ព័ត៌មានទាន់ហេតុការណ៍៖

ក្រូ​អាតមាន​ស្ដ្រី​ប្រធានាធិបតី​ដំបូង​គេ​បង្អស់​

​លោកស្រី​ Kolina​ Grabar-Kitarovic​ មក​ពី​គណបក្សប្រឆាំង​បាន​ក្លាយជា​ប្រធានាធិបតី​ស្រី​ដំបូង​គេ​បង្អស់​ ក្នុង​ប្រទេស​ ក្រូ​អាត​ ក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​១១​ ខែមករា​ ដោយ​មាន​សំឡេង​គាំទ្រ​ប្រកៀក​ប្រកិត​គ្នា​ ។​

​សារព័ត៌មាន​ AFP​ បាន​ដកស្រង់​ព័ត៌មាន​ពី​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​បានឱ្យ​ដឹង​ថា​ លោកស្រី​ Kolina​ Grabar-Kitarovic​ ទទួល​បាន​សំឡេង​គាំទ្រ​៥០,៤​ភាគរយ​ ចំណែក​គូប្រជែង​របស់​ លោកស្រី​ ទទួល​បាន​សំឡេង​គាំទ្រ​ប្រកៀក​ ប្រកិត​ ៤៩,៦​ភាគរយ​ ។​

​បើ​ទោះបី​ប្រធានាធិបតី​ក្រូ​អាត​មិន​កាន់​អំណាច​សម្រេច​សេដ្ឋកិច្ច​នយោបាយ​ជាតិ​ ប៉ុន្ដែ​បេក្ខភាព​ប្រធានាធិបតី​ បាន​សន្យា​នឹង​ជំរុញ​ឱ្យ​សេដ្ឋកិច្ចជាតិ​ងើបឡើង​វិញ​ ក្រោយ​ប្រឈម​នូវ​វិបត្ដិ​តាំងពី​ ឆ្នាំ​២០០៨​ រហូត​មក​ទល់​ពេល​នេះ​ ។​

​ជាមួយនឹង​ជ័យជម្នះ​ខាងលើ​ ប្រមុខ​ដឹកនាំ​គណបក្ស​ NDZ​ ដឹកនាំ​ដោយ​ លោកស្រី​ Kolina​ Grabar-Kitarovic​ នឹង​ ក្លាយជា​ប្រធានាធិបតី​ស្រី​ដំបូង​ក្នុង​ប្រទេស​នេះ​ ។​ ក្រូ​អាត​ ជា​សមាជិក​ថ្មី​បំផុត​របស់​ សហគមន៍​អឺរ៉ុប​ដោយ​ប្រទេស​នេះ​ចូល​ ជា​សមាជិក​អឺរ៉ុប​នៅ​ខែកក្កដា​ ២០១៣​ ។​ ក្រូ​អាត​ជា​ប្រទេស​សំខាន់​មួយ​ក្នុង​តំបន់​ អឺរ៉ុប​ ក៏​ដូច​ជា​ណា​តូ​ ។​ មន្ដ្រី​ក្រូ​អាត​ធ្លាប់​កាន់​តំណែង​ជា​មន្ដ្រីជាន់ខ្ពស់​របស់​អង្គការ​ណា​តូ​ ។​

​បើ​ទោះបី​អំណាច​របស់​ប្រធានាធិបតី​មាន​កម្រិត​ ប៉ុន្ដែ​ជ័យជម្នះ​នេះ​ អាច​ជួយ​ដល់​គណបក្ស​របស់​លោកស្រី​ ដណ្ដើម​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​សភា​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ ៕​

mgkwtq0f