ភ្នំពេញ៖ បុរសអ្នករត់កង់បីម្នាក់ត្រូវនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ឃាត់ខ្លួន ខណៈកំពុងផឹកស៊ីរួចបង្កជម្លោះ រករឿងក្នុងវង់ជាមួយគ្នា ដោយប្រើបំពង់ទីប និងកាំបិត គំរាមកាប់ និងវាយដុំ នៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ នៅក្រោយស្ពានអាកាសក្បាលថ្នល់ ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនបង្កជម្លោះមានឈ្មោះ ទុំ រ៉ាម៉ូ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន ឯជនរងគ្រោះក្នុងករណីនេះមាន ឈ្មោះ ជួប ចាន់ អាយុ៣១ឆ្នាំ ជាអ្នករត់កង់បីដូចគ្នា មានស្រុកកំណើត នៅភូមិត្រពាំងថ្លាន់ ឃុំប្រក់ភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត ។
បើតាមសាក្សីក្នុងក្រុមអ្នករត់ម៉ូតូកង់បីជាមួយគ្នានៅកន្លែងកើតហេតុបានរៀបរាប់ពីដំណើររឿងជម្លោះថា នៅមុនពេលកើតហេតុ ខណៈជនរងគ្រោះ ជួប ចាន់ កំពុងរត់ម៉ូតូកង់បី បានឆ្កែងាប់មួយក្បាល ដែលរថយន្តបុក រួចយកមកធ្វើ ហើយនាំគ្នាផឹកស៊ីនៅខាងក្រោមស្ពានអាកាសក្បាលថ្នល់ ជិតមន្ទីរពេទ្យបាយ័ន្ត ខណៈកំពុងផឹកស៊ីនោះ ជនបង្ក ទុំ រ៉ាម៉ូ ក៏បើកកង់បីមកតាមផ្លូវនោះ ក៏ត្រូវអ្នកក្នុងវង់ផឹកស៊ីនោះស្រែកហៅបបួលមកផឹកជាមួយគ្នា ។
តាមសាក្សីបានបន្តទៀតថា នៅម៉ោងប្រមាណ២រសៀល ខណៈកំពុងផឹកនោះ ឈ្មោះ ទុំ រ៉ាម៉ូ ក៏មានជម្លោះជា មួយអ្នកផឹកស៊ីម្នាក់ទៀត រួចក៏ទាញទីបរកវាយ ហើយពេលនោះបុរសម្នាក់នោះក៏បានរត់ចេញទៅបាត់ ខណៈនោះ ជនរងគ្រោះឈ្មោះ ជួប ចាន់ ក៏បាននិយាយថា ឃើញទេថាកុំឲ្យហៅវាមកផឹកនាំរឿងចឹង ឥឡូវមានរឿងមែន គ្រាន់តែឮដូចនេះ ជនបង្កក៏ខឹង រួចក៏យកបំពង់ទីប រកវាយ ប៉ុន្តែត្រូវបានជនរងគ្រោះគេចខ្លួនទាន់។ ក្រោយបង្កជម្លោះ ក៏បានបែកផ្លូវគ្នា រត់ម៉ូតូកង់បីជាធម្មតា ប៉ុន្តែជនបង្កនៅតែមិនអស់ចិត្ត រួចក៏មករករឿងជនរងគ្រោះ ដោយមានកាំបិត នៅក្នុងដៃក៏យកកាំបិតកាប់ក្បាលជនរងគ្រោះ ភ្លាមៗនោះ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ច ទើបឈានដល់ការឃាត់ខ្លួន ។
បើតាមករណីនេះ ភាគីជនរងគ្រោះបានបញ្ជាក់ថា មិនចង់រករឿងវែងឆ្ងាយនោះទេ ពោលគឺគ្រាន់តែឲ្យជនបង្ក ធ្វើការសុំទោស និងធ្វើកិច្ចសន្យា ឈប់ប្រព្រឹត្តរឿងនេះតទៅទៀត ដើម្បីបញ្ចប់ជម្លោះ និងរឿងរ៉ាវ ប៉ុន្តែខាងជនបង្ក ហាក់ដូចជាមិនព្រម និងរឹងទទឹង ខណៈរូបគេនៅមិនទាន់ស្វាងស្រានៅឡើយ ។
បច្ចុប្បន្ននេះ ជនបង្កត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ៕