ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយគណៈប្រតិភូ អ.ស.ប ទៅត្រួតពិនិត្យ លោកស្រីអ៊ុងសាន ស៊ូជី បានប្រកាសទទួលយកជនភៀសខ្លួន

នៅពេលនេះលោកស្រីអ៊ុងសាន ស៊ូជី បានប្រកាសសាជាថ្មីថា រដ្ឋាភិបាលមីយ៉ាន់ ម៉ា មិនបានបោះបង់ក្រុមជនជាតិរ៉ូហីុងយ៉ានោះឡើយ។ នៅពេលនេះដែរ លោកស្រីបានប្រកាសថាបានត្រៀមខ្លួនដើម្បីទទួលក្រុមជនជាតិរ៉ូហីុងយ៉ាមកវិញ។

ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី អ៊ុង សាន ស៊ូជី បានគូសបញ្ជាក់ម្តងទៀត ពី ការត្រៀមលក្ខណៈរួចជាស្រេចរបស់រដ្ឋាភិបាលលោកស្រី ដើម្បីទទួលយកជនភៀស ខ្លួន ដែលបានរត់ចេញពីវិបត្តិនៅរដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើង ទៅកាន់ប្រទេស បង់ក្លាដែស បន្ទាប់ពីមានការផ្ទៀងផ្ទាត់ ក៏ដូចជាត្រួតពិនិត្យត្រឹមត្រូវ ហើយលោកស្រីក៏បានអំពាវនាវឲ្យមានកិច្ចសហប្រតិ បត្តិការ ជាមួយភាគីបង់ក្លាដែស ដើម្បី ពន្លឿនដំណើរការនៃការធ្វើមាតុភូមិនិវត្តន៍នេះផងដែរ។ នេះបើតាមសេចក្តីប្រកាស របស់ក្រសួងការបរទេសមីយ៉ាន់ម៉ា ដក ស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃអង្គារ ទី១ ខែឧសភា ឆ្នាំ ២០១៨។

បើតាមក្រសួងខាងលើ លោកស្រី អ៊ុងសាន សូ៊ជី បានធ្វើការបញ្ជាក់បែបនេះ នៅក្នុងឱកាសលោកស្រី បានជួបពិភាក្សា ជាមួយគណៈប្រតិភូ នៃតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាតិ, តំណាងមកពីប្រទេសជិតខាងមីយ៉ាន់ម៉ាប្រចាំអង្គការ សហប្រជាជាតិ, ប្រធានសមាគមប្រជា ជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហ ប្រជាជាតិ (UNSC) នៅឯទីក្រុងណៃពិដោនាវេលាយប់ថ្ងៃចន្ទកន្លងមកនេះ។

គួរជម្រាបថា កាលពីខែវិច្ឆិកាឆ្នាំមុន មីយ៉ាន់ម៉ា បានចុះហត្ថលេខាជាមួយបង់ ក្លាដែស ជុំវិញការវិលត្រឡប់មកវិញនៃជនភៀសខ្លួន ដែលបានរត់ទៅបង់ក្លាដែស កាលនោះបានប្រកាសថា នឹងចាប់ផ្តើម ដំណើរការនៃការធ្វើមាតុភូមិនិវត្តន៍នៃជនទាំងនោះ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៨ នេះយ៉ាងណាមិញ វាកំពុងស្ថិតក្រោមការពន្យារពេលដដែល រហូតដល់ មកទល់ពេលនេះ ដោយសារហេតុផលជា ច្រើន។

គួរបញ្ជាក់ផងដែរថា អំពើហិង្សាដែលបានផ្ទុះឡើងនៅក្នុងរដ្ឋ Rakhine នៃ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៧ បានបង្ខំឲ្យប្រជាជន នៅទីនោះ ដែលភាគច្រើនសុទ្ធតែជាជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា រាប់សែននាក់ រត់ភៀសខ្លួនទៅកាន់ព្រំដែន និងចូលទៅ ក្នុងប្រទេសបង់ក្លាដែស។

បន្ទាប់ពីប្រទេសបង់ក្លាដែស គណៈ ប្រតិភូនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបន្តដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ដំណើរទស្សនកិច្ចនៅបង់ក្លាដែស និងមីយ៉ាន់ម៉ាបានធ្វើឡើងនៅក្នុងបរិបទនៃវិបត្តិរ៉ូហ៊ីងយ៉ាដែលជាជនជាតិភាគតិចកាន់សាសនាអ៊ិស្លាមរស់ក្នុងប្រទេសមីយ៉ាន់ម៉ា។ តែមានជនជាតិភាគតិចមួយនេះជិត ៧០០.០០០នាក់បានរត់ភៀសខ្លួនទៅជ្រកកោនក្នុងទឹកដីប្រទេសបង់ក្លាដែសដើម្បីគេចពីការធ្វើទុក្ខបុកម្នេញរបស់មីយ៉ាន់ម៉ា។ អង្គការសហប្រជាជាតិបានចាត់ទុកទង្វើរបស់កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាថា ជាការបោសសម្អាតជាតិពន្ធុ តែរដ្ឋាភិបាលក្រុងណៃពីដោតែងចេញមុខបដិសេធ។

នៅក្នុងប្រទេសបង់ក្លាដែស គណៈ ប្រតិភូនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានមន្រ្តីទូតចំនួន ២៦ នាក់មកពី ១៥ប្រទេសបានទៅទស្សនាជំរំដែលពលរដ្ឋរ៉ូហ៊ីងយ៉ាកំពុងរស់នៅ ព្រមទាំងជួបសំណោះសំណាលជាមួយពួកគេជាច្រើននាក់។ បន្ទាប់មក គណៈប្រតិភូក៏បានទទួលជួបដោយលោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដែសឆែក ហាស៊ីណា។ ចំណែកនៅ ក្នុងប្រទេសមីយ៉ាន់ម៉ា គណៈប្រតិភូចូល ជួបសន្ទនាជាមួយលោកស្រីអ៊ុងសាន ស៊ូជីដែលមានតួនាទីជាទីប្រឹក្សារដ្ឋ និងជារដ្ឋ មន្រ្តីក្រសួងការបរទេស បន្ទាប់មក គណៈប្រតិភូត្រូវបានរដ្ឋអំណាចមីយ៉ាន់ម៉ា អនុញ្ញាតឲ្យជិះឧទ្ធម្ភាគចក្រហោះឆ្វែល មើលស្ថានភាពក្នុងរដ្ឋរ៉ាឃីន។

ឯកអគ្គរាជទូតនៃប្រទេសគុយវ៉ែត ប្រចាំអង្គកាសហប្រជាជាតិដែលស្ថិតក្នុងចំណោមប្រតិភូទាំង ២៦នាក់បានថ្លែងថា បេសកកម្មរបស់ក្រុមប្រឹក្សាសន្តិសុខពេលនេះមិនមែនដើម្បីដាក់ការអៀនខ្មាសលើ មីយ៉ាន់ម៉ា ទេ តែដើម្បីបង្ហាញពីឆន្ទៈចូល រួមដោះស្រាយវិបត្តិ ពិសេសជួយរៀបចំការវិលត្រឡប់ចូលមីយ៉ាន់ម៉ាវិញរបស់ពលរដ្ឋរ៉ូហ៊ីងយ៉ា។ អង្គការសហប្រជាជាតិបានយល់ឃើញថាខណៈនេះ លក្ខខណ្ឌនៃការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋរ៉ូហ៊ីងយ៉ាពីបង់ក្លាដែសចូលមីយ៉ាន់ម៉ា វិញនៅមិនទាន់ ពេញលេញនៅឡើយទេ៕ ម៉ែវ សាធី