេវាសិកដ្ឋាន​បាន​លុង​ ប្រមាណ​ជាង​៥០០​នាក់​ បាន​រួម​គ្នា​ធ្វើ​យុទ្ធនាការ​សំអាត​ អនាម័យ​ បរិស្ថាន​ជុំវិញ​បរិ​វេន​បឹង​កន្សែង​ ស្ថិត​នៅ​ក្នុង​ក្រុង​បាន​លុង​ ខេត្តរតនគិរី​ ។​ ការ​ធ្វើ​យុទ្ធនាការ​នេះ​ជា​ការ​ផ្តួចផ្តើម​គំនិត​ដោយ​ឯកឧត្តម​ថង​ សា​វុន​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ និង​ជា​អភិបាលខេត្ត​រតនគិរី​ ។​

​សកម្មភាព​សំអាត​អនាម័យ​បរិស្ថាន​ ជា​ពិសេស​រមណី​ដ្ឋា​ន​បឹង​កន្សែង​នេះ​ ក្នុង​គោលបំណង​ឲ្យ​រមណី​ដ្ឋា​ន​ដ៏​មាន​ប្រជាប្រិយ​មួយ​នេះ​មាន​សោ​ភណ្ឌ​ភាព​ បរិស្ថាន​ស្អាត​ល្អ​ ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​លេង​កម្សាន្ត​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ មួ​ង​ មក​រា​ តំណាង​សហភាព​សហព័ន្ធ​យុវជន​ខេត្ត​ ។​

​លោក​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ដោយ​មានការ​ណែនាំ​ និង​យកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត​ ក្នុង​នាម​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​ខេត្ត​ផង​ និង​ក្នុង​នាម​អាជ្ញាធរ​ផង​ ឯកឧត្តម​អភិបាលខេត្ត​បាន​ចំ​រុញ​ឲ្យ​ក្រុម​យុវជន​បង្ក​ចលនា​សំអាត​ អនាម័យ​បរិស្ថាន​នៅ​រមណី​ដ្ឋា​ន​បឹង​កន្សែង​ ហើយ​វា​ក៏​ជា​ចលនា​មួយ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ អាជីវករ​ យុវជន​ ទាំងអស់​ចូលរួម​គ្នា​ក្នុង​ការ​ការពារ​បរិស្ថាន​ ពិសេស​គឺ​ការ​ទុកដាក់​សម្រាម​នៅ​តាម​ទីកន្លែង​សាធារណៈ​នានា​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ​ ។​

​យុវជន​ ដែល​បាន​ចូលរួម​ជាមួយ​សកម្មភាព​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ទុកដាក់​សម្រាម​មិនមែន​ជា​រឿង​លំបាក​នោះ​ទេ​ប្រសិនបើ​យើង​មាន​ឆន្ទៈ​ចង់​ធ្វើ​ ចង់​ចូលរួម​សំអាត​បរិស្ថាន​ ។​ ពួក​គេ​បន្ត​ថា​ យើង​គួរ​ចូលរួម​គ្នា​ទទួលខុសត្រូវ​ម្នាក់​បន្តិចៗ​នោះ​បរិស្ថាន​យើង​នឹង​លែង​មាន​ថង់​ប្លា​ស្ទិ​ក​ហោះហើរ​ពាស​វាល​ពាស​កាល​ទៀត​ហើយ​ ៕​ អ៊ុ​ច​ សា​វុ​ទ្ធ​

ratss (3)

ratss (2)

ratss (1)